ជាតិ
ពីនេះ ពីនោះ
មុន​សិក្សា​ជំនាញ​សេដ្ឋកិច្ច គួរ​ដឹង​អ្វីខ្លះ​ពី​ជំនាញ​នេះ​!
10, Feb 2016 , 8:39 am        
រូបភាព
ដោយ:
 
​និយាយ​ពី​សេដ្ឋកិច្ច គឺ​គេ​មិន​និយាយ​ត្រឹមតែ​លុយ អត្រា​ការប្រាក់ អតិផរណា និង​ភាព​គ្មាន​ការងារ​ធ្វើ​ប៉ុណ្ណឹង​នោះទេ​។ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច គឺ​សិក្សា​ស៊ីជម្រៅ​ទៅលើ​ការប្រើប្រាស់​ធនធាន​កម្រ​ឲ្យ​មាន​ប្រសិទ្ធិភាព ដែល​ការសិក្សា​នេះ​ជា​លក្ខណ​បែប​សង្គម និង​វិភាគ​សេដ្ឋកិច្ច​ជា​លក្ខណ​បែប​វិទ្យាសាស្ត្រ​។ សិស្ស​និស្សិត ដែល​ចង់​សិក្សា​ជំនាញ​សេដ្ឋកិច្ច​ឲ្យ​ពូកែ ត្រូវ​ស្វែងយល់​អ្វីខ្លះ​ពី​ជំនាញ​មួយ​នេះ​?


​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច គឺជា​អ្វី​?
​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ត្រូវបាន​សេដ្ឋវិទូ​ផ្តល់​ទស្សនទាន​ផ្សេងៗ​គ្នា សេដ្ឋវិទូ​ខ្លះ​យល់ថា សេដ្ឋកិច្ច គឺជា​វិទ្យាសាស្ត្រ​សង្គម ដែល​សិក្សា និង​ដោះស្រាយ​បញ្ហា ដែល​កើតឡើង​នៅក្នុង​សង្គម ដូចជា អតិផរណា និង​ភាព​អត់​ការងារ​ធ្វើ​ជាដើម​។ ហើយ​ការសិក្សា​នេះ ជា​លក្ខណ​សង្គម និង​វិភាគ​តាមបែប​វិទ្យាសាស្ត្រ​។​
 
​សេដ្ឋវិទូ​ខ្លះទៀត​បាន​ឲ្យ​និយមន័យ​ថា ជំនាញ​សេដ្ឋកិច្ច គឺ​សិក្សា​អំពី​តម្រូវការ និង​ការផ្គត់ផ្គង់ និង​និន្នាការ​សេដ្ឋកិច្ច​ជារួម​។ ជំនាញ​នេះ សិក្សា​អំពី​ការផលិត​កម្ម និង​ការបែងចែក​ផលិតផល ហើយ​វិភាគ​លើ​ធនធាន​ទាំងឡាយ ដែល​ចាំបាច់​សម្រាប់​ផលិត​ឲ្យ​ចេញ​ជា​ផលិតផល ឬ​សេវាកម្ម​។ 
 
​រីឯ ​សេដ្ឋវិទូ​មួយចំនួនទៀត​បាន​ឲ្យ​និយមន័យ​ថា ជំនាញ​សេដ្ឋកិច្ច គឺ​សិក្សា​ទូលាយ​ទៅលើ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស ឬ​តំបន់​ទាំងមូល និង​មីក្រូសេដ្ឋកិច្ច​សិក្សា​ទៅលើ​ក្រុមហ៊ុន​នៅលើ​ទីផ្សារ ហើយ​វិភាគ​ដោយ​ប្រើប្រាស់​គណិតវិទ្យា​។​
 
​ជាទូទៅ សេដ្ឋវិទូមិនដែល​ពេញចិត្ត​នឹង​និយមន័យ​ណាមួយ ដែល​ពួកគេ​បានផ្តល់​ឲ្យ​នោះទេ ពីព្រោះ​ពួកគេ​យល់ថា សេដ្ឋកិច្ច​មានន័យ​ច្រើន​ជាងនេះទៅទៀត​។​
 
