ជាតិ
ករណី​ឯកឧត្តម កឹម សុខា ៖ អ្នកតាមដាន​ស្ថានការណ៍ ថា ACU កំពុង​បង្ហាញ​រូបភាព​អាក្រក់​ខ្លាំង​
24, Apr 2016 , 7:00 pm        
រូបភាព
អង្គភាព​ប្រឆាំង​អំពើពុករលួយ​ACU បាន​ឃាត់ខ្លួន​លោក ស៊ា​ង ចែត មេឃុំ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មកពី​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​៥០០ ដុល្លារ ក្រោយពី​មានការ​ចោទប្រកាន់​ពី​សំណាក់​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ដែល​អះអាងថា មេឃុំ​រូបនេះ​បាន​យកប្រាក់​ទៅ​លួងលោម​គ្រួសារ​នាង​។ អ្នកតាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា យល់ថា ចំណាត់ការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពេលនេះ ហាក់ដូចជា​កំពុង​បង្ហាញ​រូបភាព​អាក្រក់​ធ្ងន់ធ្ងរ​របស់​ស្ថាប័ន​លុបបំបាត់​អំពើពុករលួយ​នេះ​។​


 
​លោក មាស នី អ្នកវិភាគ​នយោបាយ យល់ថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុង​បង្ហាញ​រូបភាព​កាន់តែ​អាក្រក់​ខ្លួន ក្នុងការ​លូកដៃ​ចូល​ករណី​រឿងអាស្រូវ​ស្នេហា​របស់​ឯកឧត្តម កឹម សុខា ។ អ្នកវិភាគ​រូបនេះ រិះគន់ថា ACU ហាក់ដូចជា​លូកដៃ​ហួស​ដែន​សមត្ថកិច្ច​ខ្លួន ក្នុងការ​ឃាត់ខ្លួន​មេឃុំ​មក​គណបក្ស​សមរង្ស៊ី លោក ស៊ា​ត ចែត ដោយសារតែ​ក្រដាស​សរសេរ​អក្សរ​ដោយ​ដៃ​មិនមែន​ផ្លូវការ​ចំនួន​៤​ទំព័រ ដែល​ត្រូវបាន​សារព័ត៌មាន​Fresh News​ផ្សព្វផ្សាយ​ថ្មីៗ​នេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«ACU​ត្រូវបាន​គេ​យកមក​សម្ដែង​ល្ខោន​ឲ្យ​ល្អមើល ដែល​យក​ACU ធ្វើជា​ឧបករណ៍​ភ្លេង​ដើម្បី​បន្ទ​ឲ្យ​ពិ​រោះ​បន្ថែម​។ ប៉ុន្ដែ​វា​មិន​ពិ​រោះ​ទេ តែ​បែ​ជា​កាន់​អាក្រក់​ស្ដាប់ ហើយ​ពិបាក​មើល​ទៀត​។ ខ្ញុំ​យល់ថា​រឿងនេះ​វា​មិនមែនជា​រឿង​ធំ ដែល​ត្រូវ​ឃាត់ខ្លួន​ទេ ព្រោះ​វា​គ្រាន់តែ​ជាការ​សរសេរ​ដោយ​មិនមែនជា​ការដាក់​លិខិត​តាមច្បាប់​ត្រឹមត្រូវ​»​។​
 
