ជាតិ
បទវិភាគ
CPP កំពុងដណ្តើមប្រជាប្រិយភាពពី CNRP នៅក្រៅប្រទេស? លោក ហ៊ុន ម៉ាណែត នាជំនួបជាមួយសមាជិកគណបក្សប្រជាជនកម្ពុជានៅអូស្ត្រាលី។ រូបថត ហ្វេសប៊ុក
× ភ្នំពេញ៖ ចាប់តាំងពីអាណត្តិទី១ មកដល់អាណត្តិទី៥នេះ គណបក្សប្រឆាំងរបស់លោក សម រង្ស៊ី តែងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូនខ្មែរនៅក្រៅប្រទេស ជាពិសេស នៅប្រទេសបារាំង កាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី។ល។ ប៉ុន្តែចាប់ពីពាក់កណ្តាលអាណត្តិទី៥តទៅ គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន ជាង៣០ឆ្នាំមកហើយនោះ ទំនងជាចាប់ផ្តើមធ្វើយុទ្ធនាការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេសដែរ។ តើមូលហេតុអ្វីបានជា CPP ទើបចាប់ផ្តើមធ្វើកិច្ចការនេះនៅពេលនេះ? ការគាំទ្រពីពលរដ្ឋនៅក្រៅប្រទេសធ្វើឲ្យ CPP ចំណេញអ្វីខ្លះ?
ក្រោយការដួលរលំនៃរបបប៉ុលពតឆ្នាំ១៩៧៩ ពលរដ្ឋខ្មែរមួយចំនួនបានរត់ទៅរស់នៅក្នុងជំរំសាយធូ សាយប៊ី ណងចាន់ ខាវអ៊ីដាង ដែលមានទីតាំងនៅក្បែរព្រំដែនខ្មែរ-ថៃដើម្បីអាចទទួលបានសិទ្ធិជាជនភៀសខ្លួនទៅរស់នៅបន្តក្នុងប្រទេសទី៣ ។ កាលណោះ ពលរដ្ឋខ្មែរមួយចំនួនមានឱកាសទៅរស់នៅប្រទេសបារាំង អាមេរិក អូស្ត្រាលី កាណាដា និងប្រទេសមួយចំនួនផ្សេងទៀត។
មិនមែនខ្មែរទាំងអស់បានទៅរស់នៅក្រៅប្រទេសទេ។ ជាការពិត ខ្មែរមួយចំនួនបានចាកចេញទៅរស់នៅក្រៅប្រទេសមែន តែមួយចំនួនទៀត បានត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ ក្រោយពីធ្វើសមាហរ័ណកម្មក្នុងទសវត្សរ៍៩០ ពោលគឺក្រោយពេលដែលកងកម្លាំងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងតស៊ូបានសម្រេចចិត្តធ្វើការបង្រួមបង្រួមជាតិដើម្បីសេចក្តីសុខរបស់ប្រជាជន និងជាតិខ្មែរទាំងមូល។
មុននយោបាយសមាហរ័ណកម្មនេះ និងក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជាលើកទី១នៅឆ្នាំ១៩៩៣ ក្រោមការឧត្តម្ភ និងរៀបចំដោយអង្គការសហប្រជាជាតិ។ កាលណោះ គណបក្សហ្វ៊ុនស៊ិនប៉ិចដឹកនាំដោយព្រះអង្គម្ចាស់រណឫទ្ធិដែលមានប្រជាប្រិយភាពអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅពីក្រោយ បានទទួលជោគជ័យក្នុងការបោះឆ្នោត។ បរិបទក្នុងទសវត្សរ៍៩០ ពលរដ្ឋខ្មែរនៅក្នុងប្រទេស និងក្រៅប្រទេសមានការគាំទ្រចលនាតស៊ូច្រើនជាងគណបក្សប្រជាជនកម្ពុជាដែលគេគិតថា«មានប្រទេសវៀតណាម»នៅពីក្រោយខ្នង។ ប៉ុន្តែបន្តិចម្តងៗ ដោយសារការដឹកនាំរបស់គណបក្សហ្វ៊ុនស៊ីនប៉ិចមានបញ្ហាច្រើនពេក ពលរដ្ឋនៅក្នុងប្រទេសបានងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ។ តែពលរដ្ឋនៅក្រៅប្រទេសដែលមានគំនិតប្រឆាំង និងជំទាស់នយោបាយរបស់លោក ហ៊ុន សែន ដែលពួកគេគិតថា ដឹកនាំក្រោមការបញ្ជារបស់ក្រុងហាណូយនោះ នៅបន្តមិនគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដដែល។ ជាក់ស្តែង ពួកគេមួយចំនួនធំនៅបន្តគាំទ្រគោលនយោបាយ«ចលនាគណបក្សប្រឆាំង»ដដែល។ គណបក្សប្រឆាំងបច្ចុប្បន្ន គឺគណបក្សសង្គ្រោះជាតិ។
ហេតុអ្វីបានជានៅឆ្នាំ២០១៥ទៅហើយ ពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅបន្តគាំទ្រជំហរបក្សប្រឆាំងច្រើនជាងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន?
