ជាតិ
នយោបាយជាតិ
ឯកឧត្តម សម រង្ស៊ី៖«លោក ទេព នីថា ពីមុន និងលោក ទេព នីថា ក្រោយនេះ ខុសគ្នា»
× ប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេសមានជំនឿថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្នមានភាពល្អប្រសើរជាងមុន។ ហើយទាក់ទងនឹងករណីលោក ទេព នីថា ឯកឧត្តម សម រង្ស៊ី មិនបានរម្ភឡើយចំពោះវត្តមាននៅក្នុងគ.ជ.ប របស់លោកអគ្គលេខាធិការចាស់រូបនេះ។
គ្មានបញ្ហាទេសម្រាប់ឯកឧត្តមប្រធានគណបក្សសង្គ្រោះជាតិ ចំពោះការបន្តតំណែងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាថ្មីម្តងទៀតរបស់លោក ទេព នីថា។ នៅក្នុងវិធី Hello VOA កាលពីយប់ថ្ងៃពុធ ឯកឧត្តម សម រង្ស៊ី បានថ្លែងការពារថា វត្តមានរបស់លោក ទេព នីថា ពេលនេះ មិនអាចឲ្យលោក ទេព នីថា ធ្វើអ្វីតាមចិត្តដូចកាលពីអាណត្តិមុនៗឡើយ។ លោកបញ្ជាក់ថា នៅក្នុងស្ថាប័នគ.ជ.ប បច្ចុប្បន្ន មិនសំខាន់លើបុគ្គលម្នាក់ទេ តែសំខាន់គឺយន្តការ និងរបៀបធ្វើការរបស់ស្ថាប័ននេះ។ «លោក ទេព នីថា មុន និងលោកទេព នីថា ក្រោយ ខុសគ្នា ព្រោះ(លោក ទេព នីថា) ត្រូវធ្វើការក្នុងបរិបទ ក្នុងក្របខណ្ឌ របៀបធ្វើសេចក្តីសម្រេចចិត្ត របៀបចាត់ចែងខុសគ្នា។ ពីមុនបុគ្គលតែមួយធ្វើអ្វីបានស្រេចចិត្ត ព្រោះបក្សគេតែមួយ ឃុបឃិតគ្នា តែឥឡូវ(ស្ថាប័ននេះ) មានវិន័យ មានយន្តការ មានការតាមដានគ្នាទៅវិញទៅមក»។ នេះជាការបកស្រាយរបស់ឯកឧត្តម សម រង្ស៊ី។
ជាងនេះទៅទៀត លោកប្រមុខបក្សប្រឆាំងកម្ពុជាខាងលើ ទទួលស្គាល់ថា មកដល់ពេលនេះលោក មានជំនឿ និងទុកចិត្តលើ គ.ជ.ប អំពីឯករាជ្យ យុត្តិធម៌ ជាងពេលកន្លងទៅ។ តែលោកមិនធានាថា គ.ជ.ប ថ្មី នេះ នឹងល្អរហូតដល់ការបោះឆ្នោតនាពេលខាងមុខឡើយ ទើបលោកអំពាវនាវឲ្យពលរដ្ឋ និងដៃគូពាក់ព័ន្ធតាមដានទាំងអស់គ្នា។
យ៉ាងក៏ដោយ ការបកស្រាយរបស់ឯកឧត្តម សម រង្ស៊ី ជុំវិញវត្តមានរបស់លោក ទេព នីថា ក្នុងតំណែងជាអគ្គលេខាធិការគ.ជ.ប ម្តងទៀតពេលនេះ ហាក់ខុសគ្នាស្រះឡះទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១៥ ខែមករា កន្លងទៅ។ បើតាមសេចក្តីថ្លែងការណ៍កាលនោះ គណបក្សប្រឆាំងមិនពេញចិត្តចំពោះសមាជិកគ.ជ.ប ដែលសម្រេចជ្រើសរើសលោក ទេព នីថា ឲ្យគ្រងតំណែងជាអគ្គលេខាធិការគ.ជ.ប បន្តទៀតទេ។ បន្ថែមពីលើនេះ គណបក្សសង្គ្រោះជាតិ ក៏បារម្ភថា វត្តមានរបស់លោក ទេព នីថា ជាថ្មី អាចបង្កឲ្យមានការមិនទុកចិត្តលើគ.ជ.ប នៅក្នុងការបោះឆ្នោតខាងមុខ៕
Tag:
គ.ជ.ប
សម រង្ស៊ី
ទេព នីថា
© រក្សាសិទ្ធិដោយ thmeythmey.com