ជាតិ
៩​ឆ្នាំ​ក្រោយមក ក្រសួង​អប់រំ​ហៅ​អ្នក​ជាប់​បាក់​ឌុប​ឆ្នាំ ២០០៧ ឲ្យ​ទៅ​ដក​សញ្ញាបត្រ​
09, Feb 2016 , 2:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានីខេត្ត ឲ្យ​ចាត់​តំណាង​មក​ទទួល​សញ្ញាបត្រមធ្យមសិក្សា​ទុ​តិយ​ភូមិ សម័យ​ប្រឡង​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០០៧ ដើម្បី​យកទៅ​ចែកជូន​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់ ដោយ​ឥតគិតថ្លៃ​។​



​បើតាម​លិខិត​ចុះ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ឹម កុ​ច រដ្ឋលេខា ធិ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានសរសេរថា​៖«​ខ្ញុំ​សូម​ជម្រាប​លោក លោកស្រី​ប្រធាន​ថា ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផលិត​សញ្ញាបត្រ​មធ្យមសិក្សា​សម័យ​ប្រឡង ០៦ សីហា ឆ្នាំ​២០០៧ រួចរាល់​ហើយ​»​។ ទន្ទឹម​ជូនដំណឹង​ស្តីពី​ការទទួល​សញ្ញាបត្រ​បាក់​ឌុប ក្រសួង​បញ្ជាក់ថា​៖«​រាល់​បាតុភាព​ទាំងឡាយណា ដែល​កើតចេញពី​ការចែក​សញ្ញាបត្រ​នេះ គឺជា​ការទទួលខុសត្រូវ​របស់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត​»​។​

​គួរ​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប អាច​ដក​សញ្ញាបត្រ​បណ្តោះ​អាសន្ន តែប៉ុណ្ណោះ ដើម្បី​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​ពួកគេ​៕


Tag:
 ​ក្រសួង​អប់រំ​
  សញ្ញាបត្រ​
  អប់រំ​
  បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com