ជាតិ
បទវិភាគ
សង្គមជាតិ
ឪពុក «​ពុករលួយ​» តែ​កូន​ប្រឆាំង​អំពើពុករលួយ​…
23, Apr 2016 , 2:40 pm        
រូបភាព
​ភ្នំពេញ​៖ រឿង​ខ្លី​ខាងក្រោម​នេះ គឺជា​ប្រភេទ​អត្ថបទ​ប្រឌិត​ឡើង​ដោយ​អ្នកនិពន្ធ តែ​វា​បានបង្ហាញ​ការពិត​របស់​សង្គម​មួយចំនួនធំ​នៅក្នុង​ពិភពលោក ក្នុងនោះ មាន​ប្រទេស​កម្ពុជា​ផងដែរ​។ តើ​ឪពុក «​ពុករលួយ​» តែ​កូន​ប្រឆាំង​អំពើពុករលួយ​…​មាន​ប្រសិទ្ធិភាព​ប៉ុនណា​?

 
​កញ្ញា សុ​ភី ដែលជា​និស្សិត​ឆ្នាំ​ទី​១​ផ្នែក​គ្រប់គ្រង​នៅ​សកល​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ មិន​ចូល​ចិត្តនឹង​អំពើពុករលួយ​ទាល់តែសោះ​។ និស្សិត​រូបនេះ តែងតែ​ប្រឆាំង​អំពើពុករលួយ​នៅតាម​កម្មវិធី​ផ្សេងៗ​ជាមួយ​និស្សិត​ដទៃ និង​អង្គការ​ដទៃទៀត​ដែរ​។ សុ​ភី គឺជា​សកម្មជន​ម្នាក់​ដ៏​សកម្ម​ក្នុងការ​បោសសម្អាត​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​ជា​រៀងរាល់​ព្រឹក​នាង​ធ្វើដំណើរ​ទៅ​សាលា​ជាមួយ​កូន​ឡាន​របស់​នាង និង​មាន​ថវិកា​១០​ដុល្លារ​សម្រាប់​ចាយវាយ​ក្នុង​មួយថ្ងៃ​។ សុ​ភី ជា​និស្សិត​រៀន​ពូកែ​ក្នុង​ថ្នាក់ ពូកែ​វោហារ និង​មានចិត្ត​បរិសុទ្ធ​ចង់​ប្រឆាំង​អំពើពុករលួយ ព្រោះ​នាង​យល់ថា ប្រសិនបើ​មាន​អំពើពុករលួយ វា​នឹងមាន​អំពើ​យុត្តិធម៌​, វា​នឹងមាន​អ្នកមាន និង​អ្នកក្រ​, ហើយ​ចំនួន​អ្នកក្រ​អាច​កើនឡើង​កាន់តែ​ច្រើនជាង​មុន​។ ម្យ៉ាងវិញទៀត វា​នឹង​បង្កើត​វិសមភាព​ក្នុងសង្គម​កាន់តែខ្លាំង ហើយ​ឈានទៅរក​កលិយុគ​នៅ​ថ្ងៃ​ណាមួយ​នៅក្នុង​ប្រទេស​ជាក់​ជាពុំខាន​។ 
 
​សុ​ភី មាន​បងប្អូន​៤​មា្ន​ក់​។ ម្នាក់ៗ​មាន​រថយន្ត​មួយ​សម្រាប់​ធ្វើដំណើរ​។ ទីធ្លារ​នៃ​ភូមិគ្រឹះ សុ​ភី ពោរពេញ​ទៅដោយ​ដើមឈើ ត្រជាក់​ត្រឈឹងត្រឈៃ រីឯ​ក្នុងផ្ទះ​វិញ គ្រឿង​សង្ហា​រឹម​ប្រណិត​បានបង្ហាញ​ខ្លួន​នៅក្នុង​គ្រប់​បន្ទប់​ទាំងអស់​។ 
 
​ថ្ងៃ​មួយពេល​ត្រឡប់​មកពី​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​អំពើពុករលួយ​ជាមួយ​អង្គការ​វិញ សុ​ភី ក៏មាន​ពេល​សំណេះសំណាល​ជាមួយ​ឪពុក​របស់ខ្លួន​ដែលជា​មន្ត្រីរាជការ​ឋានៈ​គ្រាន់បើ​តាំងពី​ឆ្នាំ​១៩៧៩​មក ដោយ សុ​ភី សួរ​សំណួរ​ទៅកាន់​ឪពុក​ថា តើ​ការងារ​របស់​ពុក​លំបាក​ទេ​? ឪពុក​ឆ្លើយ​វិញ​ថា ការងារ​អ្វី​ក៏​មិនដែល​ស្រួល​ដែរ​។ គ្រប់​ការងារ​ទាំងអស់ គឺ​លំបាក​។ គ្មាន​ការងារ​ណា​ស្រួល​ទេ​កូន​។ តើ​ប្រាក់ខែ​រដ្ឋ​យ៉ាងម៉េច​ដែរ​ពុក​? សុ​ភី សួរ​បន្ត​។ 
 
​ឪពុក សុ​ភី ឆ្លើយថា ប្រាក់ខែ​ទាប​ចិញ្ចឹម​គ្រួសារ​យើង​មិន​ទាំង​បាន​ផង​។ ត្រង់ចំណុច​នេះ សុ​ភី អាច​យល់បាន​ថា ថវិកា​ក្នុងផ្ទះ របស់របរ​ដែល​ខ្លួន​ប្រើប្រាស់ ចាយវាយ​ប្រចាំថ្ងៃ គឺជា​ប្រាក់កាស​ដែល​ឪពុក​រកបាន​មិន​ស្របច្បាប់ ពីព្រោះ ប្រាក់ខែ​របស់គាត់​តិចតួច​ដូច​គេ​ដូច​ឯង​ដែរ​។ 
 
​ចាប់​ពីថ្ងៃ​ពិភាក្សា​រវាង សុ​ភី និង​ឪពុក មក​។ ឪពុក ដឹង​កិច្ចការ​របស់ សុ​ភី ដែលជា​សកម្មជន​ប្រឆាំង​អំពើពុករលួយ​។ ចំពោះ សុ​ភី វិញ  នាង​ក៏​ដឹង​ពី​ទង្វើ​អាក្រក់​របស់​ឪពុក​ដែរ​។  
 
​ជា​លទ្ធផល​នៃ​ការពិភាក្សា​, ឪពុក សុ​ភី ចាប់ពី​ថ្ងៃ​នោះមក លែង​សូវ​ហ៊ាន​ប្រព្រឹត្តិ​អំពើពុករលួយ រីឯ សុ​ភី វិញ រឹតតែ​ប្រឹង​ធ្វើ​កិច្ចការ​របស់ខ្លួន​ប្រឆាំងនឹង​អំពើពុករលួយ​បន្ថែមទៀត​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com