ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ​៖ អ្នកនយោបាយ​ដែលមាន​រឿងអាស្រូវ​ស្នេហា នឹងមាន​វាសនា​ដូច​សម្ដេចក្រុមព្រះ​
03, Mar 2016 , 5:32 pm        
រូបភាព
​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​មួយចំនួន​សង្ស័យ​សំឡេង​សាសង​ស្នេហា​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ឈ្មោះ​អា​មុំ ដែល​បាន​ផ្ទុះឡើង​តាមរយៈ​ការ​បង្ហោះ​លើ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​មាន​ឈ្មោះថា Mon  Srey​នោះ ថា ជា​សំឡេង​ឯកឧត្តម កឹម សុខា ។ លោក ញឹក ប៊ុនឆៃ វាយតម្លៃថា បើ​អ្នកនយោបាយ​មាន​ករណី​ផ្ទុះ​រឿងអាស្រូវ​ស្នេហា​នោះ នឹងធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ប្រជាប្រិយភាព ហើយនឹង​បរាជ័យ​ដូច​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។​



​ឆ្លើយ​នឹង​សំនួរ​រឿងអាស្រូវ​ស្នេហា ដែល​សារព័ត៌មាន​ថ្មីៗ​សួរ​ទាក់ទង​នឹង​សំឡេង​ដែល​គេ​ចាត់ទុកថា ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា នោះ លោក ញឹក ប៊ុនឆៃ ក៏​មិន​ហ៊ាន​សន្និដ្ឋាន​លើ​សម្លេង​ឆ្លើយឆ្លង​ស្នេហា​នេះដែរ តែ​លោក​បែរជា​រំ​ឮ​ក​ភ្លាម​ពី​ប្រវត្តិ​របស់​សម្ដេចក្រុមព្រះ​ថា ទ្រង់​ក៏​ជា​អ្នកនយោបាយ​ដែល​ធ្លាប់មាន​ភរិយា​ច្រើន ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព​របស់​គណបក្ស និង​បាត់បង់​ជំនឿ​ចិត្ត​ពី​សំណាក់​មន្ត្រី​បក្ស និង​អ្នកគាំទ្រ​ផងដែរ​។

​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ដែល​ធ្លាប់​រួម​ការងារ​នយោបាយ​និង​ស្គាល់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាច្រើន​ឆ្នាំមុន​បែកបាក់​គ្នា​នោះ បាន​បន្ថែមថា បើ​អ្នកនយោបាយ​មាន​ករណី​ផ្ទុះ​រឿងអាស្រូវ​ស្នេហា​នោះ បានន័យថា​ពួកគេ​កំពុង​ដើរ​តាម​គន្លង​សម្ដេចក្រុមព្រះ ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព បាត់បង់​ជំនឿ​ទុកចិត្ត និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ផងដែរ​។

​នៅពេល​សួរថា​តើ​អ្នកនយោបាយ​នោះ​អាច​បរាជ័យ​ក្នុង​អាជីព​នយោបាយ​ដូច​សម្ដេចក្រុមព្រះ​ដែរ​ទេ​?​លោក ញឹក ប៊ុនឆៃ ឆ្លើយតប​ភ្លាម​យ៉ាងខ្លី​ថា រឿងនេះ​ជា​ពិត​ត្រឹមត្រូវ ព្រោះ​ពលរដ្ឋ​បាត់បង់​ជំនឿ​ទុកចិត្ត​។​
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ញឹក ប៊ុនឆៃ បាន​រំឭក​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​ការតស៊ូ​ក្នុង​ឆាកនយោបាយ​ជាមួយគ្នា​សម្ដេចក្រុមព្រះ មាន​ប្រពន្ធ​តែមួយ​ទេ ហើយ​មន្ត្រី​បក្ស​និង​អ្នកគាំទ្រ​មានការ​ជឿជាក់​យ៉ាងខ្លាំង​។ តែ​ក្រោយមក​ទ្រង់មាន​ប្រពន្ធ​បន្តបន្ទាប់​ច្រើនពេក ធ្វើ​ឲ្យ​មន្ត្រី​បក្ស​បាត់បង់​ជំនឿ​លើ​សម្ដេចក្រុមព្រះ ធ្វើ​ប៉ះពាល់​ដល់​បក្ស​បាត់បង់​ប្រជាប្រិយភាព​។ ដូចនេះ​មេដឹកនាំ​នយោបាយ​ណាក៏ដោយ ដែលមាន​ស្រី​ញី​ច្រើន​ដូច​សម្ដេចក្រុមព្រះ​នោះ ពួកគេ​នឹង​បាត់បង់​ការជឿជាក់ បាត់បង់​ប្រជាប្រិយភាព និង​បរាជ័យ​»​។​

​រយៈពេល​៣​ថ្ងៃ​ហើយ ដែល​រឿងអាស្រូវ​រវាង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា និង​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះថា អា​មុំ បាន​ផ្ទុះឡើង​តាមរយៈ​ការ​បង្ហោះ​សំឡេង​ឆ្លងឆ្លើយ​គ្នា តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​មាន​ឈ្មោះថា Mon  Srey​នោះ ដែល​ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ជា​រឿង​ដដែលៗ ក្នុងការ​វាយប្រហារ​ម​កលើ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​លោក យ៉ែម បុញ្ញឫទ្ធិ យល់ថា ករណី​សំឡេង​នេះ​គឺ​គ្រាន់តែ​ជា​រឿង​ផ្ទុះឡើង​ជាថ្មី ដើម្បី​បង្វែរ​ស្ថានការណ៍​នយោបាយ មុន​ការបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​បោះឆ្នោតជាតិ ឆ្នាំ​២០១៨ មកដល់​ប៉ុណ្ណោះ​។ លោក​អះអាងថា គណបក្ស​លោក​មិន​ចាប់​លើ​ករណី​នេះឡើយ ព្រោះ​កំពុង​ផ្តោតលើ​ការបោះឆ្នោត ។​

​ព័ត៌មាន​ទាក់ទង​សំឡេង​ឆ្លើយ​ស្នេហា ដែលមាន​ការចោទប្រកាន់​ថា​ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា និង​យុវតី​ម្នាក់ មិនបាន​ធ្វើ​ឲ្យ​ប្រធានស្តីទី​គណបក្សប្រឆាំង​ស្មុ​គ្រ​ស្មាញ​អារម្មណ៍​នោះឡើយ​។ ដោយ​មិន​និយាយ​ចំ​ពី​បញ្ហា ឯកឧត្តម កឹម សុខា បាន​ថ្លែង​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២៥ រាជធានី​-​ខេត្ត នា​កិច្ចប្រជុំ​កាលពី​ព្រឹក​មិញ​ថា មិនត្រូវ​ធ្វើ​អ្វី​ទៅតាម​គេ​ចាក់​នោះឡើយ​។​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ ប្រកាស​រក្សា​ជំហរ​ថា​«​យើង​កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំ​ឆ្លង​»​។​

​គួរ​បញ្ជាក់ថា មុន​កាល​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣​កន្លងមក​ក៏មាន​ស្ត្រី​ម្នាក់​ធ្លាប់បាន​ចេញមុខ​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​ជា​ប្រពន្ធចុង​របស់​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រយៈពេល​១៦​ឆ្នាំ ដែលមាន​ទំនាក់ទំនង​ស្នេហា​និង​គ្នា​រហូតដល់​មានកូន​មុនពេល​បែក​គ្នា ដោយ​កាលណោះ​ស្ត្រី​ម្នាក់​នោះបាន​អះអាងថា ខ្លួន​ជា​ជនរងគ្រោះ​ម្នាក់ នៅក្នុង​រឿង​ស្នេហា​ត្រីកោណ រវាង​ឯកឧត្តម កឹម សុខា និង​ភរិយា​។ ប៉ុន្តែ​រឿងនេះ ត្រូវបាន​ស្ងាត់​ទៅវិញ​ក្រោយ​ការបោះឆ្នោត​ថ្នាក់ជាតិ​៕


Tag:
 ញឹក ប៊ុនឆៃ
 រឿងអាស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com