ជាតិ
ប៉ូលីស​ឃាត់ខ្លួន​វៀតណាម​ខុសច្បាប់ ៣២នាក់ ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​ព្រី​ម៉ាលី​ស
07, Oct 2015 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្លាំង​នគរបាល​នៃ​ស្នង​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៣២នាក់ កំពុង​លាក់ខ្លួន​ធ្វើ​កម្មករសំណង់​ខុសច្បាប់​នៅក្នុង​ក្រុមហ៊ុន​ព្រី​ម៉ាលី​ស ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ នេះ​បើតាម​ការផ្សាយ លើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ។



ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខុសច្បាប់ ធ្វើឡើង​កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​លោក សម សាមួន បាន​ឲ្យ​ប្រភព​ខាងលើ​ដឹងថា ជនជាតិ​វៀតណាម​ម្នាក់​ប៉ុណ្ណោះ មាន​លិខិតឆ្លងដែន ចំណោម​ជនជាតិ​វៀតណាម​ខុសច្បាប់ ទាំង ៣២នាក់ ដែល​បាន​ជ្រៀតចូល​តាម​ច្រកព្រំដែន​កម្ពុជា។ ប៉ុន្តែ​ក្រោយ​ផ្ទៀងផ្ទាត់ លោក​ថា លិខិតឆ្លងដែន​មួយ​នោះ គឺ​ខុស​នឹង​ទិដ្ឋាការ ដូចនេះ​ពួកគេ​ជា​ជនអន្តោប្រវេសន៍ ខុសច្បាប់​ទាំងអស់។

សមត្ថកិច្ច​បាន​បញ្ជូន​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ទាំង ៣២នាក់ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕


Tag:
 ជនជាតិ​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com