ជាតិ
កម្ពុជា​ត្រូវការ​ក្រុមហ៊ុន​វិនិយោគ​ស្តង់ដារ​ធំៗ តែ​ជួប​ឧបសគ្គ​អំពើពុករលួយ តុលាការ​អយុត្តិធម៌​
14, Feb 2016 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ អង្គការ​តម្លាភាព​អន្តរជាតិ​បានបង្ហាញ​ចំណាត់ថ្នាក់​អំពើពុករលួយ​របស់​កម្ពុជា​នៅ​លេខ​រៀង​ទី​១៥០ ក្នុងចំណោម​ប្រទេស​ចំនួន​១៦៨ ។ ចំណាត់ថ្នាក់​នេះ រួមទាំង​ភាពអយុត្តិធម៌​ក្នុង​ប្រព័ន្ធតុលាការ កង្វះ​នីតិរដ្ឋ ត្រូវបាន​អ្នកវិភាគ​មើលឃើញថា​ជា​ឧបសគ្គ​ក្នុងការ​ទាក់ទាញ​ក្រុមហ៊ុន ស្តង់ដារ​ធំៗ ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​កំពុង​វិនិយោគ​សព្វថ្ងៃ​មួយចំនួន គឺជា​ក្រុមហ៊ុន​ឆ្លៀតឱកាស និង​មិនបាន​ជួយ​សេដ្ឋកិច្ចកម្ពុជា​ជា​ដុំកំភួន​។



​លោក អ៊ូ វីរៈ អ្នកវិភាគ​បញ្ហា​សង្គម ចាត់ទុក​កម្រិត​នៃ​អំពើពុករលួយ​នៅ​កម្ពុជា​ថា ស្ថិតក្នុង​ស្ថានភាព​អាក្រក់ ដែលជា​ឧបសគ្គ​ដល់​ការទាក់ទាញ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ធំៗ​មក​កម្ពុជា​។ ក្រុមហ៊ុន​កំពុង​វិនិយោគ​នៅ​កម្ពុជា​មួយចំនួន ត្រូវបាន​លោក អ៊ូ វីរៈ ថា​ជា​ក្រុមហ៊ុន​ឆក់​កន្តៀត ដែល​ភាគច្រើន​គ្រប់គ្រង​ដោយ​ពួក​អាស៊ី ពិសេស​ជនជាតិ​ចិន​។ លោក បន្ថែមថា ក្រុមហ៊ុន​ឆក់​កន្តៀត​ទាំងនេះ ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​ដែរ តែ​ក្នុង​ចំនួន​តិចតួច​។ តាម​ការអង្កេត​របស់​លោក ក្រុមហ៊ុន​ទាំងនេះ បាន​រំលោភ​ដល់​សិទ្ធិ​កម្មករ និង​មិន​ផ្តល់​លក្ខខណ្ឌ​ការងារ​ឲ្យ​បានល្អ​ប្រសើរ​នោះឡើយ​។

​អ្នកវិភាគ​រូបនេះ ចង់​ឲ្យ​កម្ពុជា​ចាប់យក​ការវិនិយោគ​របស់​ក្រុមហ៊ុន​ធំៗ ពី​សហរដ្ឋអាមេរិក សហគម​អឺរ៉ុប កូរ៉េ ជប៉ុន​ជាដើម ដើម្បី​ជួយ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ខ្លាំង​។ ការវិនិយោគ​របស់​ក្រុមហ៊ុន​ធំៗ ត្រូវបាន​លោក អ៊ូ វីរៈ សម្លឹង​ឃើញ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចកម្ពុជា​។ លោក អះអាងថា ក្រុមហ៊ុន​ដែលមាន​លក្ខណៈ​ស្តង់ដារ នាំមក​នូវ​ការវិនិយោគ​មាន​ភាព​នឹងធឹង ប​ច្នេ​ក វិទ្យា ការបណ្តុះបណ្តាល​កម្មក​រ ស្តង់ដារ​ការងារ​ល្អ ព្រមទាំង​ផ្តល់​ប្រាក់ខែ​ខ្ពស់​។ ហើយ​កម្ពុជា​នឹងមាន​ផលិតផល​នាំទៅ​លក់​ក្នុង​ទីផ្សារ​ក្រៅប្រទេស​កាន់តែច្រើន​ទៀតផង​។​

