ជាតិ
បទវិភាគ
អ្នកនយោបាយ​ដើរចេញ​ពី​បក្ស និង​បុគ្គលិក​ដើរ​ចេញពី​ក្រុមហ៊ុន​សុទ្ធតែ​អាក្រក់​មែនឬ​?
24, Nov 2015 , 7:59 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្នុង​អតីតកាល សកម្មភាព​របស់​បក្ស​នយោបាយ​នៅ​កម្ពុជា​មិនសូវ​ផុសផុល​ទេ ប៉ុន្តែ ចាប់ពី​ឆ្នាំ​១៩៩៣​មក សកម្មភាព របស់​បក្សនយោបាយ បានចាប់ផ្ដើម​សកម្ម​និង​ផុសផុល​ជា​បន្តបន្ទាប់ រហូតដល់​លេចធ្លោ​ជាង​សកម្មភាព​អ្វី​ទាំងអស់​នៅក្នុង​សង្គម​ខ្មែរ​។ ក្នុងការ​ប្រកួតប្រជែង​គ្នា​រយៈពេល​ជិត​៣០​ឆ្នាំ​កន្លងមកនេះ យើង​បាន​សង្កេតឃើញថា មាន​អ្នកនយោបាយ​មួយចំនួន បាន​ចាក​ចេញពី​បក្សនយោបាយ​មួយ​ទៅ​ចូលរួម​ក្នុង​បក្សនយោបាយ​មួយទៀត ជា​បន្តបន្ទាប់​រហូតដល់​ទៅ​ពីរ​ឬ​បី​បក្សនយោបាយ​។ តើ​មាន​អ្វី​នៅ​ពីក្រោយ​សកម្មភាព​បែបនេះ​? ហើយ​មនុស្ស​ប្រភេទ​នេះ គួរ​ទុកចិត្តបាន និង គួរឱ្យ​តម្លៃ​ដែរឬទេ​?


​ក្នុងការ​បោះឆ្នោត​អាណត្តិ​ទី​១​និង​ទី​២ មាន​បក្សនយោបាយ​ច្រើន​ចូលរួម​ប្រកួតប្រជែង ក្នុង​អាណត្តិ​ជា​បន្តបន្ទាប់​ចំនួន​បក្សនយោបាយ​ហាក់ដូចជា​ថយចុះ​ជា​លំដាប់​។ ទ​ន្ទឹ​នឹង​នោះ គេ​សង្កេតឃើញ​មាន​សមាជិក​បក្សនយោបាយ​មួយចំនួន​បាន​ចាក​ចេញពី​បក្សនយោបាយ​របស់ខ្លួន ទៅ​ចូលរួម​ក្នុង​បក្សនយោបាយ​ផ្សេងៗ ជា​បន្តបន្ទាប់​។ បុគ្គល​ទាំងនេះ ភាគច្រើន​តែងតែ​ទទួលបាន​តំណែង ឬ ការងារ​មួយ​គ្រាន់បើ​ដែរ​ថ្វីបើ​មិន​ខ្ពស់​ពេក​។ ការងារ​សំខាន់​របស់​ពួកគេ គឺ​ជួយ​ការពារ​បក្ស​ថ្មី​របស់ខ្លួន និង ជេរប្រទេច បកអាក្រាត ឬ វាយប្រហារ​ទៅ​បក្សនយោបាយ​ដែល​ខ្លួន​ធ្លាប់​ធ្វើការ​កន្លងមក​។​
 
