ជាតិ
មាន​បញ្ហា​? Inbox ប្រាប់​សម្តេច​!
01, Mar 2016 , 12:19 pm        
រូបភាព
ដោយ: រួបរួម
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច បន្ត​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​រាយការណ៍​ពី​បញ្ហា​នានា តាមរយៈ​ការផ្ញើ​ជា​សារ និង​លិខិត​ផ្សេងៗ​ទៅកាន់​ប្រអប់ Inbox នៃ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister​។​



«​ដើម្បី​ចូលរួម​កសាង​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ទៅមុខ ជាពិសេស​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រជាពលរដ្ឋ ទប់ស្កាត់ និង​លុបបំបាត់​អំពើពុករលួយ និង​ផ្តល់នូវ​យុត្តិធម៌​សង្គម សូម​បងប្អូន​ជនរួមជាតិ​ចូលរួម​ជាមួយ សម្តេច​តេ​ជោ ទាំងអស់គ្នា​។ ជនរួមជាតិ​អាច​ផ្ញើ​ជា​សារ និង​លិខិត​ផ្សេងៗ (pdf/MS Words) រួមជាមួយ​ឯកសារ​ភ្ជាប់​នានា​មកកាន់ (Inbox) នៅក្នុង​គេហទំព័រ​នេះ​»​។ នេះ​បើតាម​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន បាន​សរសេរ​បន្ថែមថា សំណូមពរ របាយ​ការ​ណ៌ និង​ពាក្យបណ្តឹង​នានា​ត្រូវតែមាន​មូលដ្ឋាន​ច្បាប់​ពិតប្រាកដ​រួមជាមួយ​ភស្តុតាង និង​សាក្សី​ច្បាស់លាស់​។ ដំណោះស្រាយ នឹងធ្វើ​ជូន​សម្រាប់​រឿង​អយុត្តិធម៌​ពិតប្រាកដ​ត្រឹមត្រូវ​។ ទន្ទឹម​និង​នេះ ក្រសួង​មន្ទីរ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​នានា​ត្រូវ​ចូលរួម​ដោះស្រាយ​អំពើ​អយុត្តិធម៌​ជូន​ប្រជាជន ហើយ​ឈប់​កសាង​អំពើអាក្រក់ ឈប់​ចូលរួម និង​ឈប់​ការពារ​ជនខិលខូច​តទៅទៀត​។​

​ជាមួយគ្នានេះ​ផងដែរ ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកសរសើរ​សម្តេច ហ៊ុន សែន ថា មិន​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​ល្អ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ល្អ​តែប៉ុណ្ណោះ​ទេ សម្តេច​គឺជា​ស្វាមី​ល្អ ជា​ឪពុក​ល្អ និង​ជា​ជីតា​ដ៏​ល្អ​របស់​ចៅៗ ។ សម្តេច​តេ​ជោ​តែងតែ​ធ្វើជា​គម្រូ​ល្អ​ដល់​យុវជន និង យកចិត្តទុកដាក់​គិតគូរ​ដល់​អាយុជីវិត សុខទុក្ខ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជានិច្ច​៕


Tag:
 ​ហ្វេ​ស​ប៊ុ​ក​
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com