ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ថា សម្តេច ហេង សំរិន មិន​ឲ្យ​ខ្លួន​បញ្ចេញមតិ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​
13, Jan 2016 , 5:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​លើកឡើងថា ប្រធានរដ្ឋសភា​សម្តេច ហេង សំរិន មិន​អនុញាត​ឲ្យ​ខ្លួន បាន​ឡើង​បញ្ចេញមតិ​នៅក្នុង​កិច្ចប្រជុំសភា កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែមករា ឡើយ​។



​ឯកឧត្តម កឹម សុខា អះអាងថា បើទោះជា​ខ្លួន​ខំ​ស្នើសុំ​សម្តេច ហេង សំរិន ម្តង​ជា​ពីរដង ដើម្បី​ឡើង​បញ្ចេញមតិ​នៅក្នុង​កិច្ចប្រជុំពេញអង្គ​កាលពី​ព្រឹក​មិញ​ក្តី ក៏​សម្តេច​ប្រធានរដ្ឋសភា មិន​អនុញ្ញាត​ដល់​ខ្លួន​ដែរ​។ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅមុននេះ​បន្តិច ឯកឧត្តម កឹម សុខា បាន​សរសេរ​យ៉ាងនេះ​ថា​៖« ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា​ថ្ងៃនេះ ខ្ញុំ កឹម សុខា បាន​ព្យាយាម​ស្នើសុំ​ទៅ​សម្ដេច​ប្រធានរដ្ឋសភា​ដើម្បី​បញ្ចេញមតិ​ពីរដង តែ​មិន​ទទួលបាន​ការផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បញ្ចេញមតិ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នេះឡើយ​»​។ តែ​យ៉ាងណា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចាត់ទុក​ការព្រងើយកន្តើយ​របស់​សម្តេច ហេង សំរិន មកលើ​ខ្លួន ថា បែបណា​នោះទេ​។​

​ជាការ​កត់សម្គាល់​នៅក្នុង​អំឡុង​កិច្ចប្រជុំ​សភាពេញអង្គ កាលពី​ព្រឹក​មិញ​នេះ ឯកឧត្តម កឹម សុខា ក៏បាន​ជួប​ពិភាក្សាគ្នា​ខ្លី​ប្រមាណ ៥ នាទី ជាមួយ​សម្តេច ហ៊ុន សែន ផងដែរ​។ ប្រធានបទ​នៃ​ការជជែក​គ្នា​រវាង​អ្នក​ទាំងពីរ មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​នោះឡើយ​។​

​សូមបញ្ជាក់ថា នៅថ្ងៃនេះ​រដ្ឋសភា​បាន​បើក​សម័យប្រជុំ​ពេញអង្គ ពិភាក្សា​ពី​សេចក្តីព្រាងច្បាប់​ចំនួន ២ សំខាន់ៗ ទី​១​សេចក្ដីព្រាងច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​។ ទី​២ សេចក្ដីព្រាងច្បាប់​ស្ដីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤៕


Tag:
 កឹម សុខា​
  ហេង សំរិន​
© រក្សាសិទ្ធិដោយ thmeythmey.com