ជាតិ
សេដ្ឋកិច្ច
World Bank៖ ទិន្នផល​កសិកម្ម​ចុះ​ទាប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច
05, Oct 2015 , 7:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​បាន​បង្ហាញថា កំណើនសេដ្ឋកិច្ច​នៅក្នុង តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ទំនង​ជាមាន​ល្បឿន​មធ្យម ក៏ប៉ុន្តែ​នៅតែមាន​ភាពរឹងមាំ។ របាយ​ការ​ណ៏​នេះ ជំរុញ​ឲ្យ​បន្តធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ និង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច។ រីឯ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ធនាគារពិភពលោក (World Bank) បាន​ប៉ាន់ប្រមាណ​ថា នឹង​ថយ​ចុះមក​នៅត្រឹម ៦,៩ ភាគរយ​នៅ​ឆ្នាំ ២០១៥ ។



យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​ទើប​ចេញផ្សាយ តំបន់​អាស៊ី​បូព៌ា នៅតែ​ជា​តំបន់​នាំមុខគេ​មួយ​ក្នុង ចំណោម​តំបន់​នានា​សម្រាប់​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​រប​ស់​ពិភពលោក ដែល​ស្មើនឹង​ជិត​ពីរ​ភាគ​ប្រាំ​នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក។ និយាយ​ជារួម សេដ្ឋកិច្ច នៅក្នុង​តំបន់​នេះ  ត្រូវបាន​គេ​រំពឹងថា​នឹងមាន​កំណើន​ត្រឹម ៦,៥ ភាគរយ ក្នុង​ឆ្នាំ ២០១៥ គឺ​បាន​ថយចុះ​បន្តិច បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន ៦,៨ភាគរយ។

លោក អាក​សែ​ល វ៉ាន់ ត្រុត​សេន​ប៊ើ​គ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន World Bank ថា កំណើន សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នៅ​បន្ត​មាន ភាពរឹងមាំ ប៉ុន្តែ​និន្នាការ​នៃ​ការថយចុះ​នេះ បាន​ប្រាប់​ដល់​អ្នកតាក់តែង​គោលនយោបាយ​នានា នៅក្នុង​តំបន់​នេះ​ឲ្យ​បន្ត​ផ្តោត​ការយកចិត្ត ទុកដាក់​លើ​ការធ្វើកំណែទម្រង់​រចនា​សម្ព័ន្ធ​ដែលជា មូលដ្ឋានគ្រឹះ​សម្រាប់​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​និង​លើ​គ្រប់​វិស័យ​ប្រកបដោយ​ចីរភាព។ លោក​បន្តថា កំណែទម្រង់​ទាំងនេះ រួមមាន ការកែលម្អ​លិខិតបទដ្ឋាន លើ​ផ្នែក​ហិរញ្ញវត្ថុ ទីផ្សារការងារ​និង​ផលិតផល ព្រមទាំង វិធានការ​នានា​ដែល​លើកកម្ពស់ តម្លាភាព និង​គណនេយ្យភាព។

លោក​ថា៖«គោលនយោបាយ​ទាំងនេះ នឹង​ជួយ​កសាង​ទំនុកចិត្ត​ដល់ អ្នកវិនិយោគ និង​គាំទ្រ ដល់ទី​ផ្សារ ហើយនឹង​ជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​ដែល​អាចជួយ ប្រជាពលរដ្ឋ​ឲ្យ​រួច​ចាក ផុតពី​ភាពក្រីក្រ​បាន»។

របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ចេញផ្សាយ​ថ្ងៃនេះ បាន​សម្លឹងមើល​តំបន់​នេះ​ដែល​កំពុងតែ​ប្រឈម​ទៅនឹង​បរិយាកាស​ប្រកួតប្រជែង​ជា​លក្ខណៈ​សកល។ សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅតែ​បន្ត​វិល​មករក​ភាព​ដើម​វិញ​បន្តិចម្តងៗ ពាណិជ្ជកម្ម​ពិភពលោក​កំពុងតែ​ងើបឡើង​ក្នុង​ល្បឿន​យឺត​បំផុត ចាប់តាំងពី​ឆ្នាំ ២០០៩មក និង​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​កំពុង តែ​ថយចុះ ជាពិសេស ប្រទេស​អ្នក​ផលិត​ទំនិញ​បាន​ទទួលរង​ផលប៉ះពាល់ ដោយសារ​តម្លៃ​ទំនិញ​បន្ត​ធ្លាក់​ថ្លៃ​កាន់តែ​ទាបទៅៗ ។