​លោក​សាស្ត្រាចារ្យ​ជំនាញ​សេដ្ឋកិច្ច ឡា ដា បាន​ឲ្យ​និយមន័យវិទ្យាសាស្ត្រ​សេដ្ឋកិច្ចនេះ​ថា គឺជាការសិក្សា​ឲ្យ​យល់ និង​ដឹង​ពី​ការប្រើប្រាស់​ធនធាន​កម្រ (​ធនធាន​ដែលមាន​តិចជាង​តម្រូវការ​) ឲ្យ​មាន​ប្រសិទ្ធភាព​។ តើ​ត្រូវ​ប្រើប្រាស់​ធនធាន​ទាំងនេះ​ដោយ​របៀប​ណា​? ប្រើ​យ៉ាងដូចម្តេច ដើម្បី​ឲ្យ​ទទួលបាន​ផល​ច្រើន​បំផុត​? ចំពោះ អ្នកប្រើប្រាស់ តើ​យកប្រាក់​ទៅ​ទិញ​ទំនិញ​ប្រភេទ​ណា​? ក្នុង​បរិមាណ​ប៉ុន្មាន ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​ភាព​ពេញចិត្ត និង​ច្រើន​បំផុង​? ចំណែក អ្នក​ផលិត​ទំនិញ គឺ​ត្រូវយក​ដើមទុន​ទៅ​ប្រកប​អាជីវកម្ម​អ្វី​? ទៅ​ផលិត​ទំនិញ​អ្វី​? ផលិត​ដោយ​របៀប​ណា​? និង​កំណត់​ថ្លៃ​ប៉ុន្មាន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​បំផុត​។ រីឯ រដ្ឋាភិបាល​នឹង​មើល​លើ​គម្រោង ឬ​វិស័យ​ណា ដែលជា​វិស័យ​អាទិភាព​អាចធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច គឺ​រដ្ឋាភិបាល​យក​ថវិកា​ទៅ​អភិវឌ្ឍន៍​លើ​វិស័យ​នោះ​។ 
 
​សរុបមក ការសិក្សា​សេដ្ឋកិច្ច គឺ​សិក្សា​ឲ្យ​យល់ និង​ដឹង​ពី​ការប្រើប្រាស​ធនធាន​កម្រ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​មនុស្ស​ប្រឈមមុខ​នឹង​ការបោះបង់​។ ដូច្នេះ ទាំង​អ្នកប្រើប្រាស់ អ្នក​ផលិត​ទំនិញ ឬ​សេវាកម្ម និង​រដ្ឋាភិបាល ត្រូវធ្វើ​ការសម្រេចចិត្ត​ពី​ការប្រើប្រាស់​ធនធាន​កម្រ​របស់ខ្លួន​ឲ្យ​បាន​ច្បាស់ បើ​អ្នក​យកលុយ​ទៅធ្វើ​អ្វីមួយ នោះ​អ្នក​មិនអាច​យកលុយ​នោះ​ទៅធ្វើ​អ្វី​មួយទៀត​បានឡើយ ពោលគឺ​លះបង់​អ្វីមួយ ដើម្បី​អ្វីមួយ​ផ្សេងទៀត​។ លោក​សាស្ត្រាចារ្យ​ជំនាញ​សេដ្ឋកិច្ច ឡា ដា នៃ​សកល​វិទ្យាល័យ​ស្វាយរៀង និង​វេ​ស្ទើ​ន បាន​ពន្យល់​ដោយ​លើក​ជា​ឧទាហរណ៍​យ៉ាង​ដូច្នេះ​៖ «​បើ​យើង​មាន​ប្រាក់​១០​ដុល្លារ ហើយ​មាន​ផលិតផល​ពីរ​គឺ A និង B ដែល​យើង​ចង់បាន ហើយ​ថ្លៃរបស់​វា​ដូចគ្នា បើ​យើង​ទិញ​ផលិតផល A យើង​ត្រូវ​បោះបង់ B តែបើ​យើង​ទិញ B ត្រូវ​បោះបង់ A គឺ​យើង​ប្រឈម​នឹង​ការបោះបង់ អីចឹង​ដើម្បី​កុំ​ឲ្យ​ការបោះបង់​របស់​យើង​ស្តាយក្រោយ យើង​ត្រូវ​វិភាគ​វា ថា​តើ​ផលិតផល​ទាំងពីរ​មួយណា​ល្អ​បំផុត​សម្រាប់​យើង​»​។​
 
