អន្តរជាតិ
រដ្ឋមន្ត្រី​សាសនា​ឥណ្ឌូណេស៊ី​៖ បុរស​ពុករលួយ ព្រោះ​ប្រពន្ធ​លោភលន់​ពេក​
01, May 2016 , 9:39 pm        
រូបភាព
​រដ្ឋមន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ម្នាក់ បាន​បន្ទោស​ស្ត្រី​ដែល​នាំ​ឲ្យ​មាន​អំពើពុករលួយ​ក្នុងប្រទេស ដោយ​និយាយថា បុរស​ប្រព្រឹត្ត​អំពើពុករលួយ ដោយសារតែ​ភាព​លោភលន់ និង​សម្ភារៈ​និយម​ពី​ធម្មជាតិ​របស់​ប្រពន្ធ​ពួកគេ​។​



​លោក Lukman Hakim Saifuddin រដ្ឋមន្ត្រី​កិច្ចសាសនា​ឥណ្ឌូណេស៊ី និយាយថា បុរស​ត្រូវ​រង​ទុក្ខ ដោយ​ត្រូវ​រកលុយ​ឲ្យ​បាន​ច្រើន ព្រោះ​ពួកគេ​មិនអាច​ចំណាយពេល​ច្រើន​ជាមួយ​គ្រួសារ​របស់​ពួកគេ ហើយ​វា​ក៏​នាំ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​អំពើពុករលួយ​។ លោក Lukman បាន​ផ្ញើ​សារ (​ទៅ​ស្ត្រី​ជា​ប្រពន្ធ​) ថា​៖ «​កុំ​ទាមទារ​លើសពី​អ្វីដែល​មិនចាំបាច់ ព្រោះនេះ​វិធី​ល្អ សម្រាប់​ជួយ​ប្ដី​»​។​

​រដ្ឋមន្ត្រី​រូបនេះ​បន្តថា បើទោះជា​អំពើពុករលួយ​បណ្ដាលមកពី​កត្តា​ផ្សេង​ក៏ដោយ តែ​ការទាមទារ​អត់​ប្រយោជន៍​ពី​បុរស ក៏​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​មាន​អំពើពុករលួយ​ផងដែរ ព្រោះ​ស្ត្រី​គិតថា នេះ​ជា​លុបលាង​កំហុស ដែល​ប្ដី​មិនសូវ​នៅផ្ទះ​។ ជាមួយនឹង​សកម្មភាព​បែបនេះ បុរស​ជា​ប្ដី នឹងធ្វើ​អ្វីដែល​ខុសច្បាប់​។

​សូម​រម្លឹកថា បើតាម​សារព័ត៌មាន​Asia Correspondent ដែល​ដកស្រង់​ប្រភពពី Coconut Jakarta ឲ្យ​ដឹងថា អតីតរដ្ឋមន្ត្រី​កិច្ចការ​សាសនា​លោក Suryadharma Ali ត្រូវបាន​កាត់ទោស​ជាប់គុក​៦​ឆ្នាំ ពីបទ​លួច​លុយរាប់​លាន​រូពី ពី​មូលនិធិ​Haj របស់​រដ្ឋ​។    

​ទាក់ទិន​នឹង​បញ្ហា​នេះដែរ បើ​យោងតាម​ស​ន្ទ​ស្សន៍​អំពើពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៥ ឥណ្ឌូណេស៊ី​មាន​ចំណាត់ថ្នាក់​៨៨ ខណៈដែល​ពីមុន​មាន​លេខ​រៀង​១០៧​។ យ៉ាងណាក្ដី សាធារណមតិ​ឥណ្ឌូណេស៊ី នៅតែ​គិតថា អំពើពុករលួយ​នៅតែមាន​កម្រិត​ដូច​មុន​ដដែល​។​

​គេ​មើលឃើញថា ការកើនឡើង​ចំណាត់ថ្នាក់​នេះ ក៏​ជា​ស្នាដៃ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ ដែលជា​អ្នកប្រឆាំង​អំពើពុករលួយ​។ នៅមុន​ការ​ឈ្នះឆ្នោត លោក​បាន​សន្យាថា នឹង​កម្ចាត់​អំពើពុករលួយ​ដែលមាន​ក្នុង​ស្ថាប័នរដ្ឋ និង​នៅ​គ្រប់​ទីកន្លែង ដែល​នេះ​បានធ្វើ​ឲ្យ​មាន​ប្រជាប្រិយ​ភាពខ្លាំង រហូតដល់​ក្លាយជា​ប្រធានាធិបតី​។    

​យ៉ាងណាមិញ អំពើពុករលួយ​ក៏​មិនទាន់​បោសសម្អាត​បាន​ទាំងអស់​ដែរ ព្រោះ​អំពើពុករលួយ​ជ្រៀតចូល​យ៉ាងជ្រៅ​ក្នុងសង្គម​ឥណ្ឌូណេស៊ី ជាពិសេស​ក្នុងចំណោម​មេដឹកនាំ​ធំៗ ដែលមាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ក្រុម​ពាណិជ្ជករ​៕    


Tag:
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com