កីឡាជាតិ
ជាតិ
ប៉េតង់​ត្រៀម​ប្រកួត​អន្តរជាតិ​ចំនួន​៣ ខណៈ​ធនធាន​អាជ្ញាកណ្តាល និង​ចៅក្រម​ជា​ក្តីកង្វល់​ធំ​
30, Apr 2016 , 11:39 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​នឹង​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាងសកម្ម​ក្នុង​រដូវ​កាល​នៃ​ការប្រមូលផ្តុំ​នេះ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់​កី​ឡ​ការ​កីឡាការិនី សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ចំនួន​៣​នៅក្នុង​ឆ្នាំនេះ ខណៈ​ធនធាន​អាជ្ញាកណ្តាល និង​ចៅក្រម​អន្តរជាតិ​បានក្លាយ​ជា​ក្តីកង្វល់​ដ៏​ធំ​សម្រាប់​សហព័ន្ធ​មួយ​នេះ​។​



​កីឡាករ​កីឡាការិនី​ប៉េតង់​កម្ពុជា បាននិងកំពុង​ធ្វើការ​ហ្វឹកហាត់​យ៉ាងសកម្ម​ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់ខ្លួន សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ចំនួន​៣​ដូចជា ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម និង​ការប្រកួត​ប៉េតង់​ជើងឯក​ក្របខណ្ឌ​និស្សិត​អាស៊ាន នៅ​ប្រទេស​សិង្ហ​បុរី ព្រមទាំង​ការប្រកួត​ជើងឯក​អាស៊ី​ផងដែរ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ កាលពីពេល​កន្លងទៅ​ថ្មីៗ លោក អ៊ិន គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​បញ្ជាក់ថា សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​៨​នាក់ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ាន​ក្របខណ្ឌ​និស្សិត នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៦ នៅ​ប្រទេស​សិង្ហ​បុរី​។



​លោក​បាន​បន្ថែមថា កម្ពុជា​ធ្លាប់បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ជាច្រើនលើក​រួចមកហើយ ព្រមទាំង​បានឈ្នះ​មេដាយ​ជាច្រើន​ជូន​ជាតិ​ផងដែរ ដោយ​កាលពី​ឆ្នាំមុន​កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​ចំនួន​៣​។ លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​បាន​រំពឹង​យ៉ាង​មុត​ថា កម្ពុជា នឹង​ដណ្តើមបាន​មេដាយមាស​សម្រាប់​ការចូលរួម​លើក​នេះ​។

​នា​ខែកញ្ញា​ខាងមុខ សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ឆ្នើម​ចំនួន​១០​នាក់ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​(Beach Games) នៅ​ភូមិភាគ​កណ្តាល​នៃ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម និង​ការត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី ក្នុង​ឆ្នូ ខាងមុខ​ផងដែរ​។​

​គួររំលឹកថា នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ក្នុងការ​ចូលរួម​កម្ម​វិធី​កីឡា​ឆ្នេរ​ខ្សាច់​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​សហព័ន្ធ​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​ដណ្តើមបាន​មេដាយមាស​ពី​ព្រឹ​តិ្ត​ការណ៍​នេះ ជាពិសេស សហព័ន្ធ​សង្ឃឹម​យ៉ាង​មុតមាំ​ទៅលើ​វិ​រៈ​កីឡាការិនី​ម្ចាស់​មេដាយមាស​ពិភពលោក កែ ឡេង តែម្តង​។   



​នៅ​ដើមខែ​ឧសភា សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​អាយុ​ក្រោម​១៧​ឆ្នាំ​មួយក្រុម​ជា​លើក​ទី​១ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នៅ​ប្រទេស​ថៃ ដែលជា​កម្មវិធី​រៀបចំ​ជា​រៀងរាល់ឆ្នាំ​ដោយ​ស្តេច​ថៃ ប៉ុន្តែ​សម្រាប់​ការចូលរួម​នេះ សហព័ន្ធ មិនបាន​បញ្ជូន​កីឡាករ​កីឡាការិនី​ជើង​ខ្លាំង​ចូលរួម​នោះទេ ទោះបីជា​មានការ​ប្រកួត​យក​ចំណាត់​ក៏ដោយ ព្រោះ​វា​គ្រាន់តែ​ជាការ​ប្រកួត ដើម្បី​អបអរ​ខួប​របស់​ស្តេច​ថៃ ប៉ុណ្ណោះ ម្យ៉ាងទៀត​ដោយសារ​សហព័ន្ធ​មិនមាន​ថវិកា​ក្នុងការ​បញ្ជូន​កីឡាករ​ដើម្បី​ចូលរួម​។​

