ជាតិ
ជនជាតិ​វៀតណាម២៧នាក់​ទៀត ត្រៀម​បណ្តេញចេញ​នៅ​ចុង​សប្តាហ៍​នេះ
22, Sep 2015 , 10:32 am        
រូបភាព
រូបភាព៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
រូបភាព៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
ដោយ: ថ្មីៗ
នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នឹង​បណ្តេញ​ជនអន្តោប្រវេសន៍​វៀតណាម​ចំនួន២៧នាក់​ទៀត​ចេញពី​កម្ពុជា នៅ​ចុង​សប្តាហ៍​នេះ។ ជនជាតិ​វៀតណាម​ទាំងនេះ​ត្រូវបាន​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​ដើម​ច័ន្ទ ក្នុង​សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្រោយពី​រកឃើញថា​ពួកគេ​រស់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។



ជនអន្តោប្រវេសន៍​វៀតណាម​ចំនួន២៧នាក់ ក្នុងនោះ​ស្រី​ចំនួន១២នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី២១ ខែកញ្ញា បន្ទាប់ពី​រកឃើញថា បាន​លួច​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​ដើម​ច័ន្ទ ក្នុង​សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

បើតាម​លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ជនជាតិ​វៀតណាម​ទាំងនោះ មក​រស់នៅ​ដោយ​គ្មាន​លិខិតផ្លូវការ​អ្វី​ទាំងអស់។ ដូច្នេះ​យើង​អាច​នឹង​បណ្តេញ​ពួកគេ​ចេញពី​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ សប្តាហ៍​នេះ។

អ៊ុក ហៃ​សីលា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង សហការ​ជាមួយ​សមត្ថកិច្ច ក្នុងការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដែល​លួច​មក​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។ លោក​ថា៖«យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​រាយការណ៍​ជូន​កម្លាំង​គន​របាល ប្រសិនបើ​ពួកគាត់​បានដឹងថា មាន​ជនជាតិ​វៀតណាម​កំពុង​រស់នៅ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន ឬក៏​ឯកសារ​ត្រឹមត្រូវ​នោះ»។
 
គិត​ត្រឹម​រយៈពេល៩ខែ នៅ​ឆ្នាំ២០១៥នេះ មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​សរុប​ចំនួន១,៨២៥នាក់​ក្នុងនោះ​ស្រី២៥៦នាក់ រួមមាន៤៦សញ្ចា​តិ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ មាន​ជនជាតិ​វៀតណាម​ចំនួន១,៦៤១នាក់ ៕


Tag:
 អន្តោប្រវេសន៍
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com