ជាតិ
តុលាការ​សម្រេច​ឃុំខ្លួន​ស្ត្រី​ជេរប្រមាថ​សមត្ថកិច្ច ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍
09, Oct 2015 , 1:21 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សាលាដំបូង​ខេត្តបាត់ដំបង​បានសម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដែល​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ជេរប្រមាថ​សមត្ថកិច្ច​ប​ណ្តោះ​អាសន្ន ដើម្បី​រង់ចាំ​បើក​ការ​ស៊ើប​សង្កេត​តាម​នីតិវិធី បន្ទាប់ពី​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ចាប់បញ្ជូន​ខ្លួន​ស្ត្រី​រូបនោះ ឡើងកាន់​តុលាការ កាលពី​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃទី៩ តុលា​នេះ។



ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង ចោទប្រកាន់​ស្ត្រី​សង្ស័យ​ពីបទ​បើកបរ​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ដោយ​ចេតនា ហើយ​រត់គេចខ្លួន និង​បទ​ប្រមាថ​មកលើ សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់។ បើតាម​ប្រភព​នគរបាលជាតិ ស្ត្រី​ជាប់ចោទ​ឈ្មោះ សូ ដា​ម៉ុ​ន អាយុ៤០ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន១ ប្រកបមុខរបរ​បើក​ហាង​សំអាងការ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ត្រូវបាន​នគរបាល​ស្រុក​សំពៅ​លូន ចាប់​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥៩ B ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខណៈពេល​ស្ត្រី​ជាប់ចោទ​ធ្វើដំណើរ​ចេញពី​ប្រទេស​ថៃ ចូលមក​ដី​ខ្មែរ​វិញ។

កន្លងទៅ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ទទួល​ទិស​យោធភូមិភាគ៤និង​ភូមិភាគ៥ លោក ខេង សុមេធ ក៏​បានចេញ​បទបញ្ជា​ឱ្យ​នគរបាល​ខេត្តបាត់ដំបង​ស្វែងរក​ចាប់​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ សូ ដា​ម៉ុ​ន ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។ គួររម្លឹកថា កាលពី​ម៉ោង៨កន្លះ​យប់​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ស្ត្រី​ឈ្មោះ សូ ដា​ម៉ុ​ន បាន​បើករថយន្ត​ទំនើប​ម៉ាក AUDI ១គ្រឿង​ពណ៌​ស​ពាក់​ស្លាក លេខ​ភ្នំពេញ 2AG 7576 ក្នុងស្ថានភាព​ស្រវឹង បង្ក​គ្រោះថ្នាក់​ទៅលើ​ស្ត្រី​ម្នាក់​កំពុង​ជិះ​កង់​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ នៅលើ​ផ្លូវជាតិ​លេខ​៥៩b ស្ថិតនៅ​ចំណុច​ត្រាវ​ជូ ក្នុងភូមិ​អូរ​ចំណិត ឃុំ តា​ស្តា ស្រុក​សំពៅ​លូន ។ នៅពេល​កើតហេតុ​គេ​ឃើញ​នគរបាល​ម្នាក់​បាន​ទៅ​សួរនាំ ពេលនោះ​ស្ត្រី​ឈ្មោះ សូ ដា​ម៉ុ​ន បាន​ជេរប្រមាថ​មើលងាយ​មក​លើ​នគរបាល​រូបនោះ កំពុងតែ​បំពេញភារកិច្ច៕


© រក្សាសិទ្ធិដោយ thmeythmey.com