ជាតិ
លោក រៀល ខេ​ម​រិ​ន្ទ្រ ទទួលកំហុស​ដែល​ខ្លួន​មិនបាន​គោរព​ច្បាប់​ចរាចរណ៍​
14, Feb 2016 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក​រៀល ខេ​ម​រិ​ន្ទ្រ បាន​សំ​ទោស និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ចំពោះ​ករណី​ដែល​លោក​មិនបាន​ពាក់​ខ្សែក្រវ៉ាត់​ការពារ​ពេល​ជិះ​រថយន្ត ហើយ​ត្រូវ​នគរបាល​ចរាចរ​ផាកពិន័យ​។​



​ក្រោយពី​បណ្តាញសារព័ត៌មាន​បង្ហោះ​វីដេអូ​ខ្លី​បង្ហាញ​ពី​សកម្មភាព​របស់​នគ​របាល​ចរាចរ ដែល​ផាកពិន័យ​លើ​រូប​ខ្លួន​ដោយសារ​មិនបាន​ពាក់​ខ្សែក្រវ៉ាត់​ពេល​បើកឡាន កាលពី​យប់​ថ្ងៃទី​១៣​ខែកុម្ភៈ លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុស​របស់ខ្លួន ដែល​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​។ ក្នុង​ឃ្លី​ប​វីដេអូ​ខ្លី ដែល​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថ្ងៃនេះ លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​មន្ត្រីនគរបាល​ចរាចរ ដែល​បាន​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​បំពេញ​តួនាទី​បានល្អ​។ «​មន្ត្រី​នគ​បាល​ចរាចរណ៍​មានការ​អនុវត្ត​ច្បាប់​បានល្អ ដោយ​មិនមាន​ការប្រកាន់​ថា​អ្នកតូច ឬ​អ្នកធំ ឬ​មន្ត្រី​តូចធំ​ណាមួយ ហើយ​នេះ​គឺជា​អ្វីដែល​លោក​ចង់បាន និង​មានការ​កោតសរសើរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក រៀល ខេ​ម​រិ​ន្ទ្រ​។​
 
​ជាមួយគ្នានេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ក៏​ពន្យល់​បន្ថែម​អំពី​វីដេអូ ដែល​ត្រូវបាន​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម ទាក់ទង​និង​បញ្ហា​របស់លោក ជាមួយនិង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ថា សកម្មភាព​ប្រកែក​គ្នា​ជាមួយ​នគរបាល​ដែល​សុំ​បង់ប្រាក់​ពិន័យ​មុន​ពលរដ្ឋ​ដទៃទៀត​នោះ មិនមែន​មានន័យថា លោក​មិន​ព្រម​ទទួលស្គាល់​កំហុស និង​ខឹង​ជាមួយ​មន្ត្រីនគរបាល​នោះទេ​។ ប៉ុន្តែ​គឺ​លោក​សុំ​ការអនុញ្ញាត​ពី​ប្រជាពលរដ្ឋ​ដែល​ចាំ​បង់ប្រាក់ ដើម្បី​ឲ្យ​លោក​បាន​បង់​ការផាក់ពិន័យ​បាន​មុន ដោយសារតែ​លោក​មាន​ភារកិច្ច​ចាំបាច់​ត្រូវ​ទៅ​បំពេញ​។ លោក ខេ​ម​រិ​ន្ទ្រ ក៏​មិនបាន​បដិសេធ​នោះដែរ ចំពោះ​កាយវិការ​របស់លោក ដែល​មើលទៅ​ដូចជា​ខឹង​ចំពោះ​មន្ត្រីនគរបាល​នោះ​។ លោក បាន​អះអាងថា លោក​ខឹង​នគរបាល ដោយសារ​តែមាន​មន្ត្រីនគរបាល​ចរាចរ​មួយចំនួន​បាន​និយាយ​ពាក្យ​មិនល្អ​ថា លោក​ធ្វើជា​តំណាងរាស្ត្រ​ហើយ នៅ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​មើលងាយ​រូបលោក​។

​លោក រៀល ខេ​ម​រិ​ន្ទ្រ ស្នើ​ឲ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​មួយចំនួន មេត្តា​ប្រើប្រាស់​ពាក្យសម្ដី​ឲ្យ​បាន​សមរម្យ ទោះបី​ជាមួយ​ប្រជាពលរដ្ឋ​សាមញ្ញ​ក៏ដោយ​។ ហើយ​ក្រៅពី​ទទួលយក​កំហុស លោក​តំណាងរាស្ត្រ​រូបនេះ​ក៏​សង្ឃឹមថា ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ នឹង​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​ត្រឹមត្រូវ ហើយ​មន្ត្រី​ចរាចរណ៍ នៅតែ​បន្តរ​អនុវត្តន៍​រូបភាព​ល្អៗ​របស់ខ្លួន​នៅក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​៕


Tag:
 រៀល ខេ​ម​រិ​ន្ទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com