​សិស្ស​និស្សិត​ត្រូវ​ដឹង​អ្វីខ្លះ ពី​មូលដ្ឋានគ្រឹះ​នៃ​ជំនាញ​សេដ្ឋកិច្ច​?
​មូលដ្ឋានគ្រឹះ​នៃ​មុខ​វិទ្យា​ស្ត្រ​សេដ្ឋកិច្ច គេ​សិក្សា​ទៅលើ​ពីរ​ចំណុច​ធំៗ គឺ​មីក្រូសេដ្ឋកិច្ច និង​ម៉ាក្រូសេដ្ឋកិច្ច​។ មីក្រូសេដ្ឋកិច្ច គឺ​សិក្សា​ទៅលើ​ក្រុមហ៊ុន​ថា តើ​គួរ​កំណត់​ថ្លៃ​ប៉ុន្មាន​? ផលិត​ក្នុង​បរិមាណ​ប៉ុន្មាន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​ប្រាក់កម្រៃ​ច្រើន​បំផុង​? ចំណែក ម៉ាក្រូសេដ្ឋកិច្ច គឺ​សិក្សា​ទៅលើ​សេដ្ឋកិច្ច​ទាំងមូល​នៅក្នុង​ប្រទេស និង​តំបន់ ដូចជា អតិផរណា មូលហេតុ​នៃ​អតិ​ផ​រណ ឥទ្ធិពល​នៃ​អតិផរណា ភាព​អត់​ការងារ​ធ្វើ មូល​ហេតុដែល​បណ្តាល​ឲ្យ​គ្មាន​ការងារ​ធ្វើ​។​ល​។ តើ​ស្ថាប័ន​ណាខ្លះ​ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងនេះ​? តើ​រដ្ឋាភិបាល​ត្រូវមាន​យន្តការ​អ្វីខ្លះ​ដើម្បី​ដោះស្រាយ​? នេះ​ជា​សេចក្តីពន្យល់​របស់លោក​សាស្ត្រាចារ្យ​ជំនាញ​សេដ្ឋកិច្ច ឡា ដា នៃ​សកល​វិទ្យាល័យ​ស្វាយរៀង និង​វេ​ស្ទើ​ន​។​
 
​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច សង្គម និង​នយោបាយ​?
​ទំនាក់ទំនង​រវាង​ក​ត្តា​សេដ្ឋកិច្ច សង្គម និង​នយោបាយ គឺ​ជាប់ទាក់ទង​គ្នា​ជា​លក្ខណ​វិលជុំ ដែល​គេ​ពិបាក​នឹង​កំណត់ថា ត្រូវ​ចាប់ផ្តើម​ពី​កត្តា​ណាមួយ​មុនគេ​នោះទេ​។ ទាក់ទិន​នឹង​ចំណុច​នេះ លោក​សាស្ត្រាចារ្យ​សេដ្ឋកិច្ច ឡា ដា បាន​លើក​ជា​ឧទាហរណ៍​មក​ពន្យល់​ប្រាប់​យ៉ាង​ដូច្នេះ​ថា ប្រសិនបើ នៅក្នុង​ប្រទេសមួយ​មាន​អស្ថេរភាព​នយោបាយ​ធ្ងន់ធ្ងរ រហូត​ឈានដល់​មាន​សង្គ្រាម​នោះ គឺ​គ្មាន​អ្នក​មក​វិនិយោគ​ចង់​មក​វិនិយោគ​ទេ​។ បើ​គ្មាន​អ្នក​មក​វិយោគ​នៅក្នុង​ប្រទេស នោះវា​នឹងធ្វើ​ជិះ​ឥទ្ធិពល ឬ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ជាមិនខាន​។ នៅពេលដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច គឺ​ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ ពលរដ្ឋ​គ្មាន​ការងា​ធ្វើ ពលរដ្ឋ​ធ្លាក់ខ្លួន​ក្រីក្រ រហូត​បណ្តាល​ឲ្យ​សង្គម​ទាំងមូល​កើត​ចលាចល​។​
 
