English-Français
ជាតិ
សង្គមជាតិ
សត្វ​ឆ្កែ និង​ឆ្មា ត្រូវការ​ម៉ាស្សា សម្អាត​ត្រចៀក កាត់​ក្រចក​…​ដើម្បី​កម្ចាត់​ស្ត្រេ​ស​ចេញ​ដូច​មនុស្ស​ដែរ
22, May 2016 , 9:20 pm        
រូបភាព
​ភ្នំពេញ​៖ សេវាកម្ម​ថែទាំ​សត្វ​ឆ្កែ និង​ឆ្មា​មួយកន្លែង​ត្រូវបាន​បង្កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​ម្តុំ​ទួលគោក​រាជធានី​ភ្នំពេញ ដោយ​ជនជាតិ​ឥណ្ឌា​ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ​នៅក្នុង​ជំនួញ​នេះ​។ អ្នកស្រី Donabelle Zuzart, ជនជាតិ​ឥណ្ឌា​, ដែលមាន​ជំនាញ​ខាង​ថែទាំ​សត្វ​ឆ្កែ និង​ឆ្មា​តាំងពី​នៅ​តូច បានសម្រេច​ចិត្ត​បើក​ជំនួញ​ប្រភេទ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជា​ជំនួញ​មួយ​ដែល​ជនជាតិខ្មែរ​ភាគច្រើន​មិន​ហ៊ាន​បោះទុន​ទេ តែ​អ្នកស្រី​អាចធ្វើ​ឲ្យ​ជំនួញ​មួយ​នេះ​ឲ្យ​ដំណើរការ​ដោយ​ជោគជ័យ​គ្រាន់បើ​នៅពេលនេះ​។



សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​អង់គ្លេស​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី Donabelle Zuzart នាយក​គ្រប់គ្រង​សេវាកម្ម Pet Grooming Cambodia ដូចតទៅ​៖ 

 
​ក្នុង​មួយថ្ងៃៗ អ្នកស្រី Donabelle Zuzart អាច​ទទួលបាន​អតិថិជន​ដែលមាន​ឆ្កែ ឬ​ឆ្មា​ចំនួន​៤​នាក់​ជា​មធ្យម​ក្នុង​មួយថ្ងៃ​។ សេវា​ថែទាំ​អាចមាន​តម្លៃប្រែប្រួល​ពីក្រោម​១០​ដុល្លារ រហូតដល់​ជាង​៥០​ដុល្លារ​អាមេរិក​អាស្រ័យទៅលើ​តម្រូវការ​សេវាកម្ម​ពី​អតិថិជន​តិច​ឬក៏​ច្រើន មានន័យថា តើ​អតិថិជន​ត្រូវការ​តែ​ម៉ាស្សា​មួយ ឬ​ត្រូវការ​សេវា​ច្រើន​បន្ថែមទៀត ដូចជា កាត់​ក្រចក សម្អាត​ត្រចៀក ដុះធ្មេញ​។​ល​។ 
 
​វា​ជា​រឿង​ចម្លែក​បន្តិច​នៅ​កម្ពុជា​ដែល​ក្រុមហ៊ុន​មួយ​ផ្តល់​សេវាកម្ម កាត់​ក្រចក ដុះធ្មេញ ម៉ាស្សា ងូតទឹក ឲ្យ​សត្វ​ឆ្កែ ឬ​ឆ្មា​។ តែ​សម្រាប់​នៅ​បរទេស​វិញ នេះ គឺជា​ជំនួញ​មួយ​ដែល​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​គួរសម​។ 
 
​អ្នកស្រី Donabelle Zuzart មិនមែនជា​គ្រូពេទ្យ​សត្វ​ទេ​។ តែ​អ្នកស្រី គឺជា​អ្នកជំនាញ​ថែទាំ​សត្វ បង្រៀន​សត្វ​ឲ្យ​ចេះ​យោគយល់​គ្នា ឬ​រស់នៅ​ជាមួយគ្នា​បាន​។ ប្រសិនបើ​មាន​ឆ្កែ ឬ​ឆ្មា ឈឺ អ្នកស្រី​ត្រូវ​ណែនាំ​ម្ចាស់​ឲ្យ​បញ្ជូន​ទៅកាន់​គ្លីនិក​ជំនាញ​សត្វ​ដើម្បី​ព្យាបាល​។ 
 
​សត្វ ក៏​ដូច​មនុស្ស​ដែរ​។ មនុស្ស​កើត​ស្ត្រេ​ស សត្វ​ក៏មាន​ស្ត្រេ​ស​ដូច​មនុស្ស​ដែរ​។ អ្នកស្រី Donabelle Zuzart បាន​និយាយថា​៖«​ឆ្កែ​ត្រូវ​ការសម្អាត ត្រូវការ​ម៉ាស្សា ដូច​មនុស្ស​ដែរ​។ ពេល​សម្អាត ឬ​ម៉ាស្សា​រួចហើយ ពួកវា​មាន​អារម្មណ៍​សប្បាយ​ដូច​មនុស្ស​ដែរ​»​។ អ្នកស្រី​បាន​បន្តទៀតថា មនុស្ស​ពេល​មាន​អារម្មណ៍​មួរ​ម៉ៅ ឬ​ធុញទ្រាន់ ពួកគេ​ត្រូវការ​ម៉ាស្សា ចំណែកឯ​ឆ្កែ​វិញ ពួកវា​ក៏ត្រូវ​ការ​ម៉ាស្សា​ដែរ​។ 
 
​អ្នកស្រី Donabelle Zuzart កត់សម្គាល់ថា ពលរដ្ឋ​ខ្មែរ​មិនមែន​មិន​ខ្វល់​នឹង​ការថែទាំង​ឆ្កែ ឬ​ឆ្មា​ទេ​។ តែ​ពួកគេ​នៅ​ខ្វះ​ការយល់ដឹង​ក្នុង​រឿងនេះ​។ ចំពោះ​បញ្ហា​នេះ អ្នកស្រី​គ្រាន់តែ​ចង់​រម្លឹកថា សត្វ​ត្រូវការ​ដូច​មនុស្ស​ដែរ​។ សម្រាប់​អ្នកស្រី Donabelle Zuzart សត្វ​ឆ្កែ ជា​សត្វ​ដែលមាន​ភក្តីភាព​ចំពោះ​ម្ចាស់ និង​គោរព​ម្ចាស់​វា​ណាស់​៕ 
 


 

Tag:
 ថែរទាំសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com