មានមូលហេតុច្រើន។ តែមូលហេតុចម្បងៗមានដូចតទៅ៖ ទីមួយ គឺដោយសារពួកគេទទួលបានព័ត៌មានច្រើនពីការបំផ្លាញធនធានធម្មជាតិពីសំណាក់ឈ្មួញ និងអ្នកមានអំណាចនៅក្នុងប្រទេស។ ទី២ គឺពួកគេទទួលបានព័ត៌មានពីការបាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋក្រីក្រដោយសារការទន្ទ្រាញពីសំណាក់អ្នកមានអំណាច និងអ្នកមានទ្រព្យ។ ទី៣ គឺពួកគេទទួលបានព័ត៌មានពីការទន្ទ្រាញដីធ្លីតាមព្រំដែនពីសំណាក់ប្រទេសជិតខាង និងទី៤ គឺដោយសារពួកគេសង្កេតឃើញថា អ្នកមានកាន់តែមាន រីឯអ្នកក្រីក្រកាន់តែក្រីក្រជាងមុន។ គម្លាតរវាងអ្នកមាន និងអ្នកក្រីក្រកាន់តែរីកប៉ោងធំឡើងៗ។
ដោយសារតែព័ត៌មានអាក្រក់ស្តីពីកម្ពុជាត្រូវបានគេផ្សព្វផ្សាយច្រើនទៅកាន់ក្រៅប្រទេសនោះ ពលរដ្ឋនៅក្រៅប្រទេសត្រូវតែគិតថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមិនមានការរីកចម្រើនទៅមុខឡើយ។
បើផ្អែកលើទិដ្ឋភាពជាក់ស្តែង បញ្ហាសង្គម ដូចជា បញ្ហាអយុត្តិធម៌ បញ្ហាអត់ការងារធ្វើ បញ្ហាប្រាក់ចំណូលទាប ពុករលួយ បក្សពួកនិយម នៅមិនបានបានដោះស្រាយនៅឡើយមែន។ ប៉ុន្តែទិដ្ឋភាពជារួមត្រូវបានគេគិតថា កម្ពុជាបាន និងកំពុងអភិវឌ្ឍឈានទៅមុខជាលំដាប់។ ទីក្រុងភ្នំពេញត្រូវបានពង្រីក បុរីជាច្រើនត្រូវបានបង្កើត អគារធំៗ និងខ្ពស់ ត្រូវបានសាងសង់ជាបន្តបន្ទាប់ និងកាន់តែច្រើនឡើងៗជាលំដាប់។
ដោយសារអវត្តមាននៃការផ្សព្វផ្សាយពីដំណឹងល្អទៅកាន់ពលរដ្ឋខ្មែរនៅបរទេសនេះហើយ ទើបនៅពាក់កណ្តាលអាណត្តិទី៥នេះ គេសង្កេតឃើញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃក្រសួងការពារជាតិ បានចាប់ផ្តើមធ្វើយុទ្ធនាការបង្កើនទំនាក់ទំនងជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេស។
កាលពីពេលថ្មីៗកន្លងមក ក្រៅពីកិច្ចប្រជុំនៅក្នុងប្រទេសម៉ាឡេស៊ី លោក ហ៊ុន សែន បានជួបសំណេះសំណាលជាមួយនិស្សិត និងពលករខ្មែរដែលស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី។ នៅក្នុងប្រទេសបារាំង និងអាមេរិក ដូចគ្នាដែរ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅទីនោះ លោកបានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយនិស្សិត និងពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំង និងអាមេរិក។
ហេតុអ្វីបានជា CPP ចង់ទាក់ទាញអារម្មណ៍ពលរដ្ឋខ្មែរនៅក្រៅប្រទេស?
