អន្តរជាតិ
ការផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ការបរទេស​ថ្មី ទំនងជា​ប៉ះពាល់​ដល់​ឯកភាព​អាស៊ាន​
30, Apr 2016 , 8:59 pm        
រូបភាព
​មួយរយៈ​ពេល​ចុង​ក្រោយនេះ ប្រទេស​សមាជិក​ភាគច្រើន​បាន​ដោះដូរ​តំណែង​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន ដែលជា​តំណែង​សំខាន់​ក្នុង​ទំនាក់ទំនង​ការទូត​។ គេ​មើលថា ការផ្លាស់ប្ដូរ​ទំនងជា​ប៉ះពាល់​ដល់​របៀប​ធ្វើការ ក៏ដូចជា​ស្មារតី​រួមគ្នា​របស់​អាស៊ាន​លើ​បញ្ហា​ផ្សេងៗ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM) ក៏ដូចជា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​ក៏​ដោយសារតែ ការផ្លាស់ប្ដូរ​តំណែង​គឺធ្វើឡើង​ព្រម​គ្នា​ពេក​។​



​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM) ជួបប្រទះ​នឹង​ការផ្លាស់ប្ដូរ​មួយ​ដែល​មិន​ធ្លាប់​ប្រទះ​។ នោះ​គឺ​ការផ្លាស់ប្ដូរ​ព្រមៗ​គ្នា​នៃ​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​។ វា​ជា​រឿង​ច្បាស់​ណាស់​ថា តិច​ឬ​ច្រើន ការផ្លាស់ប្ដូរ​នេះ​នឹង​ប៉ះពាល់​ដល់​កិច្ចប្រជុំ​អាស៊ាន ដ្បិត​រដ្ឋមន្ត្រី​ថ្មី​អាច​នឹងមិន​ទាន់​យល់​ពីគ្នា​ដូច​អ្នក​ចាស់​ឡើយ​។

​ក្នុង​ឆ្នាំ​២០១៦​នេះ កិច្ចប្រជុំ AMM ស្ថិតក្រោម​ការដឹកនាំរ​បស់​ឡាវ​ដែលជា​ប្រធាន​ប្ដូរ​វេន ដោយ​រដ្ឋមន្ត្រីការបរទេស​ឡាវ​លោក Saleumxay Kommasith នឹងធ្វើ​ការ​លើ​បញ្ហា​នេះ​។ លោក Saleumxay ទើបតែ​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​ជំនួស​លោក ថង​លួ​ន ស៊ី​សូលី​ត ដែល​ត្រូវ​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ឡាវ​។ មុន​កាន់តំណែង​នេះ លោក​ក៏​ធ្លាប់​ធ្វើជា​តំណាង​អចិន្ត្រៃយ៍​របស់​ឡាវ​ប្រចាំ​អង្គការសហប្រជាជាតិ​ផងដែរ​។​

​អ្នកជិតខាង​ឡាវ គឺ​មី​យ៉ាន់​ម៉ា​ក៏មាន​រដ្ឋមន្ត្រីការបរទេស​ថ្មី​ដូចគ្នា​ដែរ​។ លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​មិនអាច​ធ្វើជា​ប្រធានាធិបតី​បាន​នោះ ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​នៃ​មី​យ៉ាន់​ម៉ា​។ ក្រៅពីនេះ លោកស្រី​ក៏​ជាទី​ប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការិយាល័យ​ប្រធានាធិបតី​ដែរ​។ ចំណែកឯ​កម្ពុជា​ដែលជា​សមាជិក​កូនពៅរ​បស់​អាស៊ាន ក៏មាន​ប្រមុខ​ការទូត​ថ្មី​ដែល​ទើប​កាន់តំណែង​។ លោក ប្រាក់ សុខុន ដែល​ពីមុន​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី ជំនួស​លោក ហោ ណាំហុង ដែល​កាន់តំណែង​នេះ​អស់​រយៈពេល​១៨​ឆ្នាំ​មកហើយ​។​

​សមាជិក​អាស៊ាន​មួយទៀត គឺ​ហ្វីលីពីន​ក៏មាន​ការផ្លាស់ប្ដូរ​តំណែង​រដ្ឋមន្ត្រីការបរទេស​ដែរ​។ លោក Albert del Rosario ជា​រដ្ឋមន្ត្រីការបរទេស​ប្រាំ​ឆ្នាំ​មកហើយ បាន​លាលែង​ពី​តំណែង ដោយ​ត្រូវ​ជំនួស​ដោយ​លោក Jose Almendras​។ ទន្ទឹមនឹងនេះ លោក Vivian Balakhrishnan ក៏ត្រូវ​តែងតាំង​ជា​ប្រមុខ​ការទូត​ថ្មី​របស់​សារ​ធាណ​រដ្ឋ​សិង្ហ​បុរី ដែល​កាន់តំណែង​នេះ​ទើបបាន​៧​ខែ​ប៉ុណ្ណោះ​។

​ជាមួយគ្នានេះ រដ្ឋាភិបាលយោធា​ថៃ​បានតែងតាំង​លោក Don Pramudwinai ធ្វើជា​រដ្ឋមន្ត្រីការបរទេស​នៅ​ខែតុលា ឆ្នាំ​២០១៥ ហើយ​លោក​នឹង​ផុត​អាណត្តិ​ពេល​រដ្ឋាភិបាល​ថ្មី​ចូលកាន់​តំណែង​។ ខណៈ​នេះដែរ លោកស្រី Retno Marsudi ត្រូវបាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ តែងតាំង​ធ្វើជា​រដ្ឋមន្ត្រី​ការបរទេស​តាំងពី​ខែតុលា ឆ្នាំ​២០១៤ ប៉ុន្តែ​លោកស្រី​មិនសូវ​ចេញមុខ​លើ​សារព័ត៌មាន​ទេ​។ 

​ងាក​មក​ប្រទេស​ប្រ៊ុយណេ​វិញ ព្រះ​ចៅ​ស៊ុ​លត​ង់​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស ក្នុងការ​រុះរើ​គណៈរដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​២០១៥​។ ប៉ុន្តែ​ព្រះអង្គ​មិន​ចូលរួម​ប្រជុំ AMM ទេ ហើយ​អ្នក​ជំនួស​ព្រះអង្គ​គឺ​លោក Pehin Lin Jock Seng​។ មកដល់​ត្រឹមនេះ មាន​ប្រទេស​ពីរ​ប៉ុណ្ណោះ​ដែលមាន​រដ្ឋមន្ត្រីការបរទេស​កាន់តំណែង​យូរ​ជាងគេ​។​

​លោក Dato Sri Anifah Aman គឺជា​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​កាន់តំណែង​យូរ​ជាងគេ​ក្នុងចំណោម​សមាជិក AMM បច្ចុប្បន្ននេះ ដោយ​លោក​កាន់តំណែង​នេះ​តាំងពី​ឆ្នាំ​២០០៩​មក​។ ចំណែក​រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Pham Binh Minh ក្លាយជា​ប្រមុខ​ការទូត​នៅ​ឆ្នាំ​២០១១​។ គេ​ត្រូវ​ចាំ​មើលថា រដ្ឋមន្ត្រី​ចាស់វស្សា​ទាំងពីរ​នេះ នឹង​សហការគ្នា​ល្អ​កម្រិតណា​ជាមួយនឹង​វត្តមាន​សម​ភាគី​ថ្មី ដើម្បី​រក្សា​ផលប្រយោជន៍​របស់​អាស៊ាន ជាពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​បញ្ហា​ដទៃទៀត​៕    


Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com