សង្គមអន្តរជាតិ​
អន្តរជាតិ
យ៉ាងហោច៥០នាក់ ​បាន​ស្លាប់​ដោយ​ហិង្សា​ក្នុង​ខែកញ្ញា​តំបន់​ស៊ីន​ជាំ​ងប្រទេស​ចិន
03, Oct 2015 , 7:40 pm        
រូបភាព
មនុស្ស​យ៉ាងតិច៥០នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​កាល​ពី​ខែ​មុន ក្នុង​តំបន់​ស៊ីន​ជាំ​ង។ តំបន់​នេះ​ជា​តំបន់​ដែល​ញាំញី​ដោយ​អំពើហិង្សា និង​ចលនា​ភេរវកម្ម ។ ការបង្ហាញ​របាយការណ៍​នេះ ចំ​ពេលដែល​ប្រទេស​ចិន​កំពុង​ញាប់​ដៃជើង​ក្នុង​ការរៀបចំ​ប្រារព្ធ​ពិធី​រម្លឹក​ខួប៦០ឆ្នាំ​នៃ​ការបង្កើត​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​ផងដែរ។

 
រដ្ឋាភិបាល​ចិន​អះអាងថា ខ្លួន​បាន​ប្រឈមមុខ​ជាមួយ​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​បំបែក​ខ្លួន​និង​ក្រុម​ជ្រុលនិយម​ក្នុង​តំបន់​ស៊ីន​ជាំ​ង ដែលមាន​ព្រំដែន​ជាប់​នឹង​អាស៊ី​កណ្ដាល ។ អាជ្ញាធរ​ថា មនុស្ស​យ៉ាងហោចណាស់ ៥០នាក់​បាន​ស្លាប់​ក្នុង​អំពើហិង្សា​នា​ក្នុង​ខែ​ក​ញ្ញ​នេះ។ ប៉ុន្តែ​ក្រុម​សិទ្ធិមនុស្ស​បាន​រិះគន់​រដ្ឋាភិបាល​ចិន ព្រោះតែ​មិនបាន​ផ្ដល់​ភស្ដុតាង​ជាក់លាក់​អំពី​វត្តមាន​ក្រុម​ជ្រុលនិយម និង​បាន​លើកឡើងថា បញ្ហា​កើតឡើង​បណ្ដាលមកពី​ការ​រឹតត្បិត​សេរីភាព​របស់​ជន​អម្បូរ​អ៊ុយ​ហ្គួ​រ​ពី​សំណាក់​រដ្ឋាភិបាល​ចិន។ 
 
យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ចិន​ក្នុង​ខែកញ្ញា​មានការ​វាយប្រហារ១៨លើក​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់ ៥០នាក់​នៅឯ​អណ្ដូងរ៉ែ​ធ្យូងថ្ម​ក្នុង​តំបន់​Aksuដែលជា​កន្លែង​ជនជាតិ​ហាន​ភាគច្រើន​រស់នៅ។ ចំណែកឯ​មន្ត្រីប៉ូលិស​ក៏បាន​ឱ្យដឹង​ដែរ​ថា កម្មករ​ភាគច្រើន​មិនអាច​រត់គេច​ទាន់ពេល បាន​ស្លាប់​និង​របួស ខណៈ​អ្នកខ្លះ​កំពុង​សម្រាក ខ្លះទៀត​រៀបចំ​ធ្វើការ។យ៉ាងណាមិញ រដ្ឋាភិបាល​ចិន​មិនដែល​បញ្ជាក់​ពី​ហេតុ​ការ​ណ៏​ដែល​បាន​កើតឡើង​នោះទេ ទោះបី​ជាមាន​របាយការណ៍​បង្ហាញ​ពី​ការវាយប្រហារ​ក៏ដោយ។ 
 
ជម្លោះ​រវាង​ជនជាតិ​ភាគច្រើន​ហាន​និង​ក្រុម​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ បាន​បង្កឱ្យមាន​អំពើហិង្សា​បង្ហូរឈាម​យ៉ាងធ្ងន់ធ្ងរ។តែ ក្រុម​សិទ្ធិមនុស្ស​និយាយថា គោលនយោបាយ​រឹតត្បិត​សិទ្ធិសេរីភាព​ជនជាតិភាគតិច​របស់​ក្រុង​ប៉េកាំង​នៅ​តំបន់​ស៊ីន​ជាំ​ង គឺជា​ឫសគល់​នៃ​អំពើហិង្សា​ទាំងឡាយ ។ ប៉ុន្តែ​អាជ្ញាធរ​ចិន​បដិសេធ​ការលើកឡើង​នេះ។
 
សូមបញ្ជាក់ថា ឆ្នាំនេះ​ខួប​ទី៦០នៃ​ការបង្កើត​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​ធ្វើឡើង​នៅឯ​ក្រុង​Urumqi ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​លំដាប់​ទី៤នៃ​បក្ស​កុម្មុយនីស្ត​ចិន​លោក Yu ZhengSheng ដែល​ទទួលបន្ទុក​កិច្ចការ​សាសនា​និង​ជនភាគតិច​ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com