​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ជួួ​យ​កម្ពុជា​សង់រោងចក្រ​ថាមពល​នុយក្លេអ៊ែរ
26, Nov 2015 , 6:22 pm        
រូបភាព
ដោយ: ថ្មីៗ
 មន្ត្រី​ក្រុមហ៊ុនរដ្ឋ​ទទួល​បន្ទុក​ផ្នែក​ថាមពលនុយ​ក្លេអ៊ែររុស្ស៊ី Rosatom បាន​បញ្ជាក់ថា រុស្ស៊ីនឹងជួយ​កម្ពុជា​កសាងសមត្ថភាពឈាន​ឆ្ពោះទៅ​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅពេលខាងមុខ។ រុស្ស៊ី​នឹង​ផ្តល់​ជំនួយបច្ចេកទេស ស្រាវជ្រាវ និងការ​បំពាក់បំប៉ន​សមត្ថភាព​នានា​ពាក់ព័ន្ធ​នឹងការសាងសង់​រោងចក្រផលិត​ថាមពល​នេះ​ដល់​កម្ពុជា​។ នេះ​បើយោងតាម​ទីភ្នាក់ងារព័ត៌មាន Reuters។


ក្រោយ​មាន​ការ​ចុះ​ហត្ថលេខា​រវាង​រដ្ឋាភិបាល​រុស្ស៊ីនិងកម្ពុជា​លើ​វិស័យ​ជាច្រើនរួមទាំង​វិស័យ​ថាមពលនុយក្លេអ៊ែរផងនោះកាល​ពីថ្ងៃអង្គារកន្លងទៅ  មន្ត្រី​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​អះអាងថា រុស្ស៊ីនឹងជួយដល់កម្ពុជា​ក្នុងការ​កសាងសមត្ថភាព​ឈានឆ្ពោះ​ទៅ​សង់រោងចក្រអគ្គីសនីដោយដោយ​ថាមពល​នុយក្លេអ៊ែរនៅពេលខាងមុខ។ ការ​ឈាន​ឆ្ពោះ​ទៅ​សង់​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ​នេះ នឹងជួយ​ដល់កម្ពុជា​ច្រើន​ក្នុងការ​កាត់​បន្ថយ​លើការចំណាយលើ​ថាមពល ជាពិសេស​អាច​ទាក់ទាញ​អ្នកវិនិយោគ​ឲ្យមក​បោះទុនរកស៊ីនៅកម្ពុជាផងដែរ។
 
លោក Sergei Kirienko ប្រធានក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បាន​បញ្ជាក់ថា ​៖«រដ្ឋាភិបាលកម្ពុជា​កំពុងតែគិតគូរចង់បានការសាងសង់​រោងចក្រអគ្គិសនី​ដើរដោយថាមពល​នុយ​ក្លេអ៊ែរ​មួយនៅពេល​អនាគតខាងមុខ»។ លោកបានបន្តថា ស្ថិតក្រោមកិច្ច​ព្រមព្រៀងទ្វេភាគីនេះ រុស្ស៊ីនឹងផ្តល់នូវជំនួយបច្ចេកទេស ការស្រាវជ្រាវ និង​ការបណ្តុះបណ្តាលនានា​ដល់​កម្ពុជា​​ផង​ដើម្បីជួយដល់កម្ពុជា​ក្នុងការឈានទៅ​សាងសង់​រោងចក្រថាមពល​នេះ។

មន្ត្រីរូបនេះ​បានបន្ថែមថា រុស្ស៊ី​ប្រហែលជាប្រសើរដោយចាប់ផ្តើមពីការស្រាវជ្រាវលើបញ្ហារ៉េអាក់ទ័រ និង​បើកមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅកម្ពុជាផង។ កន្លងមក​រុស្ស៊ីក៏មានកិច្ចព្រមព្រៀង​ថាមពល​ស្រដៀងគ្នានេះ​ដែរជាមួយ​ប្រទេសបូលីវី។ លោកសង្កត់ធ្ងន់ថា ប្រទេស​ដែលកំពុងអភិវឌ្ឍដូចកម្ពុជា​ភាគច្រើនប្រឈមបញ្ហាចម្បងមួយ ក្នុងពេលរៀបចំដំណើរការអភិវឌ្ឍប្រទេស ដែលបញ្ហានោះ គឺតម្រូវការ​នូវថាមពល​អគី្គសនីដែល​មានតម្លៃ​ថោក មានគុណភាព និងមានប្រភពត្រឹមត្រូវ។ 

