កីឡាជាតិ
ជាតិ
ចំណូល​ថ្មី​៥​នាក់​របស់​ការពារជាតិ ក្នុងនោះ​មាន​អតីត​ជម្រើសជាតិ​កូរ៉េខាងជើង​
01, Feb 2016 , 3:09 pm        
រូបភាព
​ក្លិប​កីឡាបាល់ទាត់​ក្រសួងការពារជាតិ កំពុង​បង្ហាញថា ពួកគេ​គឺជា​ក្រុម​ខ្លាំង​មួយ​នៅក្នុង​ក្របខណ្ឌ​កំពួ​ល​របស់​កម្ពុជា​។ នៅមុន​ការបើក​រដូវ​កាល​ថ្មី ក្លិប​ដែល​គេ​និយម​ហៅថា «​ទ័ព​» បង្ហាញ​ចំណូល​ថ្មី​ចំនួន​៥​នាក់ ដែល​ក្នុងនោះ​មាន​កីឡាករ​កូរ៉េខាងជើង​ពីរ​នាក់ ជប៉ុន​១​នាក់ និង​អតីត​កីឡាករ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ២​នាក់​។



​ក្នុងចំណោម​កីឡាករ​ថ្មី​៥​រូប​របស់​ក្រសួងការពារជាតិ វត្តមាន​របស់​ខ្សែបម្រើ​កូរ៉េខាងជើង Choe Myong-ho គឺជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ Choe គឺជា​អតីត​កីឡាករ​ឆ្នើម​របស់​ឈុត U-17 កូរ៉េខាងជើង ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រា​ប់នាការ​បង្ហាញខ្លួន​៤​លើក​ក្នុង​ព្រឹត្តិការណ៍ FIFA U-17 World Championship ឆ្នាំ​២០០៥ និង​នាំ​ក្រុម​ឈ្នះ​ជើងឯក​រង​ក្នុង​ព្រឹត្តិការណ៍ AFC U-17 Championship ឆ្នាំ​២០០៦។ នៅ​ឆ្នាំ​២០០៥ គេ​បាន​ជាប់​ជា​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC Youth Player of the Year)​។​

Choe ដែល​ធ្លាប់មាន​រហស្សនាម​ថា «Ronaldo កូរ៉េខាងជើង​» ធ្លាប់​ស៊ុត​បាល់​បញ្ចូល​ទី​ផងដែរ​សម្រាប់​ក្រុម​ជម្រើសជាតិ នា​ការ​បង្ហាញខ្លួន​១២​លើក ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២។ Choe ចាប់ផ្តើម​អាជីព​ជាមួយ​ក្លិប Kyonggongop នៅ​ប្រទេស​របស់ខ្លួន ហើយ​បើតាម​កាសែត Daily NK គេ​ក្លាយជា​កីឡាករ​កូរ៉េខាងជើង​ទីមួយ​ដែល​លេង​នៅ​ក្របខណ្ឌ​រុស្ស៊ី Russian Premier League ជាមួយ​ក្លិប Krylia Sovetoy Samara ប៉ុន្តែ​បង្ហាញខ្លួន​តែមួយ​លើក​ប៉ុណ្ណោះ​ចន្លោះ​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៨។​


​នៅមុន​មកកាន់​ក្លិប​ក្រសួងការពារជាតិ Choe បាន​លេង​ឲ្យ​ក្លិប Pyongyang ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៦ នៃ​ក្របខណ្ឌ Highest Class Football League របស់​កូរ៉េខាងជើង​។​

​ដោយឡែក​កីឡាករ​៤​រូប​ទៀត​ដែលជា​ចំណូល​ថ្មី​របស់​ក្រសួងការពារជាតិ រួមមាន​មិត្ត​រួម​ជាតិ​កូរ៉េខាងជើង​របស់ Choe Myong-ho គឺ Kim Kyong-hun កីឡាករ​ជប៉ុន Yanagidate Kazu រួមទាំង​អតីត​កីឡាករ​បៀ​ល​ប្រាយ រ៉ឹង ប៊ុន​ហៀ​ង និង ស ពិសិដ្ឋ​។​

​លោក ខូវ ឆាយ អ្នកចាត់ការ​ទូទៅ​ក្លិប​ក្រសួងការពារជាតិ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា វត្តមាន​របស់​កីឡាករ​កូរ៉េខាងជើង​មកកាន់​ក្លិប​របស់លោក គឺ​ដោយសារតែ​ការ​មាន​ទំនាក់ទំនង​ល្អ​រវាង​លោក និង​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កូរ៉េខាងជើង​។​