​នៅពេល​សង្គម​មួយ​កើត​ចលាចល វា​នឹង​ជិះ​ឥទ្ធិពល​មក​ខាង​នយោបាយ​នៅក្នុង​ប្រទេស​នោះ​វិញ ពីព្រោះ​ប្រជាពលរដ្ឋ​នឹងធ្វើ​ការតវ៉ា បាតុកម្ម​ទម្លាក់ ឬ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​ចលាចល​ក្នុងសង្គម​នោះ​ដូចជា ភាព​គ្មាន​ការងារ​ធ្វើ​, ទំនិញ​ឡើងថ្លៃ​។​ល​។ ដូច្នេះ បើ​អស្ថេរភាព​នយោបាយ វា​នឹង​ជិះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​។ បើ​សេដ្ឋកិច្ច​ធ្លាក់ចុះ វា​នឹង​ជិះ​ឥទ្ធិពល​ដល់​សង្គម​។ បើ​សង្គម​កើត​ចលាចល វា​នឹង​ជិះ​ឥ​ទិ្ធ​ពល​ដល់​នយោបាយ​វិញ​។ បញ្ហា​ទាំងបី​កត្តា​នេះ​វា​កើតឡើង​វិលជុំ​។​
 
​លោក​សាស្ត្រាចារ្យ​បង្រៀន​នៅ​សកល​វិទ្យាល័យ​ស្វាង​រៀង និង​វេ​ស្ទើ​ន​រូបនេះ​យល់ឃើញ​ពី​ទំនាក់ទំនង​រវាង​កត្តា​ទាំងបី​ខាងលើ​ថា គួរតែ​ចាប់ផ្តើម​ពី​នយោបាយ​មុនគេ​។ បើ​នយោបាយ​ល្អ គឺជា​កត្តា​ទាក់ទាញ​អ្នកវិនិយោគទុន​ទាំង​ក្នុង​និង​ក្រៅប្រទេស គឺ​គេ​នឹង​បង្កើត​អាជីវកម្ម បង្កើត​ការងារ​។ កាលណា​បង្កើត​ការងារ ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ នាំ​ឲ្យ​ពួកគាត់​មាន​ចំណូល នោះ​គឺ​ពួកគាត់​នឹង​ទិញ​ផលិតផល​មកប្រើប្រាស់​វិញ ដូច្នេះ វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​កើនឡើង​។​  បើទោះជា ទំនាក់ទំនង​រវាង​ក​ត្តា​សេដ្ឋកិច្ច សង្គម និង​នយោបាយ មាន​សារសំខាន់ ដែល​សិស្ស​និស្សិត​ចាំបាច់​ត្រូវ​ចេះ ត្រូវ​ដឹង​ប៉ុនណា​ក៏ដោយ ក៏​នៅ​សកល​វិទ្យាល័យ​នៅ​កម្ពុជា​ស្ទើរតែ​ទាំងអស់​មិនមាន​កម្មវិធី​បង្រៀន​មុខ​វិទ្យា​នយោបាយ​នេះ នៅក្នុង​មុខជំនាញ​សេដ្ឋកិច្ច​នៅឡើយ​ទេ​។
 
​លក្ខណសម្បត្តិ និង​ចំណេះដឹង​អ្វីខ្លះ ដែល​សិស្ស​និស្សិត​ត្រូវមាន​, ដឹង និង​ត្រៀម​ទុក​មុន​? 
​មុននឹង​សម្រេចចិត្ត​សិក្សា​ជំនាញ​សេដ្ឋកិច្ច​នេះ សិស្ស​និស្សិត​ខ្លួនឯង ត្រូវតែ​ស្រឡាញ់​ចូលចិត្ត និង​ទាមទារ​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​លំ​ហាត់​ករណី​សិក្សា​របស់​ក្រុមហ៊ុន​ឲ្យ​បាន​ច្រើន ពីព្រោះ​ការសិក្សា​ជំនាញ​នេះ​នៅ​មហា​វិទ្យា​ល័យភាគច្រើន ជា​លក្ខណ​ទ្រឹស្តី​ច្រើនជាង​ការអនុវត្ត​។ បន្ថែម​ពីនេះ សិស្ស​និស្សិត​ត្រូវមាន​ចំណេះដឹង​គ្រឹះ​ផ្នែក​គណិតវិទ្យា ភាសា​អង់គ្លេស និង​ចំណេះដឹង​ផ្នែក​កុំព្យូទ័រ​ខ្លះៗ​ផងដែរ​។​
 
