កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ា​ណែ​ត នឹងចូលរួម​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​
24, May 2016 , 8:19 am        
រូបភាព
ដោយ:

 ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក នឹងចូលរួម​ប្រកួត​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​៦ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​។ ការរត់​ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធំៗ​ចំនួន​៣ ទី​១.​ដើម្បី​អបអរ​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម​សម្តេច​មហាក្សត្រី នរោត្តម មុន្នីនាថ​, ទី​២.​ដើម្បី​អបអរ​ខួប​លើក​ទី​១២២ នៃ​ថ្ងៃ​បង្កើត​របស់​អូឡាំពិក និង​ទី​៣.​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេ​ទ្រ​គន្ធបុប្ផា​។

 
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​ក្រុម​របស់លោក នឹងចូលរួម​រត់ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​ភ្នំពេញ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង អន្តរជាតិ​លើក​ទី​៦ ដែលជា​ទិវា​មហាជន ដើម្បី​មនុស្សធម៌ នា​ថ្ងៃទី​១២ ខែមិថុនា ខាងមុខនេះ​។ ហើយ​សម្រាប់​ការចូលរួម​នេះដែរ លោក ហ៊ុន  ម៉ា​ណែ​ត ក្រុម​របស់លោក​នឹង​ប្រកួត​ក្នុង​រយៈ​ចម្ងាយ ១០​គីឡូម៉ែត្រ​។​
 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុ​ជានា​ពិធី​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ NOCC កាលពី​ព្រឹក​មិញ​រៀបរាប់​ដូច្នេះ​ថា​៖«​ការរត់​របស់​យើង​ឆ្នាំនេះ​គឺមាន​ការចុះឈ្មោះ​រត់​ជា​ក្រុម​ច្រើន ប៉ុន្តែ​ក្រុម​មួយ​ដែល​ពិសេស​នោះ គឺ​ក្រុម​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដោយ​គាត់​នឹង​រត់ ១០​គីឡូម៉ែត្រ​។ ហើយ​នៅពេល​គាត់​រត់​១០​គីឡូម៉ែត្រ ដូច្នេះ​កូន​ទា​ហ៊ាន​របស់គាត់​ក៏​រត់​១០​គីឡូម៉ែត្រ​ដែរ​»​។ 
 
​ព្រឹត្តិការណ៍​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធំៗ​៣ គឹ​ដើម្បី​អបអរសាទរ​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម​ស​ម្តេ​មហាក្សត្រី រោ​ត្ត​ម មុន្នីនាថ និង​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១២២​នៃ​ថ្ងៃ​បង្កើត​អូឡាំពិក ព្រមទាំង​ដើម្បី​មនុស្សធម៌​ស្វែងរក​ថវិកា​ជួយ​មុន្នី​ពេ​ទ្រ​គុន្ធបុប្ផា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ព្រឹត្តិការណ៍​លក្ខណៈ​មហាជន​មួយ​នេះ​ធ្វើឡើង​ដើម្បី​ទីក្រុង​ស្អាត និង​ទីក្រុង​បៃតង​ថែម​ទៀតផង​។​
 
​លោក​អគ្គលេខាធិការ​រូបនេះ​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល់​ម៉ា​រ៉ា​តុង​អន្តរជាតិ នេះ មិនមែន​ធ្វើឡើង​ដើម្បី​ស្វែងរក​ប្រាក់កម្រៃ និង​ប្រាក់ចំណេញ​នោះទេ គឺ​ដើម្បី​មនុស្សធម៌ និង​សង្គម ពោលគឺ​ថវិកា​ដែល​នៅសល់​ពី​ការរៀបចំ​នឹង​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់​។ ហើយ​លោក​សង្ឃឹមថា ឆ្នាំនេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នឹង​ទទួលបាន​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ ដើម្បី​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ព្រោះ​ឆ្នាំមុន​ថវិកា​នៅសល់​៥​ពាន់​ដុល្លារ ហើយ​ថវិកា​នេះ​នឹង​ប្រគល់ជូន​ឆ្នាំនេះ​។ 
 
​លោក​បាន​បញ្ជាក់ទៀតថា សម្រាប់​កីឡាករ​កីឡាការិនី​ដែល​បាន​ចុះឈ្មោះ​រួច​ត្រូវ​ទៅយក​អាវ និង​លេខ​សំគាល់​នៅ​ថ្ងៃទី​៩ ដល់ទី​១១ ខែមិថុនា នៅមុខ​ព្រះបរមរាជវាំង ហើយ​កីឡាករ​កីឡាការិនី​ដែល​មិនទាន់បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​អាចមក​ចុះឈ្មោះ​ចុងក្រោយ​នៅមុខ​ព្រះបរមរាជវាំង ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១១ ខែ​មុ​ថុ​នា​៕  
 




Tag:
 ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​៦
 ​វ៉ា​ត់​ចំរើន​
 ​ហ៊ុន ម៉ា​ណែ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com