ជាតិ
គ្រូបង្វឹក​ទាំង​៤​បង្វិល​កៅអី ក្រោយ ស៊ូ​ហ្សា​ណា ច្រៀង​បាន​ជាង​១០​វិនាទី
14, Mar 2016 , 11:42 am        
រូបភាព
 
​វ័យ​ត្រឹម​១៦​ឆ្នាំ សំឡេង​របស់ រ៉េត ស៊ូ​ហ្សា​ណា បាន​ទាក់ទាញ​យ៉ាងខ្លាំង ខណៈ​បេ​ក្ខ​នារី​នៅ​រាជធានី​ភ្នំពេញ​រូបនេះ បកស្រាយ​បទ «The Power of Love» របស់​តារាចម្រៀង​ជើងចាស់​អាមេរិក Jennifer Rush ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង The Voice Cambodia រដូវ​កាល​ទី​ពីរ​របស់​ទូរទស្សន៍​ហ​ង្ស​មាស​។ បង្ហើ​សំនៀង​បាន​ត្រឹម​១០​វិនាទី គ្រូបង្វឹក​ទាំង​៤ បាន​ចុច​ប៊ូ​តុង បង្វិល​កៅអី​ជា​បន្តបន្ទាប់​។​

 
​នៅពេលដែល បេ​ក្ខ​នារី រ៉េត ស៊ូ​ហ្សា​ណា បង្ហើរ​សំនៀង​របស់ខ្លួន​ភ្លាម​ពោលគឺ​ត្រឹមតែ​ជាង​១០​វិនាទី​ប៉ុណ្ណោះ កៅអី​ទាំង​៤​របស់​គ្រូបង្វឹក បាន​វិល ខណៈ​មាន​សំឡេង​ទះដៃ និង​ហ៊ោរ​កញ្ជ្រៀវ​ស្ទើរ​កក្រើក​ឆាក​។ នាង​ក៏​ជា​បេក្ខជន​តែ​ម្នាក់​គត់​ផងដែរ ដែល​បាន​រើសយក​បទ​ជា​ភាសា​អង់គ្លេស​មក​ច្រៀង នៅក្នុង​វគ្គ The Blind Audition សប្តាហ៍​ទី​២ ។  
 
​ឪពុកម្តាយ​របស់ ស៊ូ​ហ្សា​ណា ក៏​រំជួលចិត្ត​រហូតដល់​ស្រក់​ទឹកភ្នែក​ផងដែរ​នៅពេល​ឮ​សំឡេង​បកស្រាយ​បទ​ចម្រៀង​របស់​កូនស្រី រួមទាំង​ការគាំទ្រ​របស់​គ្រូបង្វឹក និង​អ្នកទស្សនា​ផ្ទាល់​នាពេលនោះ​។ ក្រោយ​ការទាក់ទាញ និង​ការសម្រេចចិត្ត​ដ៏​តឹងតែង ស៊ូ​ហ្សា​ណា បាន​រើស​កញ្ញា ឱក សុគន្ធ​កញ្ញា ជា​គ្រូបង្វឹក​។​
 
«The Power of Love» ត្រូវបាន​និពន្ធ​ដោយ​តារាចម្រៀង Jennifer Rush កាលពី​ឆ្នាំ​១៩៨៤ ហើយ​បាន​ក្លាយជា​បទ​ចម្រៀង​ដែល​លក់ដាច់​ជាងគេ​នៅ​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៨៥ ហើយ​បន្ត​នាំមុខ​នៅ​បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប កាណាដា អូស្ត្រាលី និង​នូ​វេ​ល​សេ​ឡង់​។ បទ​ចម្រៀង​នេះ ត្រូវបាន​បកស្រាយ​ឡើងវិញ​ដោយ Celine Dion ហើយ​បាន​ឈានទៅដល់​ចំណាត់ថ្នាក់​លេខ​មួយ​ម្តងទៀត​នៅ​សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នា​អំឡុង​ឆ្នាំ​១៩៩៤ ។​
 
​ក្រៅពី​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា  បទ​«​បេះដូង​អ្នក​ប្រដាល់​» របស់​បេក្ខជន សាម លោកា មកពី​ខេត្ត​ប៉ៃលិន ក៏បាន​ឆក់យក​បេះដូង​របស់​ទស្សនិកជន និង​បានធ្វើ​ឲ្យ​គ្រូបង្វឹក​ទាំង​៤ ចុច​ប៊ូ​តុង​បង្វិល​កៅអី​របស់​ខ្លូន​។ ក្រៅពី​ទឹកដម​សំនៀង​ពិ​រោះ បេក្ខជន​រូបនេះ ក៏បាន​ធ្វើ​គ្រូបង្វឹក និង​ទស្សនិកជន​ផ្ទុះសំណើច ដោយសារ​កាយវិការ និង​ពាក្យពេចន៍​កំប្លុកកំប្លែង​របស់ខ្លួន​ដែរ​។ លោកា បាន​រើស​លោក ណុប បា​យ៉ា​រិ​ទ្ធ ធ្វើជា​គ្រូបង្វឹក​របស់ខ្លួន​៕
 
ទស្សនាវីដេអូ 




Tag:
 The Voice Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com