ជាតិ
សេដ្ឋកិច្ច
សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា មិន​ពេញចិត្ត ការដាក់ទណ្ឌកម្ម​សមា​ជិ​ក​ខ្លួន
01, Oct 2015 , 10:19 pm        
រូបភាព
សមាជិក​ទាំងឡាយ​រប​ស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា(ស.អ.ក) នឹងរង​ការដាក់ទណ្ឌកម្ម​មួយចំនួន  នៅពេលដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​វិន័យ និង​ក្រមសីលធម៌ រប​ស់ស.អ.ក។

 


ផ្អែក​តាម​សេចក្តីជូនដំណឹង​របស់ ស.អ.ក ដែល​ចុះហត្ថលេខា​ដោយ លោក សុខ ពុទ្ធិ​វុ​ធ បាន​ឲ្យ​ដឹងថា សមាជិក​ទាំងឡាយណា ដែល​នាំចូល​អង្ករ និង​ចែកចាយ​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវមាន​ឯកសារ​ប្រតិវេទន៍​គយ និង​លិខិត​បង់ពន្ធ ឱ្យបាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់។

«ចំពោះ​សមាជិក​ណា​ដែល​នាំចូល​អង្ករ​ពី​បរទេស ហើយ​បន្ត​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ដោយ​ប្រើ​ម៉ាក​របស់​កម្ពុជា ត្រូវ​បញ្ជូនមក​គណៈកម្មកា​រវិ​ន័យ និង​ក្រម​សីល​ធ៌​ម និង​ពិន័យ​ជា​ប្រាក់៣០០ដុល្លារ​អាមេរិក ក្នុង​មួយ​តោន សម្រាប់​អង្ករ​ក្រអូប និង​ចំនួន១៥០ដុល្លារ​ក្នុង​មួយ​តោន​សម្រាប់​អង្ករ​ធម្មតា»។ នេះ​គឺជា​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ដដែល។

ករណី​មិន​រាងចាល ពោល​បើសិន​សហព័ន្ធ​ចាប់​បានជា​លើក​ទី២ សហព័ន្ធ​នឹង​បញ្ជូន​ឈ្មោះ​ក្រុមហ៊ុន​ឱ្យទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធ ព្រមទាំង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ល។

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក គឹម សាវុធ អនុប្រធាន​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ខ្មែរ​ហ្វ៊ូ​ត បាន​សម្តែង​ការមិន​ពេញចិត្ត​ឡើយ ដោយ​លើកឡើងថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ធ្វើបែបនេះ ដូច​បណ្តេញ​សមាជិក​ចេញពី​សហព័ន្ធ​ដូច្នេះ​ដែរ។  លោក​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា៖« នេះ​ជា​សេដ្ឋកិច្ច​ទីផ្សារសេរី គេ​អាច​ចាក​ចេញពី​សហព័ន្ធ​បាន។ យើង​ចូល​ជា​សមាជិក​សហព័ន្ធ​ដើម្បី​រួបរួមគ្នា បើកចំហរ​ទីផ្សារ និង​អភិវឌ្ឍន៍​វិស័យ​ស្រូវ អង្ករ​កម្ពុជា​ឲ្យ​រីកចម្រើន មិនមែន​ចូល​ជា​សមាជិក​ដើម្បី​រង​ទណ្ឌកម្ម​នោះទេ»។

អនុប្រធាន​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា​រូបនេះ បញ្ជាក់ថា​វា​អយុត្តិធម៌​សម្រាប់​សមាជិក​ដូច្នេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មិនអាច​ដាក់ទណ្ឌកម្ម​តែ​លើ​សមាជិក​នោះទេ គួរតែ​ដាក់ទណ្ឌកម្ម​ទៅ​ក្រុមហ៊ុន​មិនមែនជា​សមាជិក​ផ្សេងទៀត ដែល​ប្រព្រឹត្ត​ខុស​ដូចគ្នា ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង​ក្រុមហ៊ុន​ទាំងអស់។

សូមបញ្ជាក់ថា សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុ​ជាមាន​សមាជិក​ក្រុមហ៊ុន​ជាង១០០ក្រុមហ៊ុន ក្នុងនោះ​រួមមាន​ក្រុមហ៊ុននាំចេញ​អង្ករ រោង​ម៉ាស៊ីន កិនស្រូវ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ជាដើម។

យ៉ាងណាក៏ដោយ​សារព័ត៌​មានថ្មីៗ នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ជុំវិញ​បញ្ហា​នេះ​នៅឡើយ ពី​សំណាក់​លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដោយ​លោក​មិន​លើក​ទូរ​សព្ទ៕


© រក្សាសិទ្ធិដោយ thmeythmey.com