ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការសន្យាប្លែកៗរបស់​អ្នកនយោបាយ​ខ្មែរ៖ ឲ្យ​មាន់​ហូប ផ្តល់​WiFi សងបំណុល និង​ឈប់​ជេរ
06, Oct 2015 , 11:37 am        
រូបភាព
ការសន្យា គឺជា​ការ​សន្មត ឬ​ការប្ដេជ្ញាចិត្ត​ធ្វើ​អ្វីមួយ​ឲ្យ​បានសម្រេច​ជោគជ័យ។ តែ​ការសន្យា​នេះ​ត្រូវបាន​អ្នកនយោបាយ​ភាគច្រើន​ចូលចិត្ត​យកមក​និយាយ ជាមួយ​ការដាក់ចេញ​គោលនយោបាយរៀងៗខ្លួន ដើម្បី​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រ និង​ផ្ដល់​ក្ដីសង្ឃឹម​ច្រើន​ដល់​ប្រជាពលរដ្ឋ ។ ហើយ​ការសន្យា​របស់​អ្នកនយោបាយ​ភាគច្រើនប្លែកៗខុសពី​គ្នា ដែល​សុទ្ធតែជា​ការសន្យា​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ដើម្បី​អាច​ឲ្យ​ពួកគេ​រស់នៅ​ក្នុងសង្គម​ប្រកបដោយ​ជីវភាព​សម្បូរ​សប្បាយ។តែការសន្យា​របស់​អ្នកនយោបាយ​ទាំងនោះ ហាក់ដូចជា​រឿង​ផ្ទុយស្រឡះ​ពី​ការពិត ដែលជា​រឿង​ពិបាក​អនុវត្ត។



ខាងក្រោម​នេះ​គឺជា​ការសន្យា​របស់​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ៖

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សន្យាថា នឹង​ដោះស្រាយ​បញ្ហា​ប្រាក់កម្ចី​របស់​ប្រជាពលរដ្ឋ ដែល​បាន​ខ្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ធ្លាប់មាន​បន្ទូល​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា បើសិនជា​គណបក្ស​ទ្រង់ ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​នោះ ព្រះអង្គ​នឹង​ដោះស្រាយ​បញ្ហា​ប្រាក់កម្ចី​របស់​ប្រជាពលរដ្ឋ ដោយ​រដ្ឋាភិបាល​របស់​ព្រះអង្គ នឹង​លុបបំបាត់​បំណុល​របស់​ប្រជាពលរដ្ឋ​គ្រប់ទិសទី តាមរយៈ​យក​ថវិកាជាតិ​សងបំណុល​ទៅ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ជំនួស​ប្រជាពលរដ្ឋ។

គណបក្ស​អំណាច​ខ្មែរ ប្រកាសថា ប្រជាពលរដ្ឋ​នឹងមាន​មាន់​ទទួលទាន​ជា​រៀងរាល់ថ្ងៃ បើសិនជា​គណបក្ស​ថ្មី​មួយ​នេះ​ឈ្នះឆ្នោត។ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា សន្យាថា ប្រសិនបើ​គណបក្ស​ខ្លួន​ឈ្នះឆ្នោត​នោះ ប្រជាពលរដ្ឋ​គឺ​មិន​ដាច់បាយ​ស្លាប់​នោះទេ ពោលគឺ​យ៉ាងយូរ ​រយៈពេល​តែ២ឆ្នាំ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ក្រុមគ្រួសារ​ទាំងអស់ យ៉ាងហោចណាស់​ក៏មាន​មាន់​មួយ សម្រាប់ធ្វើ​ម្ហូប​ទទួលទាន​រៀងរាល់ថ្ងៃ​ដែរ។ «យ៉ាងហោចណាស់​បើ​គណបក្ស​អំណាច​ខ្មែរ​ឈ្នះឆ្នោត យើង​សន្យា​ក្នុង​រយៈពេល២ឆ្នាំ​យ៉ាងយូ ពលរដ្ឋ​ខ្មែរ​គ្រប់​ក្រុមគ្រួសារ​ទាំងអស់ យ៉ាងណា​ស់មាន​មាន់​មួយ​ធ្វើ​ម្ហូប​ទទួលទាន​រៀងរាល់ថ្ងៃ។ ត្រឹម​មាន់​មួយ​ឲ្យ​ពលរដ្ឋ​មួយ​គ្រួសារ​មាន​ទទួលទាន​រៀងរាល់ថ្ងៃ​អត់​ពិបាកធ្វើ​ទេ។យើង​ដឹកនាំ​ប្រទេស​តែ២ឆ្នាំ គឺ​មួយ​ផ្ទះ​បើ​អត់​បំផុត ក៏មាន​មាន់​មួយ​ធ្វើជា​ម្ហូប​ទទួលទាន»។ នេះ​ជាការ​សន្យា​របស់លោក សួន សេរី​រដ្ឋា។

លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ បានកំណត់​គោលនយោបាយ​ខ្លួន ដោយ​សន្យា​ឲ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់ Wifi នៅ​គ្រប់​ទីកន្លែង នៅពេលដែល​គណបក្ស​ខ្លួន​ជាប់ឆ្នោត។

ប្រធាន​គណបក្ស​ស​ម្ព័​ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ដែល​តែងតែ​រិះគន់​ដោយ​ប្រើពាក្យ​អសុរោះ និង«ជេរ»ប្រមាថ​ឥត​សំចៃ​ទៅកាន់​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ​មួយចំនួន​នោះ បាន​សន្យាថា ខ្លួន​នឹងមិន​ប្រើពាក្យ​អសុរោះ និង «ជេរ» ប្រមាថ​ទៀត​នោះទេ ប្រសិនបើជា​គណបក្ស​ខ្លួន​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​។ នេះជាការបញ្ជាក់របស់លោក ខឹម វាសនា ដែលធ្លាប់បានផ្ដល់កិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ ជាខេមរភាសា។

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ធ្លាប់​សន្យាថា បើ​គណបក្ស​ខ្លួន​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​នោះ លោក​នឹង​ទាមទា​កោះត្រល់ និង​ទឹកដី​កម្ពុជា​ក្រោម​មកវិញ។ ហើយ​គណបក្ស​លោក ក៏​នឹង​រៀបចំ​ច្បាប់​ឲ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា បាន​រៀបការ​ដែរ។

ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កាន់អំណាច៣០ឆ្នាំ​មកហើយ ក៏បាន​សន្យា​ច្រើន​ជាមួយ​ប្រជាពលរដ្ឋ​ផងដែរ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សន្យាថា លោក​នឹង«កាត់​ក្បាល»បើសិនជា​លោក​មិនអាច​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​មិនបាន​នោះ។ តែ​រហូតមក​ដល់ពេល​បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ​នៅតែ​កើតមានឡើង ហើយ​តំបន់​ព្រៃឈើ​មួយចំនួន​រង​ផលប៉ះពាល់​ហិនហោច​ដដែល។ ចំណែក​លោក ហ៊ុន សែន នៅតែ​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ទៀតផង។

គណបក្ស​សង្គ្រោះ​ជាតិ សន្យាថា នឹង​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល បញ្ហាដីធ្លី និង​ការលំបាក​ប្រជាពលរដ្ឋ ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏​ធ្លាប់​សន្យា តាមរយៈ​គោលនយោបាយ​ខ្លួន​ដែរ​ថា នឹង​ផ្ដល់​ថវិកា ដល់​ប្រជាពលរដ្ឋ​ចាស់ជរា​ទាំងអស់ ចាប់ពី​អាយុ៦០ឆ្នាំ​ឡើងទៅ ដោយ​ក្នុងម្នាក់ៗចំនួន៤ម៉ឺន​រៀល បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស។

តើ​អ្នកនយោបាយ​ខ្មែរ​គ្រាន់តែ​លើកយក​គោលនយោបាយ និង​ការសន្យា​យកមក​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ម្ចាស់ឆ្នោត ដើម្បី​តែ​គណបក្ស​ខ្លួន​បានឈ្នះ​ឆ្នោត​កាន់អំណាច​ឬ?តើ​ការសន្យា​របស់​អ្នកនយោបាយ​ទាំងនោះ អាចអនុវត្ត​បាន​តាម​ការសន្យា​របស់ខ្លួន​ដែរ​ទេ នៅពេល​ឈ្នះឆ្នោត?វា​ជា​រឿង​ដែល​ប្រជាពលរដ្ឋ ត្រូវ​ទន្ទឹងរង់ចាំ​មើល៕


Tag:
 ​អ្នកនយោបាយ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com