និន្នាការ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ទូទាំង​តំបន់​អាស៊ី​បូព៌ា​មាន​ភាព​ចម្រុះ។ សេដ្ឋកិច្ច​របស់ ប្រទេស​ចិន ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​បាន​ប្រហែល ៧ភាគរយ​នៅ​ឆ្នាំនេះ និង​ធ្លាក់ ចុះ​វិញ នៅ​ឆ្នាំ​បន្ទាប់ ដោយសារ​សេដ្ឋកិច្ច​របស់​ចិន​នៅ​បន្ត​ផ្លាស់ប្តូរ​ទៅជា​ប្រភេទ​មួយ ដែលមាន​លក្ខណៈ​ដឹកមុខ​ដោយ​តម្រូវការ​ប្រើប្រាស់​និង​សេវាកម្ម​ក្នុងស្រុក​ច្រើនជាង ដែលជា​ហេតុ​នាំ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​ចិន​មានការ​ធ្លាក់ចុះ​បន្តិចម្តងៗ ។

សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃទៀត​នៅ​តំបន់​អាស៊ី​បូព៌ា ត្រូវបាន​គេ រំពឹងថា​នឹង​កើនឡើង​បាន ៤.៦ភាគរយ​នៅ​ឆ្នាំ២០១៥ ដែល​វា​ប្រហាក់ប្រហែល​ឆ្នាំ​កន្លងទៅ។

ប្រទេស​នាំចេញ​ទំនិញ​ជាច្រើន ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ម៉ុង​ហ្គោ​លី នឹងមាន​កំណើនសេដ្ឋកិច្ច​យឺត​ជាង​មុន និង​មាន​ប្រាក់ចំណូល​សាធារណៈ ទាប​ជាង​មុន​សម្រាប់​ឆ្នាំនេះ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​តម្លៃ​ទំនិញ​នៅលើ​ពិភពលោក កាន់តែ​ធ្លាក់​ទាបទៅៗ ។ ប៉ុន្តែ​ប្រទេស​អ្នក​នាំចូល​ទំនិញ​នឹង​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច ថេរ​ឬ​អាច​រឹងមាំ។ ជា​ឧទាហរណ៍ សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង ៦,២ភាគរយ​នៅក្នុង​ឆ្នាំ ២០១៥ និង ៦,៣ភាគរយ នៅក្នុង​ឆ្នាំ ២០១៦ ។ ក៏ប៉ុន្តែ កំណើន​នេះ នឹង​ថយចុះ​នៅក្នុង​បណ្តា​ប្រទេស​ដែលមាន​ទំហំ​សេដ្ឋកិច្ចតូចៗ ។ នៅ​កម្ពុជា ទិន្នផល​កសិកម្ម​ដែល​ចុះ​ទាប​ជាង​មុន កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់ខ្លួន ទោះបីជា កំណើន​នេះ​នៅ​រក្សាបាន​ក្នុង​កម្រិត ៦,៩ភាគរយ​ដដែល​ក៏ដោយ​ក្នុងឆ្នាំនេះ។ នៅ​ប្រទេស មី​យ៉ាន​ម៉ា​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​កើតឡើង​កាលពី​ខែកក្កដា នឹង​ទំនងជា​ធ្វើ​ឲ្យ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ថយ​ចុះមក​នៅត្រឹម ៦,៥ភាគរយ ពី ៨,៥ភាគរយ​ក្នុង​ឆ្នាំ ២០១៤ ។ ប្រទេស​នៅ​កោះ​ប៉ាស៊ីហ្វិក នឹងមាន​កំណើន​មធ្យម។

