សង្គមអន្តរជាតិ​
អន្តរជាតិ
ជនភៀសខ្លួន​ស៊ី​រី​ត្រៀម​ត្រលប់​ទៅ​ស្រុក​វិញ​បើ​ការចរចា​សន្តិភាព​ជោគជ័យ​
19, Mar 2016 , 12:50 pm        
រូបភាព
ក្រុមប្រឆាំង​ស៊ី​រី អះអាងថា​ជនភៀសខ្លួន​ស៊ី​រី​ចង់​ត្រលប់​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ ស្រប​ពេលដែល​ការចរចា​នៅ​ហ្សឺ​ណែវ​កំពុង​បន្តទៅ​មុខ​ហើយ​បទ​ឈប់​បាញ់​បន្ត​ស្ថិតនៅ​ជា​ធរមាន​នៅឡើយ​។  បើសិន​ការចរចា​សន្តិភាព​ជោគជ័យ ហើយ​សង្គ្រាម​បង្ហូរឈាម​គ្នា​ឈានដល់​ទីបញ្ចប់ ពួកគេ​នឹង​ត្រលប់​ទៅ​មាតុភូមិ​វិញ​។​


 
​ជនភៀសខ្លួន​ស៊ី​រី​រាប់លាន​នាក់​ចង់​ត្រលប់​ទៅ​ប្រទេស​កំណើត​របស់ខ្លួន​វិញ ដើម្បី​កសាង​ជីវភាព​និង​ប្រទេសជាតិ​ឡើងវិញ បើ​ការចរចា​សន្តិភាព​នៅ​ហ្សឺ​ណែវ​ទទួលជោគជ័យ​នោះ​។​បច្ចុប្បន្ននេះ ភាគី​កំពុង​អនុវត្ត​បទ​ឈប់​បាញ់ ហើយ​បន្ត​ជជែក​គ្នា​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ហ្សឺ​ណែវ ដោយ​មានការ​ជ្រោមជ្រែង​ពី​មហាអំណាច​រុស្ស៊ី​និង​អាមេរិក​ផង​។​
​អ្នកនាំពាក្យ​គណកម្មការ​ចរចា​ជាន់ខ្ពស់​តំណាង​ក្រុមប្រឆាំង​ស៊ី​រី​លោក Salim al-Muslat បាន​អះអាងថា ប្រជាជន​ស៊ី​ដែល​រស់នៅ​ជ្រកកោន​ប្រទេស​ទី​បី​ចង់​មក​មាតុភូមិ​របស់ខ្លួន​វិញ បើសិនជា​សង្គ្រាម​បង្ហូរឈាម​គ្នា​ចប់​។​
 
«​និយាយ​តាម​ត្រង់​ចុះ បើសិន​បើ​អ្នក​សួរ​អ្នកណាម្នាក់​ពី​ទីកន្លែង​ដែល​ល្អប្រសើរ​សម្រាប់​គេ គេ​ច្បាស់​ជា​និយាយថា ផ្ទះ​នៅ​ទឹកដី​កំណើត​ជាក់​ជាមិនខាន​»​។​
​បច្ចុប្បន្ននេះ យោងតាម​របាយការណ៍​ឧ​ត្ត​ម​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​ជនភៀសខ្លួន ប្រជាជន​ស៊ី​រី​ជាង ៤.៨ លាន​នាក់​សុំ​សិទ្ធ​ជ្រកកោន​នៅ​ប្រទេស​ដទៃ​ដែលមាន​ព្រំដែន​ជាប់​ស៊ី​រី រួមទាំង​លី​បង់ និង តួ​ក​គី​។ ហើយ​ជនភៀសខ្លួន​ជិត ១​លាន​នាក់​ផ្សេងទៀត​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប ជាពិសេស​នៅ​អាល្លឺម៉ង់​។ 
 
​អ្នកនាំពាក្យ​ខាងលើ​បាន​បន្តថា ៖« យើង​ពិតជា​ស្ងប់​ស្ងែ​ង​អ្វីដែល​ប្រទេស​ដទៃ​បានធ្វើ​កន្លងមក ដោយ​ជួយ​ថែទាំ​ប្រជាជន​ស៊ី​រី និង​ជនភៀសខ្លួន​ស៊ី​រី​ផង​។ ប៉ុន្តែ​វត្តមាន​ប្រជាជន​ស៊ី​រី​នៅក្រៅ​ប្រទេស​គឺ​ត្រឹមតែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ពួកគេ​ត្រលប់​ទៅ​ស៊ី​រី​វិញ បើសិនជា​គេ​ឃើញថា​ផ្ទះសម្បែង​របស់គេ​មាន​សុវត្ថិភាព​។ ពេលនេះ​ពួកគេ​កំពុង​រង់ចាំ​លទ្ធផល​នៃ​កិច្ចចរចា​នៅ​ហ្សឺ​ណែវ​យ៉ាង​អន្ទះសារ​»​។​
 
​យ៉ាងណាក៏ដោយ ត្រលប់មក​មើល​ការចរចា​សន្តិភាព​វិញ​នោះ គេ​ហាក់​មិនទាន់​សម្លឹង​ឃើញ​ជោគជ័យ​នៅឡើយ​ទេ​។ ភាគី​ជម្លោះ​នៅតែ​ទាស់ទែង​ខ្វែងគំនិត​គ្នា​ជុំវិញ​បញ្ហា​មួយចំនួន​ជាពិសេស​ការបង្កើត​សម័យ​អន្តរកាល​នយោបាយ​។ ចំណែក​ភាគី​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស តែ​បដិសេធ​មិន​ចូល​ចរចា​ផ្ទាល់​ជាមួយ​ក្រុមប្រឆាំង​ឡើយ ហើយ​ការចរចា​ធ្វើឡើង​ដាច់ដោយឡែក​ជាមួយ​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​។​
 
​បើតាម​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ និង​ជា​អ្នកដឹកនាំ​ការចរចា​លោក Staffan De Mistura  ការចរចា លើកទីមួយ ចាប់តាំងពី​បទ​ឈប់​បាញ់​ត្រូវបាន​ភាគី​ឯកភាព​អនុវត្តន៍​ចុងខែ​កុម្ភៈ​កន្លងមក​នោះ នឹង​បន្ត​រហូតដល់​ថ្ងៃ ២៤ មីនា​។ ចំណែកឯ​ការចរចា​ជុំ​ទី ២ និង​ទី​៣ នឹងត្រូវ​រៀបចំ​បន្តទៀត​ដើម្បី​ធានាថា សង្គ្រាម​នឹង​ឈានដល់​ទីបញ្ចប់​។ កង្វល់​ធំ​បំផុត គឺ​គ្មាន​ផែនការ​បន្ទាប់ ឬ​ផែនការ «​ខ​» ឡើយ​បើ​ផែនការ​«​ក​»​ដែលជា​ការចរចា​គ្នា​នេះ​បរាជ័យ​។ រឿង​ដែល​ត្រូវធ្វើ​គឺមាន​តែ​ម្យ៉ាង​គឺ​ត្រលប់មក​ប្រយុទ្ធ​គ្នា​ឡើង​វិញទៀត​។ ប៉ុន្តែ​ការចរចា​នឹង​ចាប់ផ្តើម​ទៅ​រយៈពេល​បី​ជុំ ដើម្បី​ឲ្យ​ភាគី​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ស្វែងរក​ចំណុច​រួមគ្នា​បាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com