សង្គមអន្តរជាតិ​
អន្តរជាតិ
អ៊ីស្រាអែល​ស្នើឲ្យមានការ​ចរចា​សន្តិ​ភាពជា​មួយ​ប៉ា​ឡេ​ស្ទី​ន​ឡើងវិញ
03, Oct 2015 , 2:20 pm        
រូបភាព
ដោយ:
កាល​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​មេដឹកនាំ​អ៊ីស្រាអែល​បាន​ទទូច​ឱ្យមាន​ការចរចា​ឡើងវិញ​ជាមួយ​ប៉ា​ឡេ​ស្ទី​ន ក្រោយ​ការចរចា​ជាប់គាំង​អស់​ពេល​ជា​យូរ​មកហើយ។  មេដឹកនាំ​ទាំងពីរ អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ក៏​ឆ្លៀតឱកាស​វាយប្រហារ​គ្នា​លើ​ការគោរព​កិច្ចព្រមព្រៀង​សន្តិភាព​កន្លងមក​ដែរ។

 
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មិន ណេ​តា​យ៉ា​ហ៊ូ​បានបញ្ជាក់​ពី​ការត្រៀមខ្លួន​បើក​ការចរចា​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ឡើងវិញ ដើម្បី​រក​ដំណោះស្រាយ​ដើម្បី​សន្តិភាព​និង​ស្ថិរភាព។ លោក​ថា៖« អ៊ីស្រាអែល​បាន​ត្រៀមខ្លួន​រួចជាស្រេច​ទៅហើយ​ដើម្បី​បន្ត​ការចរចា​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន​អ្វី​ទាំងអស់»។ 
 
លោក ណេ​តាន់​យ៉ា​ហ៊ូ បាន​សង្កត់ធ្ងន់ថា ការចរចា​សន្តិ​ភាពមិន​មែន​ជា​រឿង​ងាយស្រួល​នោះទេ ប៉ុន្តែ​លោក​ចាត់ទុកថា​វា​ជា​អ្វីដែល​ប្រជាជន​ចង់បាន ដូច្នេះ​រដ្ឋាភិបាល​លោក​ចាំបាច់​ត្រូវតែ​ពុះពារ​សម្រេច​ឲ្យ​បាន។
 
លោក​ជឿជាក់ថា មានតែ​ការ​អង្គុយ​ជជែក​គ្នា​និង​ដោះស្រាយ​បញ្ហា​ទាំងអស់គ្នា​ប៉ុណ្ណោះ​ទើប​អាចធ្វើ​ឲ្យ​ប្រជាជាតិ​ទាំងពីរ​ស្គាល់​សុខសន្តិភាព។ លោក ណេ​តាន់​យ៉ា​ហ៊ូ ចង់​ផ្តាំផ្ញើរ​សារ​នេះ​ទៅកាន់​ប្រធាន​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​មូ​ដ អាបាស់ ដែល​បាន​អង្គុយ​ក្នុង​កិច្ចប្រជុំ​ជាមួយគ្នា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ។
 
យ៉ាងណាក៏ដោយ លោក​ក៏បាន​ឆ្លៀត​បរិហារ​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​ដូចគ្នា​ដែរ។លោក​ថា ប៉ា​ឡេ​ស្ទី​ន​មិនគួរ​ចរចា​ដើម្បី​តែ​ចរចា​នោះទេ ហើយ​មិនមែន​ចរចា​ដើម្បី​តម្រូវ​ជន​ណាមួយ​ដែរ។គេ​ដឹងថា​ការលើកឡើង​ដូច្នេះ​ជា ការឆ្លើយតប​នឹង​សម្ដី​លោក អាបាស ដែល​បង្ហាញ​ចេតនា​ចង់​ដកខ្លួន​ចេញពី​ការចរចា។
 
 បើតាម​សុន្ទរកថា​នៅ​មហាសន្និបាត ប្រធាន​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​លោក​ម៉ា​មូ​ដ អាបាស បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា បាន​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព ដែលមាន​ស្រាប់ កន្លងមក​នោះ។ លោក​ថា អ៊ីស្រាអែល​មិនបាន​ដោះលែង​អ្នកទោស តែ​គឃ្លើន​បន្ត​ការសាងសង់​លំនៅដ្ឋាន​ក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ទៀត។ ហើយ​ទាំងនេះ​សុទ្ធតែជា​សកម្មភាព​រំលោភ​លើ​កិច្ចព្រមព្រៀង។  លោក​ថា៖ ‹‹ពួកគេ​មិនបាន​ទុក​ផ្លូវ​ឱ្យ​យើង​ទេ ហើយ​ការអត់ធ្មត់​របស់​យើង​ក៏​អស់​ដែរ›។ 
 
សូម​រម្លឹកថា ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​នៅ​មិនទាន់​ឈានដល់​ទីបញ្ចប់​នៅឡើយ។  ហើយ​រាល់​ពេលដែល​ការចរចា​ត្រូវ​ពន្យារ​ដោយសារ​ការបន្ទោស​គ្នា​ទៅវិញទៅមក​និង​ការមិន​គោរព​កិច្ចព្រមព្រៀង​ដែលមាន​ជា​ធរមាន​របស់​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន៕
 

Tag:
 israel
  palestine
© រក្សាសិទ្ធិដោយ thmeythmey.com