ជាតិ
វត្ដ​វាល​ធំ អត្ដ​ខាត់​ទទួលបាន​ការចូលរួម​ដាក់​បិណ្ឌ​ពី វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង
09, Oct 2015 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
នៅ​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គណៈ​គ្រប់គ្រង​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង រួមទាំង​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ចំនួន៥២៥នាក់ បាន​ទៅ​ដាក់​បិណ្ឌ​វេន​ទី៧ នៅ​វត្ដ​វាល​ធំ ដែលជា​វត្ត​អត្ដ​ខាត់ ស្ថិតក្នុង​ភូមិ​វត្ដ​វាល​ធំ ឃុំ​ក្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះ។



លោកស្រី ឡា សុភៈ គណៈ​គ្រប់គ្រង​នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា ការដាក់​បិណ្ឌ​នេះ​ជាការ​មូលមតិ​គ្នា​ជា​ឯក​ឆន្ទ​ពី​សំណាក់​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ដើម្បី​នាំយក​នូវ​ទេយ្យទាន​មួយចំនួន​ដែល​ទទួលបាន​ពី​លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និង​សប្បុរសជន​នានា​ក្នុង​សកម្មភាព​សប្បុរសធម៌​កន្លងមក រួមទាំង​បច្ច័យ និង​ទេយ្យវត្ថុ​មួយចំនួនធំ​ដែល វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំឡើង​ដើម្បី​យកទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ​ជូន​ដល់​ញាតិ​ការ បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ ទោះបី​បុព្វការី​ជន​នៅ​ទិស​ទីណា​ក្តី ក៏​សូម​អញ្ជើញ​មក​អនុមោទនា​ទទួលយក​នូវ​ភោគផល​ដែល​កូនចៅ​បាន​ឧទ្ទិស​ជូន​ក្នុងឱកាស​វេលា​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

គួរ​បញ្ជាក់ដែរថា ទេយ្យទាន​ដែល​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​នាំយកទៅ​ប្រគេន​ដល់​វត្ត​ក្នុង​ពិធី​ដាក់​បិណ្ឌ​វេន​ទី៧នេះ​រួមមាន ទៀន ធូប មី​ចំនួន១០កេះ ទឹកក្រូច៥កេះ ទឹក​ផ្លែឈើ៥កេះ ទឹក​សុទ្ធ៥កេះ សៀង១៥គីឡូក្រាម ឆៃប៉ូវ១៥គីឡូក្រាម អំបិល១០គីឡូក្រាម ស្ករស៥គីឡូក្រាម ប៊ីចេង២គីឡូក្រាម ត្រីខ២ឡូ ប្រេងឆា៥លីត្រ ទឹកត្រី២ឡូ ទឹក​ស៊ី​អី​វ២ឡូ និង​អង្ករ១០០គីឡូក្រាម ជូន​ដល់​វត្ត​វាល​ធំ ព្រមទាំង​បាន​ប្រគេន​នូវ​បច្ច័យ និង​ទេយ្យទាន​ដល់​ព្រះសង្ឃ និង​ចែកជូន​នូវ​ថវិកា និង​ក្រមា​ដល់​គណៈកម្មការ​វត្ត និង​លោកយាយ លោកតា​ចំនួន២០នាក់ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ពិធី​ដាក់​បិណ្ឌ​នេះ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com