ជាតិ
វប្បធម៌៖ វិចិត្រករ​ខ្មែរ​ម្នាក់​ប្រើ​ទេ​ព្យ​កោសល្យ​អប់រំ​សង្គម​ក្នុង​ពហុ​វិស័យ
15, Sep 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោក ឈឹម សុធី គឺជា​វិចិត្រករ និង​ជាជាង​ចម្លាក់ ដែល​គួរ​ឲ្យ​កោត​ស​សើរ។ កន្លងទៅ​ស្នាដៃ​របស់លោក​ជាច្រើន​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស។


មាន​ស្រុកកំណើត​នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល លោក ឈឹម សុធី បាន​ឆ្លងកាត់​ការឈឺចាប់ និង​ទុក្ខវេទនា​ជាច្រើន ក្នុងការ​រស់រាន​ជីវិត​នា​របប​ខ្មែរក្រហម។ ដូចគ្នា​ទៅនឹង​គ្រួសារ​កម្ពុជា​ជាច្រើន លោក​បាន​បាត់បង់​ឪពុក​ម្នាក់ និង​បងប្អូន​បង្កើត​ពីរ​នាក់​នៅក្នុង​របប​នេះ។
 
លោក ឈឹម សុធី ជា​សិល្បករ​សហ​សម័យ​ម្នាក់ នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​មូ​យ​ដែល​ភាគច្រើន​ឲ្យ​តម្លៃ​ទៅលើ​ទម្រង់​សិល្បៈ​បែប​ប្រពៃណី​ដូចជា​របាំ​បុរាណ។ ដូច្នេះ វា​មិនមាន​ភាពងាយស្រួល​នោះទេ នៅក្នុង​ការដើរ​នៅលើ​ផ្លូវ​មួយ ប៉ុន្តែ​លោក​ឲ្យ​ដឹងថា វា​អាច​ចាត់ទុកជា​បេសកម្ម​មួយ​ក្នុងការ​លើកកម្ពស់​សិល្បៈ​សហ​សម័យ​នៅក្នុង​ប្រទេស​កម្ពុជា។
 
ដោយសារ​តែមាន​ទេពកោសល្យ និង​ចំណង់​ចំណូលចិត្ត កាលពី​នៅ​ក្មេង​លោក សុធី​តែងតែ​គូររូបផ្សេងៗនៅតាម​ដង​ទន្លេ នៅលើ​ដីខ្សាច់ និង​អ្វីដែល​លោក​មាន និង​រកឃើញ។ ក្រោយមក​លោក សុធី បាន​ចំណាយពេល១០ឆ្នាំ​ទៅលើ​ការសិក្សា​អំពី​ការ​គូរគំនូរ ហើយ​លោក​ក៏បាន​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នា​រាជធានី​ភ្នំពេញ។
 
នា​ក្រោយ​ពេលដែល​លោក សុធី បញ្ចប់​ការសិក្សា លោក​បាន​ក្លាយជា​នាយក​ផ្នែក​រចនា​ម៉ូដ និង​សិល្បៈ​នៅ​អង្គការ​មួយនា​ខេត្តសៀមរាប បន្ទាប់មក​លោក​ក៏បាន​ចាប់ផ្តើម​ការងារ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅក្នុង​ឆ្នាំ១៩៩។
 
នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វី​អូ​អេ លោក​បាន​និយាយថា៖«សិល្បៈ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពីស​ង្គ​ម‍» ។
 
គំនូរ​បែប​ប្រពៃណី​របស់លោក សុធី ភាគច្រើន​រួមបញ្ចូល​រឿងព្រេង​របស់​ហិណ្ឌូ និង​រឿងរ៉ាវ​នៅក្នុង​ព្រះពុទ្ធសាសនា។
 
ចំណែកឯ​នៅក្នុង​គំនូរ​សហ​សម័យ​របស់​លោក​វិញ លោក​បាន​ស្វែងរក​គំនូរ​ណា​ដែល​អាច​ឲ្យ​អ្នកមើល អាច​ស្វែងយល់​អំពី​អតីតកាល និង​សោកនាដកម្ម​នានា​របស់​ប្រទេស​កម្ពុជា។ លើសពីនេះទៅទៀត គំនូរ​របស់លោក មួយ​ចំនូ​ន​ក៏​បង្ហាញ​ពី​ការលំបាក និង​ទុក្ខ​វេ​នារ​បស់​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​រស់នៅក្នុង​សង្គ្រាម។
 
