ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប ពិចារណា​ថា ជួយ​ឬ​មិន​ជួយ​លោក នី ចរិយា​
02, May 2016 , 12:20 pm        
រូបភាព
លោក នី ចរិយា៖ រូបភាពពីហ្វេសប៊ុក របស់ ពេជ្រ កែវសំណាង
លោក នី ចរិយា៖ រូបភាពពីហ្វេសប៊ុក របស់ ពេជ្រ កែវសំណាង
 
​រហូតមកដល់​ពេលនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ឡើង ជុំវិញ​ករណី​លោក នី ចរិយា ដែលជា​អគ្គលេខាធិការរង​នៃ​ស្ថាប័ន​មួយ​នេះ​។ គ​.​ជ​.​ប គ្រាន់តែ​ចាត់តាំង​មន្ត្រី​មួយក្រុម​ប៉ុណ្ណោះ ដើម្បី​តាមដាន​ស្ថានការណ៍​និង​ព័ត៌មាន ដែល​តុលាការ កំពុងតែ​ចាត់ការ​មកលើ​មន្ត្រី​របស់ខ្លួន​។


​ដរាបណា តុលាការ​មិនទាន់​សម្រេច​ចោទប្រកាន់​មកលើ​លោក នី ចរិយា នោះ​ថ្នាក់ដឹកនាំ​នៃ​គ​.​ជ​.​ប នៅតែ​មិនទាន់​លូកដៃ​។ ខណៈពេល​នេះ គឺជា​ដែន​សមត្ថកិច្ច​របស់​តុលាការ ដែល​គ​.​ជ​.​ប មិនអាច​ជ្រៀតជ្រែក​បាន​នោះទេ​។ នេះ​ជាការ​អះអាង​របស់លោក ខន កែវ​មនោ អ្នកនាំពាក្យ​ស្តីទី​របស់​គ​.​ជ​.​ប ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី នៅ​ព្រឹក​នេះ​។​
 
«​ឥឡូវ​ហ្នឹង យើង​មិនទាន់​ដឹងថា​តុលាការ​ចោទប្រកាន់​គាត់ (​លោក នី ចរិយា​) ពីបទ​អ្វី​ទេ​។ អ៊ីចឹង​យើង​រង់​ចាំមើល​សេចក្តីសម្រេច​របស់​តុលារ​ជាមុនសិន ទើប​យើង​សម្រេច​ថា​ត្រូវធ្វើ​យ៉ាងម៉េច​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខន កែវ​មនោ​។​
 
​អ្នកនាំពាក្យ​ស្តីទី​រូបនេះ បាន​លើកឡើងថា គ​.​ជ​.​ប នឹង​ពិចារណា​ក្នុង​ការជួយ​និង​ធ្វើ​អន្តរាគមន៍​លើ​ករណី​លោក នី ចរិយា បន្ទាប់ពី​លោក ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ល្មើស​ណាមួយ​។ លោក​ពន្យល់ថា តាមផ្លូវ​ច្បាប់ តុលាការ ត្រូវ​ផ្តល់​សេចក្តីជូនដំណឹង​ទៅកាន់​គ​.​ជ​.​ប ក្នុង​រយៈពេល​៧២​ម៉ោង​យ៉ាងយូរ ក្រោយ​ចោទប្រកាន់​មកលើ​មន្ត្រី​គ​.​ជ​.​ប ពី​ទោសកំហុស​ណាមួយ​។​
 
​សូមបញ្ជាក់ថា លោក នី ចរិយា និង​មន្ត្រី​អាដហុក​៤​រូប​ទៀត រួមមាន លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុនី កំពុងតែ​ស្ថិតនៅក្រោម​ការសាកសួរ​របស់​តុលាការ​។ ពួកគេ​ទាំង​៥ ត្រូវបាន​តុលាការ សាកសួរ​ជុំវិញ​ករណី​អំពើពុករលួយ​ដូចគ្នា​។ 
 
​ការសាកសួរ​របស់​តុលាការ គឺ​ពឹង​ផ្អែកលើ​អង្គហេតុ ដែល​ទទួលបាន​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ចំណែកឯ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​យក​លិខិត​ចំនួន​៤​ទំព័រ របស់​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ដែល​បាន​បើ​ចំហ​កន្លងមក ធ្វើជា​មូលដ្ឋាន ក្នុងការ​ប្រមូល​ព័ត៌មាន ហើយ​បញ្ជូនទៅ​តុលាការ  ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
 

Tag:
 គ​.​ជ​.​ប​
  នី ចរិយា​
  តុលាការ​
  អាដហុក
© រក្សាសិទ្ធិដោយ thmeythmey.com