ជាតិ
បទវិភាគ
ហេតុអ្វី​អ្នករស់នៅ​ក្នុង​ទីប្រជុំជន ត្រូវ​ប្រើប្រាស់​ទឹក ដោយ​សន្សំសំចៃ​?
30, Apr 2016 , 12:03 pm        
រូបភាព
​នៅក្នុង​ទស្សវត្សរ៍​ឆ្នាំ​១៩៨០ រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​ផ្តួចផ្តើម​ឲ្យ​ពលរដ្ឋ​ក្នុងសម័យ​នោះ សរសេរ​ពាក្យស្លោក​ជាច្រើន​បិទ ឬ​ចង​ព្យួរ​នៅមុខ​ផ្ទះ​។ ក្នុងចំណោម​ទិស​ស្លោក​ជាច្រើន​ដែល​សុទ្ធសឹងតែ​ជាការ​បណ្តុះ​គំនិត​ស្នេហា​ជាតិ គឺមាន​ពាក្យ​មួយ​ឃ្លា​ដែល​ពលរដ្ឋ​សម័យ​នោះ​សរសេរ​ច្រើន​ដែរ​គឺ «​សន្សំសំចៃ គឺ​ស្នេហា​ជាតិ​»​។​



​ក្នុង​បរិបទ​គ្រោះរាំងស្ងួត​នៅពេលនេះ រដ្ឋាភិបាល​ត្រូវ​អំពាវនាវ​ដល់​ប្រជាជន​នៅ​ទីប្រជុំជន ដែល​មិន​ត្រឹមតែ​នៅក្នុង​រាជធានី​នោះទេ ឲ្យ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​។ ហើយ​ការអំពាវនាវ​នេះ វា​គួរតែ​ជា​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ថ្នាក់ជាតិ​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​។​

​ទាំង​នៅលើ​ទំព័រសារព័ត៌មាន និង​ទាំង​នៅក្នុង​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក ព័ត៌មាន​ស្តីពី​ការខ្វះខាត​ទឹក​ប្រើប្រាស់​របស់​អ្នកភូមិ សត្វពាហនៈ​ងាប់​ដោយ​គ្រោះរាំងស្ងួត ត្រូវបាន​គេ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច ហ៊ុន សែន ក៏បាន​ប្រកាស​ចលនា​ជួយផ្តល់​ទឹក​ប្រើប្រាស់​ដល់​អ្នកភូមិ និង​ដល់​សហគមន៍​ដែល​ខ្វះខាត​ទឹក​។ ប៉ុន្តែ​វា​នៅ​ខ្វះ​ចលនា​ដ៏​សំខាន់​មួយទៀត គឺ​ការប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​របស់​អ្នកទីក្រុង ឬ​អ្នក​ដែល​រស់នៅក្នុង​ទីប្រជុំជន​ដែល​មិនទាន់​ទទួល​ពិសោធន៍​នៃ​ការ​អត់​ទឹក​ប្រើប្រាស់​នៅឡើយ​នោះ​។​ តាមពិត ចលនានៃ​ការសន្សំសំចៃទឹក​ បាន​កើតមាន​ជាច្រើន​ឆ្នាំ​រួមមកហើយ នៅក្នុងបណ្តាប្រទេស​ជឿនលឿន ដោយសារ​ពួកគេ​បាន​យល់​អំពី​គ្រោះមហន្តរាយនេះ។​ 



​មាន​មូលហេតុ​មួយចំនួន​ដែល​កម្ពុជា​ទាំងមូល​គួរ​បំផុសគំនិត​សន្សំសំចៃ​និយាយ​ជារួម និង​គំនិត​មិន​ខ្ជះខ្ជាយ​ទឹក​និយាយ​ដោយឡែក ក្នុងពេល​បច្ចុប្បន្ននេះ​៖

​ទីមួយ​៖ គឺ​ការបង្ហាញ​អំពី​សីលធម៌ និង​ស្មារតី​សាមគ្គី​។ នៅពេលដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​រស់​នៅតាម​ស្រុកភូមិ (​ក្បែរ​ទីប្រជុំជន​) កំពុង​រងគ្រោះ​ដោយ​ខ្វះ​ទឹក​ប្រើប្រាស់ ហើយ​សត្វព្រៃ​សត្វស្រុក​បាន​បន្ត​ងាប់​ដោយសារ​គ្រោះរាំងស្ងួត​នោះ ពលរដ្ឋ​ដែល​រស់នៅក្នុង​ទីប្រជុំជន ក្នុង​ទីក្រុង និង​រាជធានី ត្រូវបាន​បង្ហាញ​ទឹកចិត្ត​ចែករំលែក​ក្តី​អាណិត តាមរយៈ​ការប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​។ ពោលគឺ វា​មិនគួរ​ឲ្យ​កើតមាន​រូបភាព​២​ដាច់ស្រឡះ​ពីគ្នា​នៅក្នុង​ប្រទេស ដោយ​ម្ខាង​គឺ​រូបភាព​ពលរដ្ឋ​ដែល​រស់នៅ​លើដី​បែក​ក្រហែង រង​ទុក្ខ​គ្មាន​ទឹក​ប្រើប្រាស់ រីឯ​ម្ខាង​ទៀត គឺ​អ្នកទីក្រុង​ដែល​ប្រើប្រាស់​ទឹក​យ៉ាង​ខ្ជះខ្ជាយ​បំផុត​។​