​ជាទូទៅ ពួកគេ​ទាំងអស់នោះ ត្រូវ​ទទួលរង​ការរិះគន់​ពី​សាធារណមតិ​ថា ជា​មនុស្ស​ក្បត់បក្ស ជា​មនុស្ស​ត្រូវគេ​ទិញ​ក្បាល ឬ ជា​មនុស្ស​មិនមាន​គោលការណ៍ ឧ​ត្ត​គតិ ឬ មនោគមន៍វិជ្ជា ច្បាស់លាស់​, ជា​មនុស្ស​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​, ឱ្យតែ​អ្នកណា​ផ្ដល់​ប្រយោជន៍​ឱ្យ​ច្រើនជាង គឺរ​ត់ទៅ​បម្រើ​ការឱ្យ​អ្នកនោះ ដោយ​មិន​គិតថា អ្នកនោះ ឬ បក្ស​នោះ មាន​គោលនយោបាយ​ល្អ​ឬ​មិនល្អ​, គិតគូរ​ប្រយោជន៍​ជាតិ​ឬ​អត់ ឬ ជា​បក្ស​ដែល​ខ្លួន​ធ្លាប់​ប្រឆាំង​នោះទេ​។ ជារួម ចំពោះ​ជន​ប្រភេទ​នេះ តាម​ការសង្កេត គេ​បាន​ឃើញថា ក្នុង​ការងារ​តស៊ូ​មតិ ឬ កា​ងារ​ទប់​នឹង​ការរិះគន់​របស់​បក្សនយោបាយ​ផ្សេងៗ ឬ មហាជន ពួកគេ​បាន​ដើរតួរ​សកម្ម និង មោះមុត​ជាង​សកម្មជន​ដែលជា​សមាជិក​ចាស់​រប​ស់​បក្សនយោបាយ​នេះ​ទៅទៀត​។​
 
​បើ​ក្នុង​បរិបទ​វិស័យ​ឯកជន កម្មករ ឬ បុគ្គលិក ដែល​រត់​ចេញពី​សហគ្រាស​មួយ​ទៅ​សហគ្រាស​មួយទៀត ហើយ​ព្យាយាម​បន្តុះ​ប​ន្អា​ប់ ឬ បកអាក្រាត​ពី​ស្ថាប័ន​ដើម​ដែល​ខ្លួន​ធ្លាប់​បំពេញការងារ​ក្នុង​ពេលធ្វើ​បទសម្ភាសន៍​ចូលធ្វើការ​,         កម្មករ ឬ បុគ្គលិក​នោះ នឹងមិន​ត្រូវបាន​គេ​ជ្រើសរើស​ឱ្យធ្វើ​ការ​ទេ ពីព្រោះ​ម្ចាស់​សហគ្រាស​ថ្មី​ខ្លាច ពេល​អ្នកនោះ​រត់ចេញ​ពី​សហគ្រាស​របស់ខ្លួន អ្នកនោះ​នឹង​ទៅ​និយាយដើម​សហគ្រាស​របស់ខ្លួន ដូចដែល​ពួកគេ​ធ្វើ​ចំពោះ​សហគ្រាស​មុន​របស់គេ​ដែរ​។​
 
​ប៉ុន្តែ ចំពោះ​បក្សនយោបាយ​វិញ ជន​ប្រភេទ​នេះ បែរជា​ត្រូវបាន​គេ​ទទួលយក​ភ្លាមៗ និង បានប្រគល់​ការងារ​ជាពិសេស​ឱ្យធ្វើ គឺជា​សកម្មជន​ដែល​ត្រូវ​វាយប្រហារ ឬ វាយបក​ទៅ​បក្សនយោបាយ​ដែល​ខ្លួន​ធ្លាប់​បំពេញការងារ​ទៅវិញ​។​
 
​តាម​ការវិភាគ និង​ការសង្កេត គេ​យល់ថា តាមពិត ជន​ទាំងនេះ ក៏​មិនមែនជា​មនុស្ស​ដែល​បក្ស​ថ្មី​ទុកចិត្ត​និង​ឱ្យ​តម្លៃ​ដែរ​។ ការផ្ដល់​តំណែង ឬ ការងារ​ណាមួយ​ឱ្យ​នោះ គឺ​គ្រាន់តែ​ជា​ជា​ចំណង ដែលជា​ការងារ​មិន​សំខាន់ ឬ ជាការ​ងារ​ដែល​មនុស្ស​ត្រឹមត្រូវ​ខ្លះ​មិន​ចង់​ធ្វើ​តែប៉ុណ្ណោះ​។ ពីព្រោះ វា​ត្រូវ​ប្រើពាក្យ​គ្រោតគ្រាត និង ត្រូវ​ប្រឈមមុខ​នឹង​ការវាយប្រហារ​ខាង​ពា​ក្ស​ម្ដី និង ទស្សនៈ​ច្រើន​មុខព្រួញ ដែល​ស្ទើរតែ​គ្មាន​សេចក្ដីសុខ ឬ សេចក្ដី​ស្ងប់​ក្នុង​អារម្មណ៍​ឡើយ​។​
 