ប្រធាន​ក្រុម​អ្នកសេដ្ឋកិច្ច​របស់​ធនា​គារ​ពិភពលោក​ប្រចាំ​ប​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក ស៊ូ​ឌៀ​រ សេត​ទី មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ នៅក្នុង​តំបន់​អាស៊ី​បូព៌ា បាន​គេ​រំពឹងថា ថយចុះ​បន្ថែមទៀត ដោយសារតែ​ឥ​ទិ្ធ​ពល​មកពី ប្រទេស​ចិន​ដែល​កំពុង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើងវិញ​ដល់​សេដ្ឋកិច្ច​របស់ខ្លួន និង​ឥ​ទិ្ធ​ពល​នៃ​ការគ្រោង​ធ្វើ​បទ​ដ្ឋា​នីយកម្ម​លើ​គោលនយោបាយ​ស្តីពី​អត្រា​ការប្រាក់​របស់​សហរដ្ឋ​អាមេរិក។ លោក​ថា៖«កត្តា​ទាំងនេះ​អាច​បង្ក​ឲ្យ​មាន​អស្ថេរភាព​ផ្នែក​ហរិញ្ញវត្ថុ​ក្នុង​រយៈពេល​ខ្លី ក៏ប៉ុន្តែ​ចាំបាច់​តម្រូវ​ឲ្យ​មានការ​កែតម្រូវ​ដើម្បី​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច​ដែលមាន ចីរភាព​ក្នុង​រយៈពេល​វែង»។

របាយការណ៍​នេះ បានធ្វើការ​សន្ម​ត់​លើ​ការធ្លាក់ចុះ​បន្តិចម្តងៗនៃ​សេដ្ឋកិច្ច​របស់​ចិន​នៅក្នុង​ឆ្នាំ ២០១៦-២០១៧ ។ ទិដ្ឋភាព​នេះ​ទំនងជា​ដោយសារ​ប្រទេស​ចិន​មាន​គោលនយោបាយ គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​ហានិភ័យ​នៃ​ការថយចុះ​កាន់តែ​ច្រើនឡើង​ដែល​គួរ ឲ្យ​កត់សម្គាល់ រួមទាំង​កម្រិត​នៃ​បំណុល​សាធារណៈ​ដែលមាន​ចំនួន​តិច បទ​បញ្ញា​ត្តិ​ជាច្រើន ដែល​រឹតបន្តឹង ដល់​ការ​សន្សំ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ និង​តួនាទី​សំខាន់​របស់​រដ្ឋ​នៅក្នុង ប្រព័ន្ធ​ហិរញ្ញវត្ថុ។ ប្រសិនបើ​កំណើនសេដ្ឋកិច្ច​របស់​ចិន​បន្ត​ថយចុះ​បន្ថែមទៀត វា​នឹង​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​នេះ ជាពិសេស ប្រទេស​ទាំងឡាយណា ដែលមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ជាមួយ​ប្រទេស​ចិន។

របាយការណ៍​នេះ ក៏បាន​ធ្វើការ​សន្ម​ត់​ផងដែរ អំពី​ការកើនឡើង​បន្តិចម្តងៗនៃ​អត្រា​ការប្រាក់ របស់​សហរដ្ឋអាមេរិក នឹង​ចាប់​ផ្តើមឡើង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។ ខណៈ ដែល​កំណើន​លើ​អត្រា​ការប្រាក់​នេះ​ត្រូវបាន​គេ​រំពឹងទុក និង​ទំនង​ជាមាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅមាន​ហានិភ័យ​មួយ​ដែល​ទីផ្សារ​នានា​អាចមាន​ប្រតិកម្ម​ខ្លាំង​ទៅលើ​ការ​រឹតបន្តឹង ការធ្វើ​ឲ្យ តម្លៃ​រូបិយប័ណ្ណ​ធ្លាក់ចុះ ការលក់​បុ​ន​ដ៍ (ប័ណ្ណបំណុល)កើនឡើង លំហូរ​មូលធន​ធ្លាក់ចុះ និង​ការ​រឹតបន្តឹង​លើ​វិលីនភាព​ហិរញ្ញវត្ថុ (វត្ថុ​ដែល​អាច​ទូទាត់​ជា​សាច់ប្រាក់​បានភ្លាម)។

នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​ទាំងនេះ របាយការណ៍​នេះ បាន​គូសបញ្ជាក់​នូវ​អាទិភាពសំខាន់ៗ ចំនួន​ពីរ​សម្រាប់​តំបន់​នេះ ទីមួយ​គឺ ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ភាព​វ័យឆ្លាត ក្នុង​គោលបំណង​ដើម្បី​ទប់ទល់​ដល់​ភាព​ងាយ​រងគ្រោះ​ពី​កត្តា​ខាងក្រៅ​និង​ពី​ផ្នែក​សារពើពន្ធ និង​ទី​ពីរ​គឺ កំណែទម្រង់​រចនាសម្ព័ន្ធ​ដែលមាន​លក្ខណៈ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន ដោយ​ផ្តោ​យ​ការយកចិត្តទុកដាក់​លើ​ការលើកទឹកចិត្ត​ដល់​វិនិយោគទុន​ឯកជន។

ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា
កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នៅតែ​ត្រូវបាន​នាំមុខ​ដោយ​វិស័យ​សំណង់ ការនាំចេញ សម្លៀកបំពាក់ និង​វិស័យ​ទេសចរណ៍។ វិស័យ​សំណង់ បាន​ក្លាយជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់ បំផុត​នៃ​កំណើនសេដ្ឋកិច្ច ដោយសារតែ​កម្ពុ​ជាមាន​ស្ថេរភាព​នយោបាយ​ល្អប្រសើរ​ឡើងវិញ និង​កើនឡើង​នូវ​តម្រូវការ​ប្រើប្រាស់​ឡើងវិញ។ ក៏ប៉ុន្តែ គេ​សង្កេតឃើញ​មាន​សញ្ញាណ មួយចំនួន​នៃ​ការបន្ត​ធ្លាក់ចុះ ជាពិសេស លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ដែល​វា​ផ្អែកទៅលើ​តម្រូវការ​ពី​ខាងក្រៅ និង​តម្លៃ​ផលិតផល​អន្តរជាតិ។ ជា​លទ្ធផល កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​នឹង​ថយចុះ​បន្តិច​មក​នៅត្រឹម ៦.៩ភាគរយ នៅក្នុង​ឆ្នាំ២០១។

លោក សូ​ដេ​ត លី អ្នកសេដ្ឋកិច្ច​របស់​ធ​នាគារ​ពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា៖«កំណើន​នៃ​ការនាំចេញ​សម្លៀកបំពាក់​បាន​ថយចុះ​ក្នុងអំឡុងពេល​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ។ ដូច្នេះ ការ​កែខៃ​អត្ថប្រយោជន៍​ប្រកួតប្រជែង​របស់​កម្ពុជា គឺជា​អាទិភាព​មួយ»។

កំណើនសេដ្ឋកិច្ច​ជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​ទៅនោះ បានធ្វើ​ឲ្យ សុខមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​មានការ​កើនឡើង ធ្វើ​ឲ្យ​កម្រិតជីវភាព​របស់ ពលរដ្ឋ​កម្ពុ​ជាមាន​ភាពល្អ​បង្គួរ។ និន្នាការ​នេះ​នឹង​បន្ត​នៅក្នុង​ឆ្នាំ២០១៥ និង ២០១៦ ជាពិសេស នៅ​តំបន់​ទីប្រជុំជន ដែល​វិស័យ​សំណង់​និង​វិស័យ​សេវាកម្ម​មាន​ភាពរឹងមាំ។

គួរ​បញ្ជាក់ថា របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក គឺជា​ការត្រួត​ពិនិត្យមើល​ឡើងវិញ​ដែលមាន​លក្ខណៈ​ពិស្តារ​របស់​ធនាគារពិភពលោក លើ​សេដ្ឋកិច្ច​របស់​តំបន់​នេះ។ របាយការណ៍​នេះ ត្រូវបាន​បោះពុម្ពផ្សាយ​ពីរដង​ក្នុង​មួយឆ្នាំ និង​មាន​ដាក់​ផ្សាយ​ដោយ​ឥតគិតថ្លៃ​នៅលើ​វេ​ប​សាយ​ត៍របស់​ធនាគារពិភពលោក តាម​អាសយដ្ឋាន http://www.worldbank.org/eapupdate


Tag:
 World Bank
© រក្សាសិទ្ធិដោយ thmeythmey.com