​ទី​ពីរ​៖ បណ្តុះ​គំនិត​សន្សំសំចៃ មិន​ខ្ជះខ្ជាយ​។ វា​គួរតែ​ដល់ពេល​បណ្តុះ​គំនិត​ប្រជាជន​ឡើងវិញ អំពី​ការ​សន្សំសំចៃ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ក្នុងដំណាក់កាល​នៃ​ការជួយ​គ្នា​។ ឧបមា​ថា នៅក្នុង​រាជធានី​ភ្នំពេញ វា​មាន​ប្រជាជន​២​លាន​នាក់​ដែលមាន​ទឹក​ប្រើប្រាស់​ដោយ​សេរី និង​សម្បូរហូរហៀ​នោះ ហើយ​ពួកគេ​ម្នាក់ៗ​កាត់បន្ថយ​បរិមាណ​ទឹក​ងូត តែមួយ​លីត្រ ដែល​មួយ​លីត្រ​នេះ វា​មិន​ធ្វើ​ឲ្យ​ខុសគ្នា​ទាល់តែសោះ​ដល់​ការ​ងូតទឹក​របស់​ពួកគេ​នោះ នោះ​ក៏​បានន័យថា គេ​អាច​សន្សំសំចៃ​ទឹកបាន​២​លាន​លីត្រ​ដែរ​។ ដូច្នេះ​គេ​អាច​យក​២​លាន​លីត្រ​នេះ​ទៅ​ជួយ​អ្នក​ខ្វះ​ទឹក ឬ​យ៉ាងហោចណាស់​ក៏​គេ​អាចជួយ​ដល់​ការកាត់បន្ថយ​ការផលិត​ទឹក ដែល​ត្រូវ​ប្រើ​ថាមពល​ដ៏​ច្រើន​ផងដែរ​។​

​ទី​បី​៖ បង្រៀន​ទ្រឹស្តី​នៃ​ការចូលរួម​ការពារ​ប​រិ​ស្ថាន​។ វា​ក៏​ពេលដែល ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​យល់​ដឹងថា ទឹក​គឺជា​ប្រភពធនធាន​ធម្មជាតិ​ដែល​អាច​អស់​បាន ហើយ​ការប្រើប្រាស់​ថាមពល ឬ​ចរន្តអគ្គិសនី ដោយ​ខ្ជះខ្ជាយ វា​គឺជា​ការចូលរួម​បំផ្លាញ​បរិស្ថាន​ពិភពលោក​ទាំងមូល​។ តើ​មាន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​ដឹងថា ទឹក​គឺជា​ប្រាក់ ហើយ​បើ​ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ គឺជា​ការ​បោះចោល​ប្រាក់​ដោយ​ឥតប្រយោជន៍​នោះ​? តើ​ពលរដ្ឋ​ប៉ុន្មាន​នាក់​ដែល​ចាប់អារម្មណ៍​ដោយ​ប្រុងប្រយ័ត្ន​ថា ទឹកស្អាត​ដែល​គេ​ប្រើប្រាស់​សព្វថ្ងៃ​នៅក្នុង​ទីក្រុង គឺ​ផលិត​ដោយ​ការចំណាយ​ប្រាក់ ដើម្បី​ទិញ​ម៉ាស៊ីន​ផលិត​ធំៗ​ដែល​បង្ក​ផ្សែង​ពុល​ទៅក្នុង​បរិយាកាស​? ដូចគ្នា​ដែរ​ក្នុង​រឿង​ថាមពល​។ តើ​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​ដឹងថា អំពូល​ភ្លើង​មួយ​ដែល​គេ​បើក​បំភ្លឺ​ចោល បើទោះជា​គេ​អាច​បិទ​វា​បាន​ក៏ដោយ​នោះ គឺជា​បន្ទុក​មួយ​នៅក្នុង​ការផលិត​ថាមពល​របស់​ម៉ាស៊ីន​ធំ ដែល​ដំណើរការ​ដោយ​ការចំណាយ​ប្រាក់ ហើយ​ដែល​បង្ក​ជា​ផ្សែង​ពុល​ទៅក្នុង​បរិយាកាស​នោះ​?

​សរុបសេចក្តី​មកវិញ ពលរដ្ឋ​ខ្មែរ ដែល​មិនទាន់​ក្លាយជា​ប្រជាជន​«​អ្នកមាន​» គួរតែមាន​គំនិត​សន្សំសំចៃ ហើយ​រដ្ឋាភិបាល​ក៏​គួរតែ​ជា​អ្នកដឹកនាំ​អនុវត្ត​គំនិត​នេះ​ធ្វើជា​គំរូ​ដែរ​។ អ្នករស់នៅ​ក្នុង​រាជធានី ឬ​ក្នុង​ទីប្រជុំជន ក៏​ធ្លាប់​ជួប​ពិសោធន៍​នៃ​ការ​ដាច់​ចរន្តអគ្គិសនី និង​ដាច់ទឹក​ប្រើប្រាស់​ដែរ ក្នុងពេល​កន្លងមក​។ សូម​នឹកឃើញ​ឡើងវិញ​ថា ពេលនោះ​ម្នាក់ៗ​មានប្រតិកម្ម​បែបណាខ្លះ​? ចលាចល​ដូចម្តេចខ្លះ​?


Tag:
 រាំងស្ងួត​
  ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com