​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ជា​សហព័ន្ធ​សក្តានុពល​មួយ​របស់​កម្ពុជា ដែល​ប្រមូលផ្តុំ​ដោយ​កីឡាករ​កីឡាការិនី​ដែលមាន​សមត្ថភាព និង​បច្ចេកទេស​ខ្ពស់ ជាក់ស្តែង​បច្ចុប្បន្ន​សហព័ន្ធ​នេះ ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ធ្វើការ​ប្រមូលផ្តុំ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ចំនួន​៤៤​នាក់ ប៉ុន្តែ​ចំនួន​នេះ​វា​ហាក់ដូចជា​មិនបាន​ឆើ្ល​យ​តប​ទៅនឹង​តម្រូវការ​របស់​សហព័ន្ធ​មួយ​នេះឡើយ ទោះបីជា​ឆ្នាំនេះ​មានការ​បន្ថែម យុវជន​ថ្នាល​អាយុ​ក្រោម​១៧ និង​យុវជន​អាយុ​១៧ ដល់​២៣​ឆ្នាំ​ក៏ដោយ​។​

​ជាមួយគ្នានេះ លោក អ៊ិន គឹម​ស្រ៊ុន បាន​បញ្ជាក់ថា កីឡាករ​កីឡាការិនី​ទាំង​៤៤​នាក់ ដែល​កំពុងធ្វើការ​ប្រមូល​ផ្តុំ​នេះ លោក នឹង​ធ្វើការ​ជម្រុះ​យ៉ាងហោចណាស់​ពី​៨​នាក់​ទៅ​១០​នាក់​ចំពោះ​កី​ឡក​រណា​ដែលមាន​ចំណាត់​ថ្នាក់ទាប​ជាងគេ បន្ទាប់ពី​ជម្រុះ​រួច​សហព័ន្ធ​នឹង​ជ្រើសរើស​កីឡាករ​នៅតាម​បណ្តា​ខេត្ត​ដែលមាន​សមត្ថភាព​ជំនួស​កីឡាករ​ទាំងនេះ​។ ហើយ​ការ​ជម្រុះ​នេះដែរ គឺ​សហព័ន្ធ​នឹង​ឲ្យ​កីឡាករ​ដែល​ជ្រើសរើស​មកពី​បណ្តា​ខេត្ត ប្រកួត​ជា​កីឡាករ​ដែល​សហព័ន្ធ​នឹងត្រូវ​ជម្រុះ​នោះ បើ​អ្នកណា​ឈ្នះ​សហព័ន្ធ​នឹង​យក​អ្នកនោះ​។



​ការ​ធ្វើតាម​រូបមន្ត​នេះ លោក រំពឹងថា​សហព័ន្ធ​នឹង​អាច​ជ្រើសរើស​បាន​កីឡាករ​ដែល​ខ្លាំង និង​ពូកែ​សម្រាប់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ នៅ​ឆ្នាំក្រោយ​សហព័ន្ធ​នឹងធ្វើ​យុទ្ធ​ការជ្រើសរើស​កីឡាករ​កីឡាការិនី​នៅតាម​បណ្តា​ខេត្ត​ដែលមាន​សមត្ថភាព​បន្ថែមទៀត ពោលគឺ​មុន​ថ្ងៃ​ប្រកួត​ស៊ី​ហ្គេម​មកដល់​សហព័ន្ធ​ចង់បាន​កីឡាករ​កីឡាការិនី​យ៉ាងហោចណាស់​ជាង​១​ពាន់ ដើម្បី​ងាយស្រួល​ក្នុងការ​ជ្រើសរើស​ចូលរួម​ប្រកួត​ផ្សេងៗ ជាពិសេស​ការប្រកួត​ស៊ី​ហ្គេម​។​

​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​រូបនេះ កំពុងតែ​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ធនធាន​អាជ្ញាកណ្តាល និង​ចៅក្រម​កម្រិត​អន្តរជាតិ ព្រោះ​បច្ចុប្បន្ន​សហព័ន្ធ​មួយ​នេះ​មិនទាន់មាន អាជ្ញាកណ្តាល ឬ​ចៅក្រម​ដែលមាន​កម្រិត​អន្តរជាតិ​ម្នាក់​នោះទេ ព្រោះ​គ្រូបង្វឹក​បច្ចុប្បន្ន​សុទ្ធតែ​ជា​កីឡាករ មិន​ធ្លាប់​ឆ្លងកាត់​សាលា​បណ្តុះបណ្តាល​ឡើយ​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក អ៊ិន គឹម​ស្រ៊ុន នឹង​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​ចៅក្រម​អន្តរជាតិ​មួយ ដើម្បី​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​បច្ចុប្បន្ន មាន​កម្រិត​អន្តរជាតិ​៕
 

Tag:
 ប៉េតង់​
  ​អ៊ិន គឹម​ស្រ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com