ជាតិ
ស្ថានទូត​បារាំង​បើកទ្វារ​ទទួល​សាធារណជន​ចូល​ទស្សនា​ជា​លើកដំបូង​នៅក្នុង​ឱកាស​ទិវា​បេតិកភណ្ឌ
20, Sep 2015 , 9:28 am        
រូបភាព
ដោយ: ថ្មីៗ

ជា​លើកដំបូង​នៅ​ឆ្នាំនេះ   ស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើកទ្វារ​ចំហ​ទទួល​ស្វាគមន៍​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​ក្នុង​ឧកាស​នៃ«ទិវា​បេតិកភណ្ឌ​អឺរ៉ុប» ដែល​ត្រូវបាន​រៀបចំឡើង​អស់​រយ:ពេល​ជាង៣០ឆ្នាំ​មកហើយ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​នៅ​ទ្វីបអឺរ៉ុប​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​បារាំង ។ នៅក្នុង​ទិវា​ពិសេស​នេះ សាធារណជន​នៅ​ប្រទេស​បារាំង​អាច​ចូល​ទស្សនា​អគារ និង​ទីកន្លែង​នានា ដែលជា​ធម្មតា​មិនត្រូវ​បាន​បើក​អោយ​សាធារណជន​ទស្សនា​ឡើយ។



នៅ​ភ្នំពេញ កាលពី​ថ្ងៃទី១៩ ខែកញ្ញា​កន្លងទៅ សាធារណជន​ប្រមាណ១៨០នាក់​បាន​ចូល​ទស្សនា​ស្ថានទូត​បារាំង ដែលមាន​បុគ្គលិក​បារាំង​និង​កម្ពុ​ជាជាង៦០នាក់​កំពុង​បំពេញការងារ​ក្នុង​ការិយាល័យ​ចំនួនផ្សេងៗគ្នា។ ភ្ញៀវ​ទាំងអស់​បាន​ដើរ​ទស្សនា​អគារ​រដ្ឋបាល និវេសនដ្ឋាន​លោក​ឯកអគ្គរដ្ឋទូត និង​សួនឧទ្យាន។ នៅក្នុង​ឧទ្យាន​នេះ មានការ​រក្សាទុក​នូវ​អតីត​ក្លោងទ្វារ​ម្ខាង​របស់​ស្ថានទូត​បារាំង  ដែល​បាន​ឆ្លងកាត់​ប្រវត្តិ​ដ៏​ជូរចត់​ក្នុង​របប​ខ្មែរក្រហម ហើយ​ដែល​ត្រូវបាន​អ្នកនិពន្ធ​បារាំង ហ្វ្រ​ង់​ស៊័​រ ប៊ី​ហ្សូ តាក់តែង​ជា​ប្រលោមលោក​ល្បី​មួយ​មាន​ចំណងជើង​ថា «ក្លោងទ្វារ»។

 នៅក្នុង​ឱកាស​នៃ​ការ​ទស្សនា​ដែល​អមដោយ​ការរៀបរាប់​ពន្យល់​ជា​ភាសា​បារាំង ខ្មែរ និង​អង់គ្លេស​ពី​សំណាក់​បុគ្គលិក​ស្ថានទូត  អ្នកទស្សនា​ក៏បាន​ស្វែងយល់​ផងដែរ​ពី​ការដាក់អោយ​ដំណើរការ​គម្រោង «ស្ថានទូត​បៃតង» នៅតាម​បណ្តា​ស្ថានទូត​បារាំង​នានា។ ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​នេះ ស្ថានទូត​បារាំង​នៅ​ភ្នំពេញ​បាន​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់១៥%ក្នុង​រយ:ពេល៤ឆ្នាំ​ចុង​ក្រោយនេះ​តាមរយ:វិធានការ​នានា ដូច​ជាការ​តម្លើង​បន្ទះ​ស្រូប​កម្តៅ​ព្រះអាទិត្យ  ការប្តូរ​មកប្រើប្រាស់​អំ​ពូ​ល LED ស៊ី​ភ្លើង​តិច  ការកាត់បន្ថយ​ចំនួន​រថយន្ត​បម្រើការ​នៅ​ស្ថានទូត ។ល។

ដោយបាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ជាច្រើន​ដំណាក់កាល​ពិសេស​ចន្លោះ​ឆ្នាំ១៩៧៥ដល់​ឆ្នាំ១៩៩១ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​តាំងនៅ​កន្លែង​ដដែល​នេះ​អស់​រយ:ពេល​ជាង៦០ឆ្នាំ​មកហើយ ហើយក៏​ជា​និមិត្តរូប​នៃ​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ។ ស្ថានទូត​ត្រូវបាន​ជួសជុល​កែលម្អ​ទាំងស្រុង​នៅ​ចន្លោះ​ឆ្នាំ១៩៩៣ដល់​ឆ្នាំ១៩៩៥ ហើយ​ស្ថាបត្យកម្ម​ទំនើប​របស់​ស្ថានទូត​មាន​លក្ខណ:សមសួន​ជាមួយ​ទេសភាព​នៃ​ឧទ្យាន​ទំហំ៤,៨ហិច​តា ដែលជា​ឧទ្យាន​បៃតង​ធំជាងគេ​មួយ​នៅ​រាជធានី​ភ្នំពេញ៕
       

Tag:
 ស្ថានទូតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com