ជាតិ
នី រតនា ក្លាយជា​ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី១
01, Nov 2015 , 11:58 pm        
រូបភាព
ដោយ: រួបរួម
នី រតនា បាន​ក្លាយជា​ម្ចាស់​ពាន​នៃ​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol រដូវ​កាល​ទីមួយ​របស់​ទូរទស្សន៍​ហង្ស​មាស បន្ទាប់ពី​រូបគេ​បានទទួល​សារ​គាំទ្រ​ច្រើន​បេក្ខជន​ពីរ​នាក់​ទៀត គឺ ម៉ៅ ហា​ជី និង​សៅ ឧ​ត្ត​ម  នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​រាត្រី​ថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ដោយមាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចូលរួម​ធ្វើជា​អធិបតីភាព។



នៅ​ជុំទីមួយ បេក្ខជន​ផ្តាច់ព្រ័ត្រ​ទាំងបី​រូប ត្រូវបាន​តម្រូវ​ឲ្យ​បកស្រាយ​បទ​ចម្រៀង​ដែល​ទាក់ទង​នឹង​ខេត្ត​កំណើត​របស់ខ្លួន។ នី រតនា ដែល​មកពី​ខេត្តកំពង់ធំ ច្រៀង​បទ «សម្រស់​បុ​ប្ឆា​កំពង់ធំ» ខណៈ ម៉ៅ ហា​ជី ពី​ខេត្តបាត់ដំបង​លើកយក​បទ «រ​ដួល​ដងស្ទឹង​សង្កែ» មុន​ពេលដែល​បេក្ខជន​ពី​ខេត្តស្វាយរៀង សៅ ឧ​ត្ត​ម បង្ហើរ​សំនៀង​ជាមួយ​បទ «បុ​ប្ឆា​ស្វាយរៀង» ។

ឈានដល់​ជុំ​ទី​ពីរ បេក្ខជន​ទាំងអស់ ត្រូវ​លើក​បទ​សម័យថ្មី​មក​ច្រៀង។ ម៉ៅ ហា​ជី លើកយក​បទ «ឈឺចាប់​បន្តិច​ម្តង» មក​បកស្រាយ​មុនគេ បន្ទាប់មក សៅ ឧ​ត្ត​ម ច្រៀង​បទ «ដល់ពេល​វេលា​បែក​ទើប​ថា​បង​មិន​ស័ក្តិសម» មុនពេល នី រតនា បកស្រាយ​បទ «ស្រលាញ់​អូន​មិន​ខ្វល់​ពី​អារម្មណ៍​អ្នកដទៃ»។

ជុំ​ទី​បី​ឈានដល់​ការបកស្រាយ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍។ នៅ​ជុំ​នេះ សៅ ឧ​ត្ត​ម ឡើង​ច្រៀង​មុនគេ​ជាមួយនឹង​បទ «រាំ​ចង្វាក់ Rock & Roll» នី រតនា បកស្រាយ​បទ «យុវជន​ខូចចិត្ត» និង ម៉ៅ ហា​ជី ច្រៀង​បទ «ម៉ាក​ស៊ី នារី​ថ្មី»។

នៅ​ជុំ​ចុងក្រោយ អ្នក​ទាំងបី បកស្រាយ​បទ​ចម្រៀង​តែមួយ​រួមគ្នា គឺ​បទ « ក្រោកឈរ» របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ដែលជា​សមាជិក​គណៈកម្មកា​រ​មួយរូប។

នី រតនា ដែល​ជា​ម្ចាស់​ពានរង្វាន់ បានទទួល​ទឹកប្រាក់១០០លាន​រៀល រួមទាំង​ប្រាក់ និង​រង្វាន់​លើកទឹកចិត្ត​ផ្សេងទៀត រីឯ​ម៉ៅ ហាជី និង សៅ ឧត្តម ក៏​ទទួលបាន​ប្រាក់ និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ផងដែរ​ពី​ម្ចាស់​ស្ថានីយ៍ និង​អ្នក​ឧបត្ថម្ភ​កម្មវិធី៕



© រក្សាសិទ្ធិដោយ thmeythmey.com