English-Français
ជាតិ
សង្គមជាតិ
កូន​ខ្មែរ​អាយុ​៨​ឆ្នាំ​«​បង្រៀន​ភាសា​អង់គ្លេស​»​គួរ​ឲ្យ​ចាប់អារម្មណ៍
01, Jun 2016 , 10:18 am        
រូបភាព
​ភ្នំពេញ​៖ ចេះ​ភាសា​អង់គ្លេស​មិនសូវ​ចម្លែក​មែន​នៅ​សម័យ​បច្ចុប្បន្ននេះ​។ ប៉ុន្តែ ក៏​មិន​មានន័យថា គ្រប់​មនុស្ស​ទាំងអស់​អា​ចចេះ​និយាយ និង​ប្រើប្រាស់​ភាសា​អង់គ្លេស​បានល្អ​ដែរ​។ កុមារី យិន សុ​វ​ណ្ណាវិណ ទើប​មាន​អាយុ​៨​ឆ្នាំ​នៅ​ឆ្នាំ​២០១៦​នេះ រៀន​ថ្នាក់​ទី​២​នៅ​សាលា​អន្តរជាតិ CIA អាច​និយាយ​ភាសា​អង់គ្លេស​បានល្អ​គួរសម​។ ចេះ​និ​យ​យា​ភាសា​អង់គ្លេស​មិន​ចម្លែក​មែន ពីព្រោះ កុមារី តូច​ច្រឡឹង​រូបនេះ រៀន​នៅ​សាលា​អន្តរជាតិ​ជា​ភាសា​អង់គ្លេស​។ តែ​អ្វីដែល​គួរ​ឲ្យ​កោតសរសើរ​នោះ គឺ​កុមារី​មាន​ទេពកោសល្យ​ផ្នែក​បង្រៀន​ដ៏​ប៉ិនប្រសព្វ ហើយ​កុមារី​រូបនេះ មាន​ឆន្ទៈ​ចង់​ក្លាយខ្លួនជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​ថ្ងៃ​អនាគត​។



«​តើ​ឯង​ចង់​ធ្វើ​អ្វី​នៅ​ថ្ងៃ​អនាគត​»​។ នេះ គឺជា​សំណួរ​របស់​អ្នកកាសែត​សួរ​ទៅកាន់​កុមារី​ជា​ភាសា​អង់គ្លេស​។ ឆ្លើយ​ជា​ភាសា​អង់គ្លេស​មកវិញ​ភ្លាម​ថា ខ្លួនគេ​ចង់​ក្លាយខ្លួន​ទៅជា​គ្រូបង្រៀន​ជា​ភាសា​អង់គ្លេស​នា​ថ្ងៃ​អនាគត​។ កុមារី​មិនបាន​ផ្តល់​ហេតុផល​ច្រើន​ទេ តែ​កុមារី​រូបនេះ បន្ត​ប្រាប់ទៀតថា ខ្លួនគេ​បាន​ថត​ការបង្រៀន​របស់គេ​ជា​ភាសា​អង់គ្លេស ហើយ​បង្ហោះ​នៅលើ YouTube​។ 
 
​ក្រោយពី​និយាយ​រួចហើយ កុមារី សុ​វ​ណ្ណាវិណ ទាញ​ទូ​សព្ទ​របស់គេ​ចេញមក ហើយ​វាយ​ចូល YouTube ដើម្បី​បង្ហាញ​វីដេអូ​ដែល​ខ្លួនគេ​ដើរតួ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​។ បន្ទាប់ពី​មើល​ហើយ គេ​អាច​សន្និដ្ឋានបានថា កុមារី​រូបនេះ ពិតជា មាន​ទេពកោសល្យ​បង្រៀន​ល្អ​មែន​។ ការបង្រៀន​នេះ គ្មាន​ការណែនាំ​ពី​នរណា​ឡើយ ពោល គឺ​កុមារី​នេះ មានបំណង​ចង់​ធ្វើ​ដោយ​ខ្លួនឯង​។ កុមារី បាន​ប្រាប់ថា ខ្លួនគេ​លួច​មើល​ការបង្រៀន​របស់​គ្រូ​នៅ​សាលា ហើយ​រូបគេ ក៏​ធ្វើ​ត្រាប់​តាម​តែម្តងទៅ​។ លោក យិន សុ​ប៊ុណ្ណា ដែល​ត្រូវជា​ឪពុក និង​ជា​សាស្ត្រាចារ្យ​ផង​នោះ បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កូនស្រី​របស់លោក​មាន​«​ដុង​»​បង្រៀន​ពី​កំណើត​មកម្ល៉េះ​។ លោក ប៊ុណ្ណា បាន​បន្តទៀតថា​៖«​វា​ចូលចិត្ត​បង្រៀន វា​ចង់តែ​បង្រៀន​។ វា​បង្រៀន​ប្អូន​វា​រាល់ថ្ងៃ​»​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សុ​វ​ណ្ណាវិណ ចូលចិត្ត​មើលសៀវភៅ និង​សរសេរ​អត្ថបទ​ផងដែរ​។ 
 
​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ សុ​វ​ណ្ណាវិណ ត្រូវបាន​ឪពុក​តម្រូវ​ឲ្យ​សរសេរ​អត្ថបទ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ចំនួន​៣០០​ពាក្យ​ក្នុង​អត្ថបទ​នីមួយៗ​។ នេះ គឺជា​របៀប​បង្ហាត់បង្រៀន​របស់លោក ប៊ុណ្ណា ទៅកាន់​កូន​ទាំងបី​របស់គាត់​។ លោក ប៊ុណ្ណា បាន​កោតសរសើរ​កូនស្រី​របស់លោក​ថា ពិន្ទុ​របស់ សុ​វ​ណ្ណាវិណ មិនដែល​តិចជាង​៩​ទេ ហើយ​កុមារី​រូបនេះ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ២ ឬ​លេខ​៣ ជា​រៀងរាល់ខែ​។ សុ​វ​ណ្ណាវិណ ពូកែ​ទាំង​ខ្មែរ និង​ភាសា​អង់គ្លេស​។ នៅ​ចុងខែ​ឧសភា​នេះ កុមារី សុ​វ​ណ្ណាវិណ នឹងចូលរួម​ការប្រឡង​ប្រជែង​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​បន្ថែមទៀត​។ 
 
​កុមារី សុ​វ​ណ្ណាវិណ គឺជា​កូនស្រី​ទី​២ របស់​អ្នកស្រី អ៊ឹង សុវណ្ណ​លី ជា​គ្រូបង្រៀន EM និង​លោក យិន សុ​ប៊ុណ្ណា ជា​គ្រូបង្រៀន​សាលា​គរុកោសល្យ​នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។ ទាំង​ឪពុក និង​ម្តាយ​មិនសូវ​ចេះ​ភាសា​អង់គ្លេស​ទេ តែ កុមារី សុ​វ​ណ្ណាវិណ ហាក់​មាន​ទេពកោសល្យ​ពិសេស​ចំពោះ​ភាសាបរទេស​មួយ​នេះ​៕ បញ្ជាក់​៖ You Tube នេះ​ថត​កាលពី​១​ឆ្នាំមុន​៕ 

Tag:
 សុ​វ​ណ្ណាវិណ
© រក្សាសិទ្ធិដោយ thmeythmey.com