ជាតិ
តារាចម្រៀង វ៉ាន់ មករា ស្លាប់ដោយគ្រោះថ្នាក់ក្រឡាប់រថយន្តនៅផ្លូវជាតិលេខ៤
×
តារាចម្រៀង វ៉ាន់ មករា បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ ម្តុំលោកយាយម៉ៅពេជ្រនិលក្នុងដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុកាលពីរាត្រីថ្ងៃសៅរ៍ ទី៩ ខែមករា។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុករបស់តារាសម្តែង អ៊ឹម ជីវ៉ា ដែលបានទាក់ទងផ្ទាល់ជាមួយសិល្បករដែលរួមដំណើរជាមួយលោក វ៉ាន់ មករា។
លោក អ៊ឹម ជីវ៉ា ដែលមិត្តរួមអាជីពរបស់លោក វ៉ាន់ មករា បានសរសេររៀបរាប់ថា គ្រោះថ្នាក់បានកើតឡើងបន្ទាប់ពី លោក វ៉ាន់ មករា បានចេញពីច្រៀងនៅក្លិបកម្សាន្តមួយ ដោយធ្វើដំណើរមានគ្នាប្រមាណ៤នាក់ បន្ទាប់មក បានជួបគ្រោះក្រឡាប់រថយន្តនៅម្តុំលោក យាយម៉ៅ ហើយពេលរថយន្តសង្គ្រោះបន្ទាន់ទៅជួយដឹកសង្គ្រោះ ជាចៃដន្យរថយន្តសង្គ្រោះនោះ ក៏ត្រូវក្រឡាប់មួយតង់ទៀត ហើយគៀបជាប់ស្លាប់នៅនឹងកន្លែងតែម្តង។
តារាចម្រៀង វ៉ាន់ មករា ធ្លាប់សាងកេរឈ្មោះនៅផលិតកម្ម Spark Music និង U2 ហើយក៏ជាអ្នកចម្រៀងប្រចាំនៅក្លិបរាត្រីល្បីមួយកន្លែងផងដែរ។ បទ «ពាក្យចុងក្រោយ» «ប៉ុណ្ណឹងល្មមហើយអូន» ស្ថិតក្នុងចំណោមបទចម្រៀងដែលនាំឲ្យលោក វ៉ាន់ មករា ទទួលបានភាពល្បីល្បាញ។
លោក សាវិន ហ្វីលីព តារាសម្តែងជើងចាស់ម្នាក់ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «តាមដែលខ្ញុំធ្លាប់ស្គាល់គាត់ ប្អូនប្រុស មករាគឺជាតារាដែលមានចារិកសុភាពរាបសានិងរួសរាយរាក់ទាក់ម្នាក់ហើយយចេះគោរពអ្នកសិល្បះរៀមច្បង»៕
Tag:
វ៉ាន់ មករា
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com