បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ការបរទេស​ថា ទំនាក់ទំនង​វៀតណាម​-​អាមេរិក មិន​ប៉ះពាល់​កម្ពុជា​ឡើយ​
24, May 2016 , 5:38 pm        
រូបភាព
 
​ភ្នំពេញ​៖ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​ប្រទេស​វៀតណាម​បង្ហាញ​ពី​ការវិវត្ត​យ៉ាង​រហ័ស​នៃ​ទំនាក់ទំនង​រវាង​អាមេរិក​និង​សត្រូវ​ចាស់​វៀតណាម​ទៅរក​ភាពល្អ​ប្រសើរឡើង​។ វា​មានការ​បារម្ភ​ផងដែរ ចំពោះ​ការលូតលាស់​រហ័ស​នៃ​ទំនាក់ទំនង​នេះ ជាពិសេស​ការលក់​អាវុធ​ឲ្យ​វៀតណាម​ដើម្បី​ពង្រឹង​សន្តិសុខ​ផ្ទាល់ខ្លួន​។ តែ​អ្នកវិភាគ​កម្ពុជា​មើលឃើញថា​ទំនាក់ទំនង​ល្អ​នេះ​មិនមែនជា​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ ហើយ​លោក​ពន្យល់ថា កម្ពុជា​ស្វាគមន៍​ចំពោះ​ទំនាក់ទំនង​ល្អ​រវាង​វៀតណាម​ជាមួយ​អាមេរិក​ព្រោះ​វា​នឹង​ផ្តល់​ប្រយោជន៍​រួម​សម្រាប់​តំបន់​ទាំងមូល​។​


​ខាងក្រោយ​នេះ​ជា​បទសម្ភាសន៍​រវាង​លោក សៅ ផល​និស្ស័យ និពន្ធ​នាយករង​ព័ត៌មាន​អន្តរជាតិ ជាមួយ​លោក គង់ ភោគ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​៖

​លោក សៅ ផល​និស្ស័យ​៖ ទស្សនកិច្ច​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា មកកាន់​ប្រទេស​វៀតណាម​បង្ហាញ​ច្បាស់​ពី​ការលូតលាស់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ តើ​លោក​យល់ឃើញ​បែប​ម៉េច​ដែរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​នេះ​? 

​លោក គង់ ភោគ​៖   ពាក់ព័ន្ធ​ដំណើរ​ទស្សន​កិច្ច​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា មកកាន់​ប្រទេស​វៀតណាម​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​អាមេរិក​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ដូច្នេះ​រាល់​ការ​សហប្រតិបត្តិការ​ណា​មួយ​ដែល​នាំ​ឲ្យ​មានការ​រីកចម្រើន ពង្រឹង​សន្តិសុខ និង​ពាណិជ្ជកម្ម ខ្ញុំ​គិតថា​វា​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​។  
 
​លោក សៅ ផល​និស្ស័យ​៖ សម្រាប់​លោក តើ​វា​គឺជា​រឿង​សាមញ្ញ​ទេ​ឬ នៅពេលដែល វៀតណាម​ដែលជា​មិត្ត​ជិតស្និទ្ធ​របស់​កម្ពុជា​ដែរនោះ កំពុង​តែមាន​ទំនាក់ទំនង​ល្អជា​មួយ​អាមេរិក ខណៈ​កម្ពុជា​ហាក់ដូច​ជាមាន​ទំនាក់ទំនង​មិនសូវ​ល្អ ជាមួយ​អាមេរិក វិញ​នោះ​? 
 
​លោក គង់ ភោគ​៖ ជាធម្មតា វា​ជា​ការគិត​ផលប្រយោជន៍​របស់​ប្រទេស​នីមួយៗ ក្នុងការ​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​ណាមួយ​ក្នុង​សកលលោក​យើង​។ ដូច្នេះ​វា​គ្មានអ្វី​ចម្លែក​ទេ ដែល​ប្រទេស​នីមួយៗ​មាន​សហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​។ កម្ពុជា​យើង​ក៏​ស្វាគមន៍​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ក្នុង​តំបន់​ជាមួយ​ប្រទេស​មហាអំណាច​ដែរ​។ ចំណែកឯ​ផលប៉ះពាល់ ខ្ញុំ​គិតថា វា​មិនមែនជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​នោះទេ​។  ហើយ​ម្យ៉ាង​ទំនាក់ទំនង​កម្ពុជា​ជាមួយ​អាមេរិក ថ្វី​ដ្បិត​ទំនាក់ទំនង​កម្ពុជា​ជាមួយ​មហាអំណាច​អាមេរិក​នេះ បច្ចុប្បន្ន​នៅមាន​ចំណុច​ប្លែក​គ្នាច្រើន​ក្តី  តែ​យើង​មាន​ចំណុចរួម​ច្រើន​ដែល​អាច​យកមក​ធ្វើជា​មូលដ្ឋាន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដែរ​។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​អាមេរិក​មាន​ទំហំ​ធំ​ណាស់ ប្រហែល​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ហើយ​អាមេរិក​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​កម្ពុជា​នាំ​ផលិតផល​ចូល​។ ដូច្នេះ​សម្រាប់​កម្ពុជា​ក្តី ប្រទេស​ក្នុង​តំបន់​ផ្សេងទៀត​ក្តី វា​ជាការ​ចាំបាច់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​ដូចជា​សហរដ្ឋអាមេរិក​ដោយ​ផ្តោតលើ​វិស័យសេដ្ឋកិច្ច បច្ចេកទេស និង​បច្ចេកវិទ្យា​ជាដើម​។​

