អន្តរជាតិ
អាមេរិក ថា ការវាយប្រហារ​លើ​មន្ទីរពេទ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​កំហុស​អ​ចេតនា
07, Oct 2015 , 4:49 pm        
រូបភាព
ដោយ:
មេបញ្ជាការ​កងទ័ព​កំពូល​របស់​សហរដ្ឋអាមេរិក បានទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​ចំ​លើ​មន្ទីរពេទ្យ​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ដោយនិយាយ​ថា​វា​ជា​កំហុស​អ​ចេតនា។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​ក្នុង​ខេត្ត​Kunduzប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​កងទ័ព​អាមេរិក​កំពុង​ធ្វើ​ប្រតិបត្តិ​ការបណ្ដេញ​ក្រុម​តា​លី​បង់​ចេញពី​តំបន់។



កាលពី​ថ្ងៃ​ម្សិលមិញ លោក​ឧត្ដមសេនីយ៍ John Campbell ប្រមុខ​កងទ័ព​អាមេរិក​និង ណា​តូ​ប្រចាំ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​និយាយ ខ្លួន​ពិតជា​បាន​វាយប្រហារ​លើ​មន្ទីរពេទ្យ​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​មែន តែ​វា​ជា​រឿង​កំហុស​អ​ចេតនា​នោះទេ។ ការអះអាង​នេះ ធ្វើឡើង​ក្នុងពេលដែល​លោក​ផ្ដល់​សក្ខីកម្ម​ទៅឱ្យ​គណៈកម្មាការ​យោធា​របស់​ព្រឺទ្ធសភា​អាមេរិក។ 

ការស៊ើបអង្កេត​ចំនួន​បី​ដាច់ដោយឡែក​ពីគ្នា​កំពុងតែ​ធ្វើឡើង ដើម្បី​កំណត់​មូលហេតុ​ពិតប្រាកដ​ក្នុង​ហេតុ​ការ​ណ៏​ដ៍​អាក្រក់​នេះ។  ហេតុការណ៍​នោះ​គឺ ការវាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃអាទិត្យ ដែល​បានសម្លាប់​មនុស្ស២២នាក់ ដែល​ជនរងគ្រោះ​ភាគច្រើន​ជា​បុគ្គលិក​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន។

ក្នុងពេល​ផ្ដល់​សក្ខីកម្ម​ដល់​គណៈកម្មាកា​រ​ព្រឹទ្ធសភា​អាមេរិក លោក​ឧត្ដមសេនីយ៍​Campbellបាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​គឺធ្វើឡើង​ដោយមាន​ការស្នើសុំ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ កងទ័ព​ពិសេស​របស់​អាមេរិក​កំពុង​ប្រយុទ្ធ​នៅក្បែរនោះ មុនពេល​មាន​អន្តរាគមន៍។ លោក​បន្តថា ក្រុមមន្ត្រី​អាមេរិក​កំពុងធ្វើការ​ជាមួយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​លើ​រឿងនេះ​ដើម្បី​ទទួលបាន​ព័ត៌មាន​ឱ្យ​គ្រប់​ជ្រុងជ្រោយ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក​Ashton Carter ក៏បាន​សម្តែង​ការសោកស្ដាយ​ចំពោះ​រឿង​ដែល​បាន​កើតឡើង។ លោក Carter បាន​លើកឡើងថា អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន បាន​ដើរតួ​យ៉ាងសំខាន់​នៅ​ជុំវិញ​ពិភពលោក ហើយ​ក្រសួងការពារជាតិ​អាមេរិក​មានការ​សោកស្ដាយ​ជាខ្លាំង​ចំពោះ​ការបាត់​បង់ជីវិត​ជនស្លូតត្រង់​ក្នុង​ហេតុ​ការ​ណ៏​នេះ។

ដោយឡែក​ប្រធាន​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន លោកស្រី​Joanne Liuបាន​និយាយថា វា​ជា​រឿង​មិនអាច​ទទួលយកបាន​នោះទេ ហើយ លោកស្រី បានចាត់ទុក​ការវាយប្រហារ​នេះ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ចុងក្រោយ អង្គការ​នេះ បានសម្រេច​ដក​ប្រតិបត្តិការ​ចេញពី​ខេត្ត​Kunduz បន្ទាប់ពី​មានការ​វាយប្រហារ​លើ​មន្ទីរពេទ្យ​របស់ខ្លួន៕


Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com