«​ភាគី​កូរ៉េខាងជើង បាន​ណែនាំ​កីឡាករ Choe Myong-ho និង Kim Kyong-hun ដល់​យើង​។ យើង​ពេញចិត្ត​សមត្ថភាព​ពួកគាត់ ហើយ​សង្ឃឹមថា​ពួកគាត់​នឹង​ក្លាយជា​ចំណែក​ដ៏​ធំ​សម្រាប់​ក្លិប​ក្រសួងការពារជាតិ​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​នាពេលខាងមុខ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខូវ ឆាយ ដោយ​មិន​បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​ខ្លួន​នោះឡើយ​។​


​អ្នកចាត់ការ​ទូទៅ​ក្លិប​ក្រសួងការពារជាតិ ដែលមាន​កីឡាករ​ក្នុងស្រុក​ឆ្នើមៗ​មួយចំនួន​ដូចជា អ្នកចាំទី​បងប្អូន​ត្រកូល អ៊ុំ គឺ វិចិត្រ និង សេរី​រ័ត្ន ខ្សែបម្រើ ឈិន ឈឿន ជាដើម​នោះ រំពឹងថា​ក្រុម​របស់ខ្លួន​អាច​នឹងមាន​សមត្ថភាព​ប្រជែង​ជាមួយ​ក្លិប​ខ្លាំង​ផ្សេងៗ​ទៀត​។ ក្រៅពី​កីឡាករ​ចំណូល​ថ្មី​ដែលមាន​កូរ៉េខាងជើង​២​រូប និង​ជប៉ុន​១​រូប ក្លិប​១​នេះ មាន​ខ្សែការពារ​ជប៉ុន​ម្នាក់ទៀត គឺ Taku Yanagidate​។​

​កាលពីពេល​ថ្មីៗ​នេះ ក្លិប​ក្រសួងការពារជាតិ​ដែលមាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ទើប​បង្ហាញ​ឯកសណ្ឋាន​របស់ខ្លួន​ស​ម្រា​ប់​រដូវ​កាល​ថ្មី ដោយមាន​ការចូលរួម​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​មួយ​។ លោក ខូវ ឆាយ ទទួលស្គាល់ថា ការរៀបចំ​ឲ្យ​មានការ​ប្រកួត​ក្នុង និង​ក្រៅ​ទឹកដី នាំ​ឲ្យ​ក្លិប​របស់លោក​ទទួលបាន​ចំណូល​ខ្លះ​ពី​ការលក់​សំបុត្រ និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ប៉ុន្តែ​មិនទាន់​អាច​ប្រៀបធៀប​ជាមួយនឹង​ការចំណាយ​បាន​នោះឡើយ​។

​លោក ខូវ ឆាយ បាន​បញ្ជាក់ថា​៖ «​ពិតណាស់ ការឧបត្ថម្ភ និង​ចំណូល​មួយចំនួន អាចជួយ​យើង​បាន​ប្រមាណ​៥០​ភាគរយ ប៉ុន្តែ​ក្លិប​ក្រសួងការពារជាតិ​ត្រូវការ​ដៃគូ​ឧបត្ថម្ភ​ផ្សេងទៀត​ដើម្បី​កសាង​ខ្លួន​ឲ្យ​រឹងមាំ​ក្នុង​ក្របខណ្ឌ​បាល់ទាត់​កម្ពុជា​»​។​

​គួរកត់សម្គាល់​ផងដែរ​ថា វត្តមាន​កីឡាករ​កូរ៉េខាងជើង មិនមែនជា​រឿង​ថ្មី​នោះឡើយ​នៅ​កម្ពុជា​។ កាលពី​រដូវ​កាល​២០០៦-២០០៧ កីឡាករ​កូរ៉េខាងជើង​ពីររូប​ទៀត គឺ Choe Ung-Chon និង Kim Song-U ក៏​ធ្លាប់​លេង​ឲ្យ​ក្លិប​ខេមរា​កីឡា និង​ដណ្តើម​ជោគជ័យ​ដ៏​ធំធេង​ផងដែរ​។  Choe Ung-Chon ធ្លាប់បាន​បង្ហាញខ្លួន​៤​លើក​ឲ្យ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង​នា​ឆ្នាំ​២០០៥-២០០៦ មុននឹង​ចូលរួម​ជាមួយ​ក្លិប​ខេមរា​កីឡា​៕


Tag:
 MCL2016
  បាល់ទាត់​
  ក្លិប​ក្រសួងការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com