ជាតិ
សង្គមជាតិ
កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ទិវា​អាស៊ាន​សម្រាប់​ការគ្រប់គ្រង​គ្រោះមហន្តរាយ ឆ្នាំ ២០១៥
09, Oct 2015 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រារព្វ​ទិវា​អាស៊ាន​ស្តីពី ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ រយៈពេល ២ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ០៩ ដល់ ១០ ខែតុលា ឆ្នាំ២០១៥ ក្រោម​ប្រធានបទ «អាស៊ាន​ធន់​នឹង​គ្រោះមហន្តរាយ​តែមួយ» នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ (CKCC)។

 
គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​អាស៊ាន សហការ​ជាមួយ​លេខាធិការ​អាស៊ាន និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ ប្រារព្វ​ទិវា​អាស៊ាន​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ កាត់បន្ថយ​គ្រោះមហន្តរាយ ក្នុង​ឆ្នាំ២០១៥នេះ បន្ទាប់ពី​ប្រទេស​ថៃ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ ២០១។ អ្នកចូលរួម​ជាង ២ពាន់​នាក់ តំណាង​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន លេខាធិការដ្ឋាន អាស៊ាន ទេសរដ្ឋមន្ត្រី តំណាង​ស្ថានទូត ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍ តំណាង​រាជរដ្ឋាភិបាល​កាកបាទក្រហមកម្ពុជា ក្រុម​អង្គការ​សង្គម​ស៊ីវិល តំណាង​សហគមន៍ ក្រុមយុវជន និង​វិស័យ​ឯកជន​នឹងចូលរួម​ក្នុង​កម្មវិធី​នេះ។
 
ប្រធានបទ​ទិវា​អាស៊ាន​សម្រាប់​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំនេះ ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួម​នៃ​បណ្តា​ប្រទេស​អាស៊ាន​ដែលជា​សហគម​ន៏​តែមួយ​ក្នុងការ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​គ្រោះមហន្តរាយធម្មជាតិ បំរែបំរួល​អាកាសធាតុ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។
 
អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​អាស៊ាន លោក រស់ សុវណ្ណ បាន​មានប្រសាសន៍ថា ប្រធានបទ​ផ្តោត​សំខាន់​ក្នុងឆ្នាំនេះ ផ្តោតលើ​ការលើកកម្ពស់​ការយល់​ដឹង​អំពី​អាស៊ាន​ស្តីពី សហគមន៍​តែមួយ​ធន់​នឹង​គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការលើក កម្ពស់​ឳ្យ​បាន​គ្រប់​ជ្រុងជ្រោយ ចំពោះ​គម្រោង​សុវត្ថិភាព​តាម​សាលារៀន​និង​ការបង្កើន​ការ ឆ្លើយតប​របស់​អាស៊ាន​ស្តីអំពី​ការប្រែប្រួល​អាកាសធាតុ។ លោក​ថា៖«រាជរដ្ឋាភិបាល​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​បាន​នឹង​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​សកម្មភាពសំខាន់ៗដូចជា ការត្រៀម​រៀបចំ ការឆ្លើយតប ការកាត់បន្ថយ និង​កា​រប​ន្ស៊ាំ»។
 
យោងតាម​របាយការណ៍​ហានិភ័យ​ឆ្នាំ២០១៤ របស់​អង្គការសហប្រជាជាតិ ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី៩ ដែល​ងាយ​រងគ្រោះ​ជាងគេ ក្នុងករណី​គ្រោះមហន្តរាយ​នៅលើ​ពិភពលោក ហើយ​វា​ជា​ឧបសគ្គ​ដល់​ដំណើរការ​អភិវឌ្ឍ​ន៍ស​ម្រា​ប់​ប្រទេស​កម្ពុជា។ ប្រជាជន​កម្ពុជា​ចំនួន ១៦៥៥១៦នាក់ ក្នុងនោះ ប្រជាជន​ចំនួន ៤៩នាក់​បាន​ស្លាប់បាត់​បង់ជីវិត ក្នុងករណី​គ្រោះទឹកជំនន់​ក្នុង​ឆ្នាំ ២០១។ តួលេខ​នេះ​មិន​បានគិត​រួមបញ្ចូល អំពី​ការខូចខាត​ធ្ងន់ធ្ងរ និង​ការបំផ្លិចបំផ្លាញ​លើដី​កសិកម្ម​ជាច្រើន​ពាន់​ហិច​តា​របស់​ប្រជាជន ការចិញ្ចឹម​សត្វ ហេដ្ឋារចនាសម្ព័ន្ធ និង​របរ​ចិញ្ចឹមជីវិត​របស់​ពួកគេ ជាពិសេស​គឺ ប្រជាជន​ក្រីក្រ។
 
ជាងនេះទៀត គ្រោះទឹកជំនន់​បានធ្វើ​ឳ្យ​ប៉ះពាល់​ដល់​វិស័យសំខាន់ៗ មួយចំនួន ដូចជា វិស័យ​កសិកម្ម សេ​ដ្ធ​កិច្ច សុខភាព និង​អប់រំ​ជាដើម។ យោងតាម​ក្រសួងបរិស្ថាន ទឹកប្រាក់​ប្រមាណ ១.២កោដិ​លាន​ដុល្លា​សហរដ្ឋអាមេរិក ត្រូវ​ចំណាយ​ទៅលើ​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​រយៈពេល ៥ឆ្នាំ ចាប់ពី​ឆ្នាំ២០១៤ ទៅ​ឆ្នាំ ២០១៨ ។
 
គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា​បានដាក់​បញ្ចូល​កម្មវិធី​គ្រប់គ្រង​គ្រោះមហន្តរាយ និង​កម្មវិធី​ប​ន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ។ បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ផែនការ​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ក្រោម​ពិធីសារ​នៃ​ក្របខ័ណ្ឌ​របស់​អង្គការសហប្រជាជាតិ​ដែល​ហៅថា ផែនការ​បម្រុង​ជាតិ តូបនីយកម្ម ដើម្បី​កំណត់​បរិវិសទាន (ចំនួន​ប្រាក់​ដែល​អ្នក​ចុះកិច្ចសន្យា​ត្រូវ​បង់) នៅក្នុង​កិច្ចប្រជុំ​នាទី​ក្រុងប៉ារីស ប្រទេស​បារាំង នៅ​ចុងឆ្នាំ ២០១៥ខាងមុខនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com