វាជាការពិត ព្រោះកម្ពុជាបច្ចុប្បន្ន ត្រូវការ​ថាមពល​ដែល​មានតម្លៃថាកដើម្បី​ជំរុញលំហូរ​ចូួលនៃ​ទុនវិនិយោគ​បរទេស​ និងបំពេញតម្រូវការថាមពលក្នុងស្រុកផង។ បើប្រៀបធៀ​ប​ជាមួយ​បណ្តា​ប្រទេសនានាក្នុងតំបន់អាស៊ី​អាគ្នេយ៍ តម្លៃថាមពលអគ្គិសនីនៅកម្ពុជា​មានកម្រិតខ្ពស់ជាងគេមួយ ព្រោះកម្ពុជា​ពឹងផ្អែកសំខាន់ការ​នាំចូល​អគ្គីសនីពី​ប្រទេសជិតខាងដូចជាឡាវ វៀតណាមជាដើម។  

កម្ពុជាកន្លងមក​ស្វះស្វែងរក​ការវិនិយោគបរទេស​ដើម្បី​ឈានទៅសាង​សង់វារីអគ្គិសនី​ចំនួន ៦ កន្លែងត្រឹមឆ្នាំ ២០១៨ ដោយ​វាជាគោលនយោបាយមួយ​របស់រដ្ឋាភិបាល​ក្នុងការធានា​និរន្ត​រភាពនៃការ​អភិវឌ្ឍ លំហូរអ្នកវិនិយោគ​បរទេស បំពេញតម្រូវការ​ប្រជាជនក្នុងស្រុក និង​កាត់បន្ថយ​ការពឹងផ្អែក​លើ​ការ​នាំចូលថាមពលពីបរទេស​ផង។ ​ បច្ចុប្បន្ន ប្រទេសជាច្រើន​នៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើ​ការស្រាវជ្រាវ និង​ដាក់ផែនការ​ជំរុញ​ការ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​នេះដែរ តួរយ៉ាងដូចជាវៀតណាម និងហ្វីលីពីន ជាដើម។ សម្រាប់វៀតណា​មដែលជាមិត្ត​ជិតខាង​កម្ពុជា​កន្លង​មក​ក៏ជ្រើសរើស​រុស្ស៊ី​ឲ្យជួយ​ខ្លួនក្នុងការសាងសង់រោងចក្រថាមពល​នុយក្លេអ៊ែរនេះដែរ។ ​

យ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ ក្រោយ​ការចុះកិច្ចព្រមព្រៀងចំនួន១០ រវាងរដ្ឋាភិបាល​រុស្ស៊ី និង​កម្ពុជា ក្រោមវត្តមាននាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក ឌីមីទ្រី មេដវ៉េដេវ មន្ត្រីរដ្ឋាភិបាល​កម្ពុជាដែលទទួលបន្ទុក​ផ្នែក​ថាមពល​បានបដិសេធមិនផ្តល់ព័ត៌មានលម្អិត​ជុំវិញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាល​ទាំងពីរបានចុះ​រួមគ្នាឡើយ។ ប៉ុន្តែគេដឹងថា កិច្ចព្រមព្រៀងទាំងនោះ​មានពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើផ្នែកថាមពល ការប្រឆាំងការលាងលុយ ​និងការ​ប្រឆាំងភេរវកម្ម​ជាដើម។ 

សូមបញ្ជាក់ថា វត្តមាន​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេដវ៉េដេវ នៅកម្ពុជា​ ជា​ការបញ្ជាក់ច្បាស់ពី​ការ​ឈាន​ទៅពង្រឹង​សម្ព័ន្ធភាព​ចាស់​ដែលមានយូរ​អង្វែងមកហើយនោះ។ ​ហើយ​លោកបានក្លាយ​ជានាយករដ្ឋមន្ត្រី​រុស្ស៊ីដំបូងបំផុត​ដែល​មកទស្សនកិច្ច​នៅកម្ពុ​ជា​ រាប់ចាប់តាំងពី​សង្គ្រាម​ត្រជាក់ផុត​រលត់ទៅ។ គេរំពឹង​ថា ដំណើរទស្សនកិច្ច​របស់​ប្រមុខរដ្ឋាភិបាល​រុស្ស៊ី​នៅកម្ពុជា​នឹង​ជំរុញ​កំណើន​អ្នកវិនិយោគ​រុស្ស៊ីនៅកម្ពុជា ហើយ​អ្វីដែលសំខាន់នោះ​គឺ​កម្ពុជា​នឹង​ក្លាយជា​គោល​ដៅទេសចរណ៍​ដ៏ល្អ​បំផុត​សម្រាប់​ប្រជាជាតិ​រុស្ស៊ី​នៅពេល​ខាងមុខ​ផង៕​

Tag:
 កម្ពុជា
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com