កីឡាជាតិ
ជាតិ
កម្ពុជា​រៀបចំ National Games ដើម្បី​យក​បទពិសោធន៍​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម
13, Feb 2016 , 8:39 pm        
រូបភាព
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា NOCC នា​សន្និសីទ​សារព័ត៌មាន​មួយ​កាលពីដើម​ខែកុម្ភៈ នៅ​ទីស្នាក់ការ NOCC ផ្ទា​ក់ បាន​ជំរុញ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ National Games ឆ្នាំ​២០១៦ ដើម្បី​ដកស្រង់​បទពិសោធន៍​មុន​ឈានដល់​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ។



​លោក វ៉ា​ត់ ចំរើន បាន​ជំរុញ​ឲ្យ​សហព័ន្ធ​មួយចំនួន​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ និង​ត្រូវបាន​ជ្រើសរើស​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ត្រៀមខ្លួន​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ National Games 2016 ដែលជា​ការប្រកួត​កីឡា​ថ្នាក់ជាតិ​មាន​កម្រិត​បច្ចេកទេស​ខ្ពស់បំផុត​សម្រាប់​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​កា​រងារ និង​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ។

​លោក​អគ្គលេខាធិការ NOCC រូបនេះ​បាន​បញ្ជាក់ថា​៖«​ប្រសិនបើ​យើង​មិន​រៀបចំ​ការប្រកួត National Games នោះទេ យើង​អត់​មានបទពិសោធន៍​សម្រាប់​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នោះទេ អញ្ចឹង​សហព័ន្ធ​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ត្រូវ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត National Games 2016»​។​

​លោក វ៉ា​ត់ ចំរើន បាន​បន្ថែមថា សហព័ន្ធ​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត National Games 2016 មាន​ចំនួន​១៣ ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ពី​ឈ្មោះ​សហព័ន្ធ​ទាំង​នោះទេ​។ ហើយ​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត National Games នឹង​រៀបចំ​រៀងរាល់​២​ឆ្នាំ​ម្តង រហូតដល់​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម​របស់​កម្ពុជា នឹង​មកដល់​បន្ទាប់ពី​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០១៧ ប្រទេស​ភី​លី​ពី​ន ឆ្នាំ​២០១៩ និង​នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ ។​

​ទន្ទឹមនឹងនេះ លោក​បាន​ជំរុញ​ឲ្យ​សហព័ន្ធ​ជាតិ​ទាំងអស់​ត្រៀមខ្លួន​រៀបចំ​ឯកសារ និង​ផែនការ​របស់ខ្លួន​ឲ្យ​បាន​រួចរាល់ ដើម្បី​យកមក​ពិភាក្សា​ពេញ​មួយថ្ងៃ​ក្នុង​អង្គ​មហាសន្និបាត​ប្រចាំឆ្នាំ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នា​ថ្ងៃទី​១៨ ខែកុម្ភៈ ដើម្បី​ស្វែងរក​សេចក្តីសម្រេច​និង​ផ្តល់​ផែនការមេ​ស៊ី​ហ្គេម​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ជា​ផ្លូវការ​៕

Tag:
 NOCC
  National Games
  ស៊ី​ហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com