តារាចម្រៀង គង់ វណ្ណា ប្រឈមជាប់ពន្ធនាគារនៅអូស្ត្រាលីពីបទប្រើហិង្សាលើស្ត្រីម្នាក់
× តារាចម្រៀងខ្មែរ លោក គង់ វណ្ណា ដែលបានទៅរស់នៅអូស្ត្រាលីតាំងពីឆ្នាំ១៩៨៣ ត្រូវតុលាការកំពូលរដ្ឋ Victoria បើកសវនាការកាត់ទោសជុំវិញការប្រើប្រាស់អំពើហិង្សាលើស្ត្រីម្នាក់រហូតដល់មានរបួសស្នាមធ្ងន់ធ្ងរកាលពីអំឡុងឆ្នាំ២០១៣ ។ នេះបើតាមការផ្សាយរបស់កាសែតអូស្ត្រាលី The Age។
លោក គង់ វណ្ណា អាយុ៥៦ឆ្នាំ រស់នៅក្នុងទីក្រុងមែលប៊ន ត្រូវបានសហគមន៍ខ្មែរនៅអូស្ត្រាលី ប្រៀបប្រដូចទៅនឹងតារាចម្រៀងល្បីល្បាញអាមេរិកឈ្មោះ Frank Sinatra ។ លោកបានធ្វើអន្តោប្រវេសន៍ទៅកាន់អូស្ត្រាលីកាលពីឆ្នាំ១៩៨៣ ហើយធ្លាប់បានមកសាងភាពល្បីល្បាញក្នុងវិស័យចម្រៀងនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ១៩៩៨ ។ ពលរដ្ឋកម្ពុជាស្គាល់ឈ្មោះលោកច្បាស់ តាមរយៈបទចម្រៀង «ឱស្នេហ៍មាសបង» ដែលលោកបានបកស្រាយតាមសំនៀងដើមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។
បើតាមការបញ្ជាក់របស់ The Age លោក គង់ វណ្ណា ធ្លាប់ជាប់ពន្ធនាគារម្តងរួចហើយនៅក្នុងរដ្ឋ New South Wales លើសំណុំរឿងឃុំឃាំងអតីតមិត្តស្រីរបស់ខ្លួនម្នាក់។ ដោយឡែកករណីទីពីរ លោក គង់ វណ្ណា បានជួបជនរងគ្រោះកាលពីខែមិថុនា ឆ្នាំ២០១៣ តាមរយៈមិត្តភក្តិម្នាក់ ហើយបានចាប់ចិត្តស្រឡាញ់ បើទោះបីជាដឹងថា ស្ត្រីម្នាក់នោះ មានស្វាមីក៏ដោយ។
ព្រះរាជអាជ្ញាឈ្មោះ Daryl Brown ត្រូវបានដកស្រង់សម្តីដោយ The Age ថា គង់ វណ្ណា និងស្ត្រីរងគ្រោះ ត្រូវបានអញ្ជើញដោយឡែកក្នុងពិធីជប់លៀងនៅផ្ទះមិត្តភក្តិម្នាក់នៅតំបន់ Dandenong North ប៉ុន្តែនៅពេលដែលលោក គង់ វណ្ណា ទៅដល់ស្ត្រីរងគ្រោះបានគេចចេញទៅរថយន្តរបស់របស់ខ្លួន។ លោក គង់ វណ្ណា បានទៅឃាត់ហើយនិយាយគ្នាប្រមាណ១ម៉ោង ដោយបានលើកឡើងថា ជីវិតគេគ្មានន័យឡើយ ប្រសិនបើគ្មាននាង។ ប៉ុន្តែស្ត្រីរងគ្រោះ បានប្រកែក ហើយបានធ្វើឲ្យលោក គង់ វណ្ណា ខឹងសម្បា ថែមទាំងធ្វើការវាយតប់ បន្ថែមពីលើនេះ លោកបានច្របាច់ បិទមាត់ និងច្រមុះនៅពេលដែលជនរងគ្រោះស្រែកហៅឲ្យគេជួយ។
ស្ត្រីរងគ្រោះដែលមិនត្រូវបានបញ្ចេញឈ្មោះ បានអះអាងថា ខ្លួនស្ទើរតែស្លាប់នាពេលនោះ ប្រសិនបើមិនមានអន្តាគមន៍ពីមិត្តភក្តិ។ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនមន្ទីរពេទ្យ និងសម្រាកព្យាបាលរយៈពេល៣ថ្ងៃ។
លោករង់ចាំថ្ងៃឡើងសវនាការសារជាថ្មីដើម្បីស្តាប់ពីសាលក្រម៕
© រក្សាសិទ្ធិដោយ thmeythmey.com