​លោក អំ សំអាត ក៏​យល់ឃើញ​ដូច​លោក មាស នី ដែរ​។ មន្ត្រី​ស៊ើបអង្កេត​សិទ្ធិមនុស្ស​លីកាដូ រូបនេះ យល់ថា ការឃាត់ខ្លួន​នេះ​ហាក់ដូចជា​មិន​ត្រឹមត្រូវ​ច្បាប់​ឡើយ​។​លោក​បានដាក់​ការងឿងឆ្ងល់​ថា គ្រាន់តែ​លិខិត​ចំហរ​មួយ​សរសេរ​ដោយ​កញ្ញា ខុម ចាន់​ដា​រា​ទី ហៅ​ស្រីមុំ នេះ ហេតុអ្វី​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​មេឃុំ​រូបនេះ​? «​ខ្ញុំ​មិនដឹងថា​ACU មាន​ភស្តុតាង​អ្វី​ដាក់​បន្ថែម​លើ​លិខិត​ចំហរ​ដែល​សរសេរ​ដោយ​ស្រីមុំ ព្រោះ​បើតាម​ច្បាប់​មុននឹង​ធ្វើការ​ឃាត់ខ្លួន ឃុំខ្លួន​ទាល់តែ​មាន​ភស្តុតាង​គ្រប់គ្រាន់​ទើប​អាច​ឃាត់ខ្លួន នោះ​ទើប​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។ ហើយ​ACU គួរតែ​ដាក់​លិខិត​ហៅ​មេឃុំ​នោះមក​សាកសួរ មិនមែន​ឃាត់ខ្លួន​ដូចនេះ​គេ​ទេ​។ ដូចនេះ​រឿង​ខ្លះ​ដែល​មិនមែនជា​សមត្ថកិច្ច​នោះ ACU កាន់តែ​លូកដៃ​កាន់តែ​មានការ​រិះគន់​លើ​ACU​។ នេះ​ជាការ​បញ្ជាក់​របស់លោក អំ សំអាត មុននឹង​លោក​បន្ថែមថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​លូកដៃ​ជ្រៅ​លើ​បញ្ហានយោបាយ ជាង​បញ្ហា​លុបបំបាត់​អំពើពុករលួយ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាច​សុំ​ការអធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ពី​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅឡើយ​ទេ​។​
 
​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​លោក ឱម យ៉ិនទៀង បាន​ឃាត់ខ្លួន លោក ស៊ា​ង ចែត មេឃុំ​ស្រក មកពី​គណបក្ស​សម ស​ង្ស៊ី នៅ​សាលាស្រុក​កំពង់សៀម ខេត្តកំពង់ចាម នាំយកមក​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​លុយ ៥០០​ដុល្លារ​ដែល​ឈ្មោះ ខុម ចាន់​តារា​ទី ហៅ​ស្រី មុំ បាន​ឆ្លើយ​ដាក់​លើ​មេឃុំ​រូបនេះ ។ នេះ​បើតាម​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​លោក អេង ឆៃអ៊ាង បាន​សររ​សេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​រិះគន់​ចំណាត់ការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា «​ការចាប់ខ្លួន​មនុស្ស ដោយ​យោងតាម​ការឆ្លើយ​ដាក់​ពី​មនុស្ស​ម្នាក់​បែបនេះ គឺ​មិន​ខុសពី​របប​ខ្មែរក្រហម​ឡើយ »​។ 
 
​ការចាប់ខ្លួន​មេឃុំ​ស្រក របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺធ្វើឡើង​ក្រោយពី​មាន​សំណេរ​លើ​ក្រដាស​ដោយ​ដៃ​ចំនួន​៤​ទំព័រ ក្រោយពី​សារព័ត៌មាន Fresh News ផ្សាយ​ថា​ជា​អក្សរ​របស់​កញ្ញា ស្រីមុំ ដោយបាន​រៀបរាប់ថា លោក​មេឃុំ ស៊ា​ង ចែត បាន​យក​ថវិកា​របស់​ឯកឧត្តម កឹម សុខា ចំនួន​៥០០​ដុល្លារ យកទៅ​ឲ្យ​ម្ដាយ​របស់​នាង ដើម្បី​លួងលោម​នាង​ឲ្យ​និយាយ​កុហក​ចំពោះមុខ​សមត្ថកិច្ច​។ ក្រៅពី​លោក ស៊ា​ង ចែត នេះ ក្នុង​ក្រដាស​សរសេរ​ដោយ​ដៃ​នោះ ក៏​អះអាងថា មាន​មន្ត្រី​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស និង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​មួយចំនួនទៀត ដែល​បាន​លួងលោម​រូបនាង​ឲ្យ​និយាយ​កុហក​ពី​ការពិត ប្រាប់​ដល់​មហាជន សារព័ត៌មាន និង​សមត្ថកិច្ច​អំពី​រឿង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ លោក កឹម សុខា​៕

Tag:
 ACU
© រក្សាសិទ្ធិដោយ thmeythmey.com