ប្លែកៗ
អន្តរជាតិ
​យន្តហោះ​១០​ដែល​លឿន​ជាងគេ​លើ​ពិភពលោក​
14, Apr 2016 , 7:00 pm        
រូបភាព
ដោយ: ធីតា
​ដំណើរ​ឆ្លងកាត់​អាហ្វ្រិក សហរដ្ឋអាមេរិក អាស៊ី ឬ​អឺរ៉ុប ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី ពិតជា​អាចទៅរួច​នាពេល​អនាគត​។ ក្នុង​ប្រវត្តិសាស្ត្រ​កន្លងមក យន្តហោះ​ចំនួន​១០​បាន​ចូលក្នុង​កំណត់ត្រា​រួចទៅហើយ​ក្នុងចំណោម​យន្តហោះ​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក​។ នេះ​បើតាម​ការដកស្រង់​រប​ស់កា​សែត Afrizap​។​

 
​យន្តហោះ​ទាំង​១០​នោះ​រួមមាន​៖
១. Falcon HTV-2 ៖ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ មាន​ល្បឿន ៦៨០៥,៨​ម៉ែត្រ​ក្នុង​មួយ​វិនាទី ពោលគឺ​ប្រើប្រាស់​រយៈពេល​តែ​១៣​នាទី​ប៉ុណ្ណោះ ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទៅ​ទីក្រុង​ដា​កា ប្រទេស​សេ​ណេ​ហ្គា​ល់​។ ប៉ុន្តែ​គំរូ​យន្តហោះ​នេះ មានតែ​២​ប៉ុណ្ណោះ ខណៈ​យន្តហោះ​ទី​១ បាន​ធ្លាក់​ចូលក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ឆ្នាំ​២០១០ ។​

 
២. X-43 A៖ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ យន្តហោះ​នេះ បាន​បំបែក​កំណត់ត្រា​លើ​ពិភពលោក​ជាមួយនឹង​ល្បឿន ១១ ១៤៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ បច្ចុប្បន្ន X-43 A មាន​គំរូ​តែ​៣​គ្រឿង​ប៉ុណ្ណោះ​។ 
 
៣. Boeing X51 WaveRider៖ យន្តហោះ​គ្មាន​អ្នកបើក​នេះ ចាប់ផ្តើម​ហោះហើរ​សាកល្បង​លើកដំបូង​កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១០ ។ ប៉ុន្តែ​វា​មាន​ល្បឿន​តែ​៦២០០​គីឡូម៉ែត្រ ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង ពោលគឺ​មិន​ដូច​ការ​អះអាងថា​មាន​ល្បឿន ៨៥៧៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះទេ​។ បច្ចុប្បន្ន យន្តហោះ​នេះ ស្ថិតក្នុង​ការហោះហើរ​សាក​ល្បង​នៅឡើយ​៕
៤. North American X-15៖ យន្តហោះ​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​បំពេញបេសកកម្ម​ក្នុងការ​ស្រាវជ្រាវ​ពីលើ​ផ្ទៃ​អាកាស​ដែលមាន​កំពស់​ខ្ពស់​។ វ៉ុល​ដំបូង​បាន​ចាប់ដំណើរការ​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​១៩៥៩ ដោយមាន​ល្បឿន​៧២៧៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ យន្តហោះ​ប្រភេទ​នេះ មាន​ចំនួន​៣​គ្រឿង​។​
 
៥. SR-71 BlackBir៖ យន្តហោះ​បែប​ស៊ើបការណ៍​របស់​ទាហាន​អាមេរិក ដែល​បាន​ប្រតិបត្តិការ​ជាង​៥០​ឆ្នាំ​កន្លងមកហើយ​។ វា​មាន​សកម្មភាព​ដំបូង​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​១៩៦៤ និង​មមាញឹក​យ៉ាងខ្លាំង​ចន្លោះ​ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៩០ ដោយ​មានតែ​៣២​គ្រឿង​ប៉ុណ្ណោះ​។​
 
៦. MiG-25 Foxbat៖ យន្តហោះ​របស់​អតីត​សហភាពសូវៀត ដែល​បាន​ហោះហើរ​លើកដំបូង​កាលពី​ថ្ងៃទី​៦ ខែ​មិនា ឆ្នាំ​១៩៦៤ ជាមួយនឹង​ល្បឿន ១០២០,៨៧​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។ យន្តហោះ​ប្រភេទ​នេះ មាន​ចំនួន​១១៨៦​គ្រឿង​។​
៧. Bell X-2 Starbuster៖ ផលិត​ដោយ​ក្រុមហ៊ុន Bell Aircraft Corporation យន្តហោះ​នេះ ចាប់​ហោះហើរ​ដំបូង​នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា ឆ្នាំ​១៩៥៥ ដោយមាន​ល្បឿន ៣៣៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ យន្តហោះ​ដែលមាន​តែ​២​គ្រឿង​នេះ បាន​ខ្ទេចខ្ទី​អស់​ទៅហើយ​ដោយសារ​គ្រោះថ្នាក់​។​
៨. Valkeyrie XB-70 ៖ ជា​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែល​បាន​ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​១៩៦៤ ។ យន្តហោះ​នេះ ផ្ទុក​បានតែ​មនុស្ស​២​នាក់​ប៉ុណ្ណោះ គឺ​ពី​ឡុ​ត និង​សហ​ពី​ឡុ​ត ដោយ​មានតែ​២​គ្រឿង​ប៉ុណ្ណោះ​។ យន្តហោះ​មួយ​ត្រូវបាន​បំផ្លាញ​ក្រោយ​ធ្លាក់​នៅក្នុង​ឆ្នាំ​១៩៦៦ ។​
៩. MiG-31៖ ជា​ប្រភេទ​យន្តហោះ​ស៊ើបការណ៍​របស់​រុស្ស៊ី ដែល​បាន​ចាប់ដំណើរការ​កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​១៩៧៥ ។ យន្តហោះ​នេះ មាន​ល្បឿន ៣២៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​មាន​ជាង​៥០០​គ្រឿង​នាពេល​បច្ចុប្បន្ន​។​
១០. F-15 Eagle៖ ជា​យន្តហោះ​ប្រដេញ​របស់​កងទ័ព​អាមេរិក​។ វា​ត្រូវបាន​បញ្ជា​ឲ្យ​ហោះហើរ​ដំបូង​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៧២ ជាមួយនឹង​ល្បឿន ២៦៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ យន្តហោះ​នេះ មាន​ចំនួន​១៣០០​គ្រឿង​៕

Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com