លោក​ក៏បាន​បន្ថែមថា លោក​ក៏បាន​បញ្ចូល​ការអប់រំ​ខ្លះ​នៅក្នុង​គំនូរ​ដែរ ដោយ​លោក​សង្ឃឹមថា វា​នឹង​បង្កើន​ការយល់ដឹង​ដល់​ប្រជាជន​ទូទៅ ដោយ​ក្នុងនោះ​មាន​គំនូរ​ខ្លះ​បង្ហាញ​អំពី​វិសមភាព​រវាង​អ្នកមាន និង​អ្នកក្រ​នៅក្នុង​ប្រទេស​នានា​ផងដែរ។
 
លោក​បាន​ថ្លែងថា៖«ទោះបីជា​ប្រទេស​នានា មានការ​អភិវឌ្ឍ និង​ការរីកចម្រើន​យ៉ាងណា ក៏​នៅតែមាន​ប្រជាជន​មួយចំនួន​នៅតែ​ជួប​ការលំបាក​ក្នុង​ជីវភាព​របស់​ពួកគេ»។
 
កាលពី​ពីរ​ខែ​កន្លងទៅ មាន​ការធ្វើ​ពិព័រណ៍​ផ្ទាំង​ស្នាដៃ​គំនូ​របស់លោក នៅ​សណ្ឋាគារ Plantation នៅឯ​ទីក្រុង​ភ្នំពេញ ក្នុងនោះ​មាន​គំនូរ​ទាំងអស់​ចំនួន២០ផ្ទាំង ដែល​បាន​ដាក់តាំង​សម្ពោធ​ជា​សាធារណៈ។ ពណ៌​គំនូរ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អំពាវនាវ​ឲ្យ​មានការ​ថែរក្សា​បរិស្ថាន និង​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា។
 
ទោះបីជា​ការចាប់អារម្មណ៍​ទៅលើ​គំនូរ​សហ​សម័យ​របស់​ប្រជាជន​កម្ពុជា​នៅមាន​តិចតួច​នៅឡើយ ក៏​លោក ឈឹម សុធី នៅតែមាន​សុទិដ្ឋិនិយម​អំពី​តួនាទី​របស់​សិល្បៈ​សហស​ម័​យ​ដដែល។
លោក​ថ្លែងថា៖ «នៅពេលដែល​យើង​ធ្វើ​ឲ្យកាន់តែច្រើនៗទៅ យូរៗទៅ ពួកគេ​នឹងមាន​ចំណេះដឹង​តិចតួច ឬ​ដឹង​ពី​វា​ច្រើនជាង​មុន។ អញ្ចឹង​ពួកគេ​ប្រាកដជា​យល់​ពី​គំនិត​នេះ»។
ទន្ទឹមនឹង​នេះដែរ ស្នាដៃ​របស់លោក​ក៏បាន​ដាក់​បង្ហាញ​នៅក្នុង​ប្រទេស​ជាច្រើន​រួមមាន​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួនទៀត​នៅ​អឺរ៉ុប ហើយ​លោក​ក៏បាន​ទ​ទូល​ពានរង្វាន់​ជាច្រើន​ផងដែរ។
 
លោក​បាន​ឲ្យ​ដឹងថា សមិទ្ធផល​ដែល​លោក​ទទួលបាន​នេះ​គឺ​កើត​មកពី​ការខិតខំ​ប្រឹងប្រែង និង​ការស្រឡាញ់​ចូលចិត្ត​របស់លោក​ទៅលើ​ការ​គូរគំនូរ។
 
លោក​បាន​ប្រាប់ថា៖ «គំនូរ​ជា​បេះដូង និង​ព្រលឹង​របស់ខ្ញុំ ខ្ញុំ​ចូលចិត្ត​វិស័យនេះ​ណាស់ ជាធម្មតា​ខ្ញុំ​តែង​ប្រាប់​អ្នកផ្សេង​ថា ប្រសិនបើ​ពួកគេ​ចូលចិត្ត និង​ចង់​ធ្វើ​មួយ ពួកគាត់​ត្រូវ​ធ្វើឱ្យ​ល្អ​បំផុត និង​ខំ​ឲ្យ​ឈានដល់​ចំណុចកំពូល​នៃ​សមត្ថភាព​របស់​ពួកគេ ដូចចាស់ៗគាត់​តែង​និយាយថា បើ​លូក​ប្រហុក ត្រូវ​លូក​អោយ​កប់​ដល់​បាត»៕
 
ផ្ដល់​សិទ្ធិ​ដោយ៖ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក(VOA)
 

Tag:
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com