ជាតិ
១៤ កុម្ភៈ​៖ មនុស្ស​រាប់ពាន់នាក់​ចូលរួម​កម្មវិធី​សប្បុរសធម៌​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​
14, Feb 2016 , 10:54 am        
រូបភាព
ដោយ: &
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ កុម្ភៈ នេះ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានរៀបចំ​កម្មវិធី​សប្បុរសធម៌​លើក​ទី​៧ ដើម្បី​យក​ថវិកា​ទៅ​ជួយ​កុមារកំព្រា ជនពិការ សមាគម​ចាស់ជរា សិស្ស​និស្សិត​ដែលមាន​ជីវភាព​ទីទ័លក្រ និង​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។



​មនុស្ស​រាប់ពាន់នាក់ មកពី​គ្រប់​មជ្ឈដ្ឋាន ទាំង​យុវជន សិស្ស និស្សិត សាស្ត្រាចារ្យ និង​សាធារណជន​មួយចំនួន​ផង​នោះ បានមក​ចូលរួម​យ៉ាង​កកកុញ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​កម្មវិធី​សប្បុរសធម៌​លើ​ទី​៧ នៅ​ព្រឹក​នេះ​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ​។ កម្មវិធី​ដែល​រៀប​ឡើង និង​មានការ​ចូលរួម​ដោយ​សេរី​នេះ មានការ​ដាក់លក់​ផលិតផល​គ្រប់​ប្រភេទ  ម្ហូបអាហារ​បែប​ខ្មែរ និង​ប្ហូ​ម​អាហារ​ផ្សេងៗ​ជាច្រើន​ប្រភេទ ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ និង​កើតចេញពី​ទឹកចិត្ត​របស់​និស្សិត​ដោយផ្ទាល់​។ ការដាក់​លក់​នេះ​គឺធ្វើឡើង​ជា​ស្ដង់ ទៅតាម​ដេ​ប៉ា​តឺ​ម៉​ង់​ផ្សេងៗ នៅក្នុង​ទីធ្លា​សាកលវិទ្យាល័យ​នេះ​។

​គួរ​បញ្ជាក់ថា កម្មវិធី​សប្បុរសធម៌​លើក​ទី​៧ ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានរៀបចំ​នេះ គឺ​រៀបចំឡើង​ក្នុង​គោលបំណង​ប្រមូល​ថវិកា​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​កុមារកំព្រា ជនពិការ ចាស់ជរា សិស្ស​និស្សិត​ដែលមាន​ជីវភាព​ក្រីក្រ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាដើម​។ មិនតែប៉ុណ្ណោះ សាកលវិទ្យាល័យ​នេះ មាន​គោលបំណង​ចង់ឃើញ​យុវជន​ខ្មែរ​ចេះ​សាមគ្គី​គ្នា ចេះ​សហការគ្នា និង​បណ្ដុះ​ស្មារតី​យុវជន​ខ្មែរ ឲ្យ​មានចិត្ត​សប្បុរសធម៌​ចូលរួម​ជួយ​ជាតិ​។ អ្វីដែល​រឹតតែ​សំខាន់​គឺ​កម្មវិធី​សប្បុរសធម៌​នេះ អាច​ទាញ​ស្មារតី​យុវជន យុវនារី​ដែលជា​សិស្ស និស្សិត​ទាំង​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏ដូចជា​នៅតាម​បណ្ដា​សាកលវិទ្យាល័យ​ផ្សេងៗ​ឲ្យ​មក​ចាប់អារម្មណ៍​ជាមួយ​ទង្វើ​សប្បុរសធម៌ ជាង​ភ្លើតភ្លើន​ជាមួយនឹង​«​ទិវា​នៃ​សេចក្ដីស្រឡាញ់​» ដែល​យុវជន​តែងតែ​នាំគ្នា​ហៅថា «​ថ្ងៃបុណ្យ​សង្សា​»​នេះ​ផងដែរ​៕
















Tag:
 ទិវា​នៃ​ក្តី​ស្រលាញ់
© រក្សាសិទ្ធិដោយ thmeythmey.com