 ដើម្បី​អាច​ទាក់ទាញ​ក្រុមហ៊ុន​ស្តង់ដារ​ធំៗ​មក​វិនិយោគ​បាន លោក អ៊ូ វីរៈ ផ្តល់​អនុសាសន៍​ថា កម្ពុជា​ត្រូវធ្វើ​ឲ្យ​គេ​មាន​ទំនុកចិត្ត ព្រោះថា​គេ​មក​បណ្តាក់ទុន​រកស៊ី​យូរអង្វែង​។ ហើយ​ក្រុមហ៊ុន​ធំៗ​មិន​មក​វិនិយោគ​ក្នុងប្រទេស​ដែលមាន​អំពើពុករលួយ​ឡើយ​។ លោក  អ៊ូ វីរៈ បញ្ជាក់ថា កម្ពុជា​ត្រូវ​បំបាត់​អំពើពុករលួយ កសាង​នីតិរដ្ឋ និង​ធានា​ភាពយុត្តិធម៌​ក្នុង​ប្រព័ន្ធតុលាការ​ឲ្យ​បាន នោះគេ​នឹង​សម្លឹង​ឃើញ​កម្ពុជា​ជា​កន្លែង​គួរ​ឲ្យ​ចង់​មក​វិនិយោគ​។ លោក អ៊ូ វីរៈ និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ឲ្យ​តែ​យើង​មាន​តុលាការ​ត្រឹមត្រូវ អនុវត្ត​ច្បាប់​បានល្អ ស្មើរ​ភាព​គ្នា យើង​មិនចាំបាច់​ដើររក​គេ​នោះទេ អ្នកវិនិយោគ​គេ​នឹង​មក​ឯង​»​។

​ឯ​លោក កែម ឡី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ក៏​យល់ឃើញ​ស្រដៀង​នឹង​លោក អ៊ូ វីរៈ ដែរ​។ លោក មានប្រសាសន៍ថា ចង់​ទាក់ទាញ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ធំៗ កម្ពុជា​ត្រូវតែ​លុបបំបាត់​អំពើពុករលួយ​ឲ្យ​បាន​។ លោក កែម ឡី បានចាត់ទុក​អំពើពុករលួយ​នៅ​កម្ពុជា​សព្វថ្ងៃ​ថា ធ្វើ​ឡើងជា​ប្រព័ន្ធ និង​ជា​ជម្ងឺ​រ៉ាំរ៉ៃ​។ ការប្រយុទ្ធប្រឆាំង​អំពើ​ពុក​លួ​យ​កន្លងមក ធ្វើ​មិនត្រូវ​ចំណុច ហើយ​ធ្វើ​បានតែ​ចំពោះ​អ្នកតូចតាច​។

«​យើង​ត្រូវធ្វើ​ច្បាប់​ឲ្យ​ល្អ មិន​ឲ្យ​មាន​អំពើពុករលួយ ការិយាល័យ​ធិបតេយ្យ ប្រទេស​ណា​ក៏​អាចមក​(​វិនិយោគ​)​បានដែរ​។ កាលណា​ច្បាប់​យើង​មិនល្អ ក្រុមហ៊ុន​ខិលខូច​វា​ឆ្លៀតឱកាស មករក​ស៊ីក្នុង​ទម្រង់​មួយ​មិនល្អ​»​។ នេះ​ជា​ប្រសាសន៍​លោក កែម ឡី​។​

​ដើម្បី​លុបបំបាត់​អំពើពុករលួយ អ្នកស្រាវជ្រាវ​រូបនេះ ផ្តល់​អនុសាសន៍​ថា ការប្រឆាំង​អំពើពុករលួយ ត្រូវធ្វើ​ឲ្យ​ត្រូវ​ចំណុច ទើប​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សកម្មភាព​ធ្វើ​ច្រើន តែ​លទ្ធផល​តិច ដោយសារ​យើង​វាយ​អត់​ត្រូវ​ចំណុច​។​យើង​អត់​រក​ចំណុច​ណា​ដែល​ចំណាយពេល​តិច ធនធាន​តិច តែ​ទទួលលទ្ធផល​ខ្ពស់​»​។ ដើម្បី​បោសសម្អាត​អំពើពុករលួយ លោក កែម ឡី សង្កត់ធ្ងន់​លើ​ប្រធាន​ស្ថាប័ន​ធំៗ ដែលជា​អ្នកមានអំណាច​ធ្វើ​សេចក្តីសម្រេច គឺជា​គោលដៅ​ត្រូវអនុវត្ត​មុនគេ​។ លោក ចង់​ឲ្យ​មានការ​កែប្រែ​ច្បាប់​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឲ្យ​មានការ​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ និង​ជា​លក្ខណៈ​គ្រួសារ​។ ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ក៏ត្រូវ​ធ្វើការ​តាមដាន​ជា​រៀងរាល់ឆ្នាំ ដើម្បី​ត្រួតពិនិត្យ​ពី​ភាពមិនប្រក្រតី​នៃ​កំណើន​ទ្រព្យសម្បត្តិ​របស់​អ្នក​ប្រកាស​ទាំងនោះ​៕


Tag:
 ​សេដ្ឋកិច្ច​
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com