​លោក សៅ ផល​និស្ស័យ​៖ ចុះ​ត្រលប់មក​មើល​រឿង​តំបន់​វិញ​ម្តង​។ នៅពេល​អាមេរិក​ដក​ទណ្ឌកម្ម​អាវុធ​ប្រឆាំង​វៀតណាម​ដោយ​ព្រម​លក់​អាវុធ​ឲ្យ​វៀតណាម​ពេញលេញ​វិញ តើ​លោក​គិតថា វា​នឹងមាន​ផលប៉ះពាល់​ដល់​សន្តិសុខ​តំបន់​ទេ នៅពេលដែល​វៀតណាម​កំពុងមាន​ជម្លោះ​ជាមួយ​ចិន​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ស្រាប់​?
 
​លោក គង់ ភោគ​៖  ការលើកលែង​ការហាមឃាត់​ការលក់​អាវុធ​នេះ​ចំពោះ​វៀតណាម ខ្ញុំ​គិតថា វា​ឆ្លុះបញ្ចាំង​ពី​គិតគូរ​ដល់​សុខទុក្ខ​និង​សន្តិសុខ​របស់​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ​។ យើង​មិនដឹងថា​ប្រទេស​គាត់ (​វៀតណាម​) ជួប​បញ្ហា​ប្រឈម​អ្វីខ្លះ​នោះទេ​។ ហើយ​រាល់​ការពង្រឹង​វិស័យ​យោធា​ដើម្បី​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ ជា​អ្វីដែល​យើង​ស្វាគមន៍​។ តែ​អ្វីដែល​យើង​ត្រូវ​លើកឡើង​គឺ​ការប្រណាំង​ប្រជែង​សព្វាវុធ​ដែល​អាច​គំរាមកំហែង​សន្តិសុខ ស្ថិរភាព និង​អាច​ឈានដល់​ការប៉ះទង្គិច​គ្នា​ផង​។ ប៉ុន្តែ​ខ្ញុំ​គិតថា រឿង​ប្រណាំងប្រជែង​សព្វាវុធ​មិនមែនជា​អ្វី​ប្រទេស​ពាក់ព័ន្ធ​ចង់បាន​ឡើយ​។ ប្រទេស​ក្នុង​តំបន់​រួមទាំង ប្រទេស​មហាអំណាច​ផង សុទ្ធតែ​ឲ្យ​តម្លៃ​លើ​សន្តិសុខ សន្តិភាព​ស្ថិរភាព ព្រោះ​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ 
 
​លោក សៅ ផល​និស្ស័យ​៖ ជា​សំណួរ​ចុងក្រោយ​របស់ខ្ញុំ​! តាម​ស្ថានភាព​ជាក់ស្តែង ភាគី​ទាំង​ពីរបាន​ឯក​ភា​គ្នា​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​ជាច្រើន​ទាំង​នយោបាយ សេដ្ឋកិច្ច សិទ្ធិមនុស្ស ជាដើម​។ តើ​លោក​មើលឃើញ​បែប​ម៉េច​ចំពោះ​ការពង្រឹង​ទំនុកចិត្ត​គ្នា​រវាង​ភាគី​ទាំងពីរ ឬ​វា​ល្អ​តែ​ខាងក្រៅ​ទេ ឯខាង​ក្នុង​ភាគី​នៅ​មិន​ទុកចិត្ត​គ្នា​ដដែល​ឬ​យ៉ាងណា​? 

​លោក គង់ ភោគ​៖ ជាទូទៅ ការពង្រឹង​ជំនឿ​ទុកចិត្ត ