ជាតិ
សំណុំរឿង​ឯកឧត្តម កឹម សុខា​៖ មេធាវី នឹង​អមដំណើរ ស្រីមុំ ទៅ​បំភ្លឺ​នៅ​មហាផ្ទៃ​
10, Mar 2016 , 3:29 pm        
រូបភាព
​ស្រីមុំ ដែល​ទើប​ចេញមុខ​បដិសេធ​សំឡេង​សន្ទនា​ជាមួយ​ឯកឧត្តម កឹម សុខា នោះ នឹង​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​ចារកម្ម​នៃ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១១ មីនា​នេះ​។ មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ប្រាប់​ឲ្យ​ដឹងថា មេធាវី​មួយរូប​នឹង​ជូន​កញ្ញា ស្រីមុំ ទៅ​ឆ្លើយបំភ្លឺ​សំណុំរឿង​របស់​កញ្ញា​។​



​កញ្ញា ស្រីមុំ បាន​ស្វែងរក​ជំនួយ​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ដើម្បី​កញ្ញា​អាចធ្វើ​កិច្ចការ​ចំនួន​ពីរ​។ ទីមួយ កញ្ញា ស្រីមុំ ចង់​មានឱកាស​បកស្រាយ និង​បដិសេធ​សំឡេង​សន្ទនា​ស្នេហា​ជាមួយ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា នោះ ថា​ជា​រឿង​មិន​ពិត​។ ទី​ពីរ កញ្ញា​ស្រីមុំ ចង់បាន​ជំនួយ​ពី​សមាគម​អាដហុក​នៅពេលដែល​កញ្ញា​ត្រូវ​ទៅ​ឆ្លើយបំភ្លឺ​នៅ​នាយកដ្ឋាន​ចារកម្ម​នៃ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១១​មីនា​នេះ​។ គោលបំណង​របស់​កញ្ញា​ស្រីមុំ ត្រូវបាន​បញ្ជាក់​ដោយ​លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​។​

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អាដហុក បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​១០​មីនា តាម​ខ្សែ​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​គាត់ (​កញ្ញា​ស្រីមុំ​) ដាក់​បណ្តឹង​មក​យើង​ដើម្បី​យើង​ជួយ​ឲ្យ​គាត់​មានឱកាស​និយាយ​បដិសេធ (​សំឡេង​សន្ទនា​ជាមួយ​ឯក​ត្ត​ម កឹម សុខា​)​។ យើង​ក៏​ជួយ​សម្រួល​ឲ្យ​គាត់​បាន​ជួប​អ្នកកាសែត​។ រឿង​គាត់​និយាយ​ឆ្លើយឆ្លង​ជាមួយ​កាសែត​យ៉ាងណា គឺជា​រឿង​របស់គាត់​»​។​

​សម្រាប់​ការស្នើសុំ​ទី​ពីរ​របស់​កញ្ញា ស្រីមុំ សមាគម​អាដហុក បានសម្រេច​ផ្តល់​មេធាវី​មួយរូប​ដើម្បី​ជូន​កញ្ញា​ទៅ​បំភ្លឺ​តាម​ការស្នើ​របស់​នាយក​ដ្ឋា​ន​ចារកម្ម​។ ប៉ុន្តែ​វា​ក៏​មិនទាន់​ដល់ពេល​សម្រេច​ថា មេធាវី​រូបនោះ​គឺជា​អ្នកការពារ​ក្តី​គាត់​នោះទេ​។ «​គាត់​ត្រូវការ​ជំនួយ​ពី​យើង​។ ដូច្នេះ​យើង​បញ្ជូន​មេធាវី​មួយរូប​ដើម្បី​អមដំណើរ​គាត់​ដើម្បី​កុំ​ឲ្យ​គាត់​ភ័យ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក នី សុខា ដែល​អះអាង​បន្ថែមថា អាដហុក​ក៏​នៅ​មិនទាន់​សិក្សា​ករណី​របស់​កញ្ញា​ស្រីមុំ ដែល​ត្រូវបាន​ចោទប្រកាន់ថា មាន​ទំនាក់ទំនង​ស្នេហារ​ជាមួយ​ឯកឧត្តម កឹម សុខា​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​វី​អូ​អេ នៅ​យប់​ថ្ងៃទី​៩​មីនា កញ្ញា​ស្រីមុំ ដែលមាន​ឈ្មោះ​ពិត ឃុំ ច័ន្ទ​តារា​ទី បាន​និយាយ​បដិសេធថា កញ្ញា​មិនដែល​បាន​សន្ទនា​ស្នេហា​ជាមួយ​ឯកឧត្តម កឹម សុខា ដូច​ការផ្សាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ដែល​សារព័ត៌មាន​មួយចំនួន​យក​ផ្សាយ​បន្ត​នោះឡើយ​។ ស្រីមុំ បាន​និយាយប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​ត្រូវបាន​គេ​លួច​ចូល​។​

​ខ្សែអាត់​សំឡេង​ដែល​គេ​អះអាងថា ជាការ​សន្ទនា​រវាង​ឯកឧត្តម កឹម សុខា និង​ស្រី​កំណាន់​នោះ ត្រូវបាន​ផ្សព្វផ្សាយ​ដល់​វគ្គ​ទី​២៣​ហើយ​មកដល់​ថ្ងៃទី​១០​មីនា​នេះ​៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com