​លើសពីនេះ​ទៀត ចំពោះ​សាធារណមតិ​វិញ មនុស្ស​ដែល​រត់​ចេញពី​បក្ស​មួយ​ទៅ​បក្ស​មួយ ហើយ​បកអាក្រាត វាយប្រហារ ឬ មួលបង្កាច់​បក្ស​ដើម​ដែល​ខ្លួន​ធ្លាប់ធ្វើ​ការងារ​នោះ គឺជា​មនុស្ស​អសីលធម៌ មិនសូវ​មានតម្លៃ ជា​មនុស្ស​មិនគួរ​ឱ្យ​ទុកចិត្ត និង មិនគួរ​ឱ្យ​គោរព​ទេ​។ ពួកគេ​ក៏​មិនមែនជា​មនុស្ស​ដែល​អាចជួយ​ទាក់ទាញ​ប្រជាប្រិយភាព​ឱ្យ​បក្ស​ថ្មី​ដែល​ពួកគេ​ទើបតែនឹង​ផ្លាស់​ចូល​នោះដែរ​។ ផ្ទុយទៅវិញ ជន​ប្រភេទ​នេះ អាចជា​អ្នក​ធ្វើឱ្យ​ខូច​កិត្តិយស តម្លៃ បាត់បង់​ការគោរព ឬ ធ្វើឱ្យ​បាត់​សន្លឹកឆ្នោត​របស់​បក្ស​ថ្មី​បន្ថែមទៀត​ក៏​ថា​បាន​។​
 
​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​មិនមែន​អ្នករត់​ចេញពី​បក្ស​ទាំងអស់​សុទ្ធតែជា​មនុស្ស​ប្រភេទ​នេះដែរ ពីព្រោះ មេបក្សនយោបាយ​ទាំងអស់ ក៏​មិនមែន​សុទ្ធតែ​បាន​ប្រព្រឹត្ត​ឬ​ដឹកនាំ​ល្អ ប្រកបដោយ​យុត្តិធម៌ និង ត្រឹមត្រូវ ចំពោះ​សមាជិក​របស់ខ្លួន​នោះដែរ​។ សម្រាប់​ក្រុមហ៊ុន​ដូចគ្នា​ដែរ ប្រធាន​ក្រុមហ៊ុន​ទាំងអស់​មិនមែន​សុទ្ធតែ​ល្អ​នោះទេ​។ ឯ​ការនិយាយ​បកស្រាយ​រឿង​ពិត​ពី​មូល​ហេតុដែល​ខ្លួន​ចាក​ចេញពី​ស្ថាប័ន​មួយ ឬ បោះបង់ចោល​អ្វីមួយ ក៏​មិនមែនជា​រឿង​ដែល​មិនអាច​ធ្វើទៅបាន​នោះដែរ​។ អ្វីដែល​យើង​គួរ​ចៀសវាង​នោះ គឺ​ការ​មួលបង្កាច់ ឬ ការ​បំផ្លើស​ការណ៍​ពិត​ចំពោះ​បក្ស​ចាស់​ដែល​ខ្លួន​ធ្លាប់​បំពេញការងារ ដើម្បី​ផ្គាប់ចិត្ត ឬ យកគាប់គួរ និង ដើម្បី​បង្កើន​ការជឿទុកចិត្ត​ចំពោះ​មេបក្ស​ថ្មី​ឯណោះ​ទេ ដែលជា​រឿង​អសីលធម៌ និង គួរ​ចៀសវាង​ឱ្យបាន​៕       
   
 

© រក្សាសិទ្ធិដោយ thmeythmey.com