មុននឹងឆ្លើយទៅនឹងសំណួរនេះ គេគួរពិនិត្យទៅលើបរិបទអតីតកាលបន្តិច។ កាលពីពេលមុន ពលរដ្ឋខ្មែរនៅក្រៅប្រទេសភាគច្រើនគាំទ្រចលនាប្រឆាំង ដែលជំទាស់នឹងការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ ពលរដ្ឋខ្មែរមួយចំនួនថែមទាំងជួយឧត្តម្ភថវិកាជូនគណបក្សប្រឆាំងថែមទៀតផង។ មិនត្រឹមប៉ុណ្ណោះ ពេលខ្លះ ពួកគេតែងតែរៀបចំចលនាបាតុកម្មប្រឆាំងនឹងលោកលោក ហ៊ុន សែន នៅពេលលោកធ្វើដំណើរទៅក្រៅប្រទេស ដូចជាករណីកន្លងមក នៅក្នុងប្រទេសបារាំង និងសហរដ្ឋអាមេរិកជាដើម។
ងាកមកឆ្លើយនឹងសំណួរដែលសួរថា តើហេតុអ្វីបានជា CPP ចង់ទាក់ទាញអារម្មណ៍ពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះ?
បើពិនិត្យលើច្បាប់បោះឆ្នោត ពលរដ្ឋខ្មែរនៅក្រៅប្រទេសគ្មានសិទ្ធិបោះឆ្នោតទេ។ តែ CPP ត្រូវតែទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេឲ្យងាកមកគាំទ្រគោលនយោបាយរបស់ខ្លួននៅលើឆាកអន្តរជាតិ។ វត្តមានថ្មីៗរបស់លោក ហ៊ុន សែន នៅប្រទេសបារាំង ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក សុទ្ធតែមានបំណងតិច ឬច្រើនដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយពលរដ្ឋខ្មែរ។ ដូចគ្នាដែរសម្រាប់កូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញថា លោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី ហើយឥឡូវនេះ លោកកំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសបារាំង និងប្រទេសអឺរ៉ុបមូយចំនួនផ្សេងទៀត។ នៅក្នុងរាល់ដំណើរទស្សនកិច្ចរបស់លោក, លោកបានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ និងនិស្សិតខ្មែរនៅទីនោះ។ យូរម្តង ឬអាចថា ជារឿយៗផងនោះ ពលរដ្ឋខ្មែរដែលមកជួបលោក ហ៊ុន ម៉ាណែត បានពាក់អាវដែលមានស្លាកគណបក្សប្រជាជនកម្ពុជា។
ចលនាបង្កើនទំនាក់ទំនងជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេសរបស់លោក ហ៊ុន សែន និងកូនប្រុសរបស់លោក ត្រូវបានគេឃើញថា គឺដើម្បី«បន្សាប»ឥទ្ធិពលគណបក្សប្រឆាំងសង្គ្រោះជាតិ និងឆ្លៀតឱកាសដើម្បីពន្យល់ទៅកាន់ពលរដ្ឋខ្មែរនៅទីនោះ ពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា។ ម្យ៉ងវិញទៀត, បើយោងតាមអ្នកវិភាគសង្គមនយោបាយនៅក្នុងប្រទេសកម្ពុជា, គណបក្សប្រជាជនកម្ពុជាព្យាយាមទាក់ទាញអារម្មណ៍និស្សិតជំនាន់ថ្មីនៅក្រៅប្រទេស ពីព្រោះ និស្សិតជំនាន់មុនៗតែងតែបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះរបៀបដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅពេលដែលពួកគេបានដឹង បានឃើញភាពរីកចម្រើននៅឯបរទេស។
លើសពីនេះទៅទៀត គណបក្សប្រជាជនកម្ពុជា មានបំណងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្រៅប្រទេសក្នុងចំណោមជនជាតិខ្មែរដោយបង្ហាញថា ពួកគេក៏មានអ្នកគាំទ្រច្រើននៅឯនាយសមុទ្រដែរ។ នេះ គឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជាមិនមាន ឬមិនសូវធ្លាប់មានកាលពីអតីតកាល។
ការចាក់បញ្ចូលមនោគមន៍វិទ្យានយោបាយរបស់គណបក្សប្រជាជនកម្ពុជាទៅក្នុងអារម្មណ៍នៃពលរដ្ឋខ្មែរនៅក្រៅប្រទេសត្រូវបានគេវាយតម្លៃថា វាអាចនឹងមានប្រសិទ្ធិភាពជាបណ្តើរៗ ហើយឥទ្ធិពលរបស់គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសអាចនឹងកាន់តែថមថយ។
ប្រសិនបើប្រជាប្រិយភាពនៅក្រៅប្រទេសរបស់គណបក្សប្រជាជនកម្ពុជាកើនឡើងជានិរន្តន៍នោះ ពេលណាមួយ ច្បាប់បោះឆ្នោតខ្មែរនឹងត្រូវគេធ្វើវិសោធនកម្ម ហើយបើកឱកាសឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចមានសិទ្ធិបោះឆ្នោតបាន៕
Tag:
នយោបាយ
CNRP
CPP
ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com