​នៅក្នុង​ការសិក្សា​ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច មានមុខ​វិជ្ជា​ផ្សេងៗ​គ្នា​ទៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នីមួយៗ​។ ឆ្លង់កាត់​តាម​ការបង្រៀន​ជំនាញ​សេដ្ឋកិច្ច នៅតាម​មហាវិទ្យាល័យ​នានា លោក​សាស្ត្រាចារ្យ​វ័យ​៣៣​ឆ្នាំ ឡា ដា បាន​ឲ្យ​ដឹងថា មានមុខ​វិជ្ជា​សំខាន់ៗ​មួយចំនួន ដែល​សិស្ស​និស្សិត​ត្រូវ​សិក្សា​ក្នុង​ជំនាញ​សេដ្ឋកិច្ច​នេះ រួមមាន មុខវិជ្ជា​សេដ្ឋកិច្ច​, មីក្រូសេដ្ឋកិច្ច​, ម៉ាក្រូសេដ្ឋកិច្ច​, ម៉ាឃីតធីង​, គណនេយ្យ​, ហិរញ្ញវត្ថុ​, ធនាគារ​, ស្ថិតិ​, ការ​អិ​វឌ្ឍន៍​សេដ្ឋកិច្ច និង​មុខវិជ្ជា​ពាណិជ្ជកម្ម​អន្តរជាតិ​។​ល​។​
 
​បន្ថែម​ពីនេះ លោក​សាស្ត្រាចារ្យ ឡា ដា សង្កេតឃើញថា សកល​វិទ្យាល័យ​នៅ​កម្ពុជា​មួយចំនួន​មាន​កម្មវិធីសិក្សា​ផ្សេងគ្នា ដូចជា ការបង្រៀន​ជំនាញ​សេដ្ឋកិច្ចដោយផ្តោតទៅលើ អាជីវកម្ម​, ផ្តោតលើការបង្កើត​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋ និង​ផ្តោតលើ​សេដ្ឋកិច្ច​សហគមន៍ ឬ​កសិកម្ម​ជាដើម​។​
 
​អត្ថប្រយោជន៍ និង​ឱកាស​ការងារ​សម្រាប់​សិស្ស​និស្សិត ដែល​សិក្សា​ជំនាញ​សេដ្ឋកិច្ច​
​ក្រោយពី​បញ្ចប់​ការសិក្សា​មុខជំនាញ​«​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​» និស្សិត​អាចមាន​សមត្ថភាព​ធ្វើ​ការងារ​នៅតាម​បណ្តា​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នានា ទាក់ទង​នឹង​ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​វិនិយោគ ដូចជា អ្នកសេដ្ឋកិច្ច អ្នកវិភាគ​ហិរញ្ញវត្ថុ អ្នកវិភាគ​ស្រាវជ្រាវ​ទីផ្សារ ភ្នាក់ងារ​លក់​មូល​ប​ត្រ អ្នក​ស្ថិតិ អ្នកវិភាគ​ឥណទាន និង​សាស្ត្រ​ចា​រ្យ​បង្រៀន​នៅតាម​វិទ្យាល័យ និង​មហាវិទ្យាល័យ​។​ល​។​
 
​បើតាម​ការបង្រៀន​និស្សិត​មហាវិទ្យាល័យ​ជិត​១០​ឆ្នាំ​កន្លងមកនេះ លោក​សាស្ត្រ​ចា​រ្យ​ជំនាញ​សេដ្ឋកិច្ច ឡា ដា បាន​សម្គាល់​ឃើញថា  បច្ចុប្បន្ន និស្សិត​ភាគច្រើន​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​សេដ្ឋកិច្ច គឺ​ទៅធ្វើ​ការងារ​ផ្នែក​ហិរញ្ញវត្ថុ​នៅតាម​ស្ថាប័នឯកជន ពីព្រោះ​ទីផ្សារការងារ​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​នៅមានកម្រិត​តិចតួច​នៅឡើយ​៕

Tag:
 ​សេដ្ឋកិច្ច​
  ជំនាញ​
  សិស្ស​
  និ​ស្សិ​ត
  Economy
© រក្សាសិទ្ធិដោយ thmeythmey.com