ជាតិ
NGOs៖ ឡាវ​សម្រេច​បន្ត​សាងសង់​ទំនប់​ដន សា​ហុង បំពាន​ស្មារតី​កិច្ចប្រជុំ
21, Sep 2015 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
សម្ព័ន្ធ​ទន្លេ​កម្ពុជា  និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ​ប្រមាណ៤០ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ សម្តែង​ពី​ការខកចិត្ត ជុំវិញ​ការអនុម័ត​បន្ត​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង របស់​សភាជាតិ​ឡាវ។



នៅក្នុង​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​រួម​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ឡាវ​ដែល​អនុម័ត​បន្ត​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​ថា មិនបាន​គោរព​ស្មារតី​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥ ដែល​សមាជិក​ទាំង​បួន​នៃ​គណៈកម្មការ​ទន្លេមេគង្គ មាន​កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​ឯកភាពគ្នា​ថា ការសម្រេច​ទៅលើ​ការពិគ្រោះ​យោបល់​ជាមុន​នៃ​ទំនប់​វា​រី​អគ្គិសនី​ដែល​កំពុង​ស្នើឡើង​នេះ ត្រូវបញ្ជូន​បន្តទៅ​ពិភាក្សា និង​សម្រេច​នៅ​កម្រិត​ក្រុមប្រឹក្សា ដែល​រួមមាន​រដ្ឋាភិបាល កម្រិត​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​បួន។

លើសពីនេះ​ការអនុម័ត​ទៅលើ​កិច្ចសន្យា​សម្បទាន​នេះ ធ្វើឡើង​នៅពេលដែល​សំណូមពរ​ទាំងឡាយ​រប​ស់​សហគមន៍​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ អង្គការ​សង្គម​ស៊ីវិល​នានា និង​ប្រទេស​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ​ចំនួន ៣ គឺ​កម្ពុជា វៀតណាម និង​ថៃ មិនទាន់បាន​ឆ្លើយតប និង​ដោះស្រាយ​នៅឡើយ។នេះ​បើតាម​សេចក្តីថ្លែងការណ៍​នៅថ្ងៃនេះ​ដដែល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ នៅតែ​បន្ត​ស្នើសុំ​យ៉ាងទទូច​ឲ្យ​រដ្ឋាភិបាល​ឡាវ បញ្ឈប់​ជាបន្ទាន់ នូវ​រាល់​សកម្មភាព​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការសាងសង់​ទំនប់ ដន​សា​ហុង និង​មិនត្រូវ​អនុម័ត​លើ​កិច្ចសន្យា​ទិញ​អគ្គិសនី មុន​បញ្ហា ឬ​សំណូមពរ​របស់​ភាគី​ពាក់ព័ន្ធ បាន​ដោះស្រាយ ព្រមទាំង​កុំ​ឲ្យ​មានការ​ចុះកិច្ចសន្យា​ផ្សេងទៀត​លើ​គម្រោង​នេះ ទាំង​កិច្ចព្រមព្រៀង​លទ្ធកម្ម​វិស្វកម្ម​ទំនប់ និង​ការសាងសង់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​ស្នើ​ឲ្យ​ធ្វើការ​សិក្សា​វាយតម្លៃ​ផលប៉ះពាល់​ឆ្លងដែន​ដោយ​ស្ថាប័ន​ប្រឹក្សា​យោបល់​ឯករាជ្យ និង​មានការ​ចូលរួម​ពេញលេញ​ពី​ភាគី​ពាក់ព័ន្ធ  ដើម្បី​ជជែក និង​ដោះស្រាយ រាល់​សំណូមពរ និង​ក្តីបារម្ភ​បស់​ភាគី​ពាក់ព័ន្ធ​នានា​ប្រកបដោយ​ការទទួលខុសត្រូវ ហើយ​រដ្ឋាភិបាល​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ ត្រូវដាក់​សម្ពាធ​តាម​គ្រប់​រូបភាព​ទៅលើ​រដ្ឋាភិបាល​ឡាវ ដែល​បានសម្រេច ជា​ឯកតោភាគី​បន្ត​គម្រោង​សាងសង់​ទំនប់​ដង​សា​ហុង​នេះ៕


Tag:
 វា​រី​អគ្គិសនី
  ដន សា​ហុង
© រក្សាសិទ្ធិដោយ thmeythmey.com