ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ជាង២០០ ចូលរួម​ក្នុង​ពិព័រណ៍​ម្ហូបអាហារ និង​ភេសជ្ជៈ​ខ្នាត​អន្តរជាតិ​នៅ​សៀមរាប
03, Oct 2015 , 11:54 am        
រូបភាព
ដោយ: ថ្មីៗ
ពិព័រណ៍​ម្ហូបអាហារ និង​ភេសជ្ជៈ​ខ្នាត​អន្តរជាតិ​លើក​ទី២ រយៈពេល៣ថ្ងៃ នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប។ ពិព័រណ៍​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី៦ដល់​ថ្ងៃទី៨ខែតុលា​នៅក្នុង​ស​ណ្ឋា​ការ​អប្សរា​ផា​លែស ដោយមាន​ការចូលរួម​ពី​សហព័ន្ធ​ទេសចរណ៍ សមាគម​ចុងភៅ​កម្ពុជា និង​ក្រុមហ៊ុន​ជាង២០០ មកពី១៦ប្រទេស ។


 
ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី៣០ខែកញ្ញា​កន្លងទៅ លោក នួន វាសនា តំណាង​ក្រុមហ៊ុន AMB Event Group បាន​មានប្រសាសន៍ថា៖«ពិព័រណ៍​នេះ គឺជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​សំខាន់ ក្នុងការ​បង្ហាញ​អំពី​សេវាកម្ម​ទេសចរណ៍ ដូចជា​ម្ហូបអាហារ​មាន​ទាំង​គុណភាព រសជាតិ និង​អនាម័យ សេវា​ស្នាក់នៅ​ពោរពេញ​ដោយ​ផាក​សុខភាព និង​ភាព​រីកចម្រើនផ្សេងៗទៀត ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា»។
 
សូមបញ្ជាក់ថា នៅក្នុង​ពិព័រណ៍​រយៈពេល៣ថ្ងៃនេះ សមាគម​ចុងភៅ​កម្ពុជា ក៏​នឹង​រៀបចំ​ការប្រកួត​ម្ហូបអាហារ​ផងដែរ ដោយមាន​ការដាក់​ពិន្ទុ​ពី​អ្នកជំនាញ​លំដាប់​ពិភពលោក។ការប្រកួត​នោះ នឹង​ផ្តោតលើ​ម្ហូប​ចំនួន៧ គឺ​ការធ្វើ​ម្ហូប​ខ្មែរ ម្ហូប​អឺរ៉ុប ម្ហូប​ត្រជាក់ ឆ្លាក់​ផ្លែឈើ ឆ្លាក់​ទឹកកក ការធ្វើ​ម្ហូប​អាថ៌កំបាំង និង​បដិសណ្ឋារកិច្ច រួមមាន​ការរៀបចំ​ផ្កា និង​គ្រែ។ 
 
បើតាម​លោក ចាន់ សុភា តំណាង​សមាគម​ចុងភៅ​កម្ពុជា មាន​ហេតុផល៣ដែល​សមាគម​ចុងភៅ​កម្ពុជា រៀបចំ​ការប្រកួត​នេះ​ឡើង។ ទី១. ចង់បង្ហាញ និង​ធ្វើ​ឲ្យ​ម្ហូប​ខ្មែរ​កាន់តែ​ល្បីល្បាញ នៅលើ​ឆាក​អន្តរជាតិ។ ទី២. បង្ហាញ​ពី​ស្នាដៃ​ចុងភៅ​កម្ពុជា។ និង​ទី៣. ចង់​បង្ហាញថា​កម្ពុជា​ក៏​អាចធ្វើ​អ្វី​បាន​ដូច​ប្រទេស​អភិវឌ្ឍន៍​ដែរ៕ 
ប្រភព៖ AKP
 

Tag:
 សៀមរាប
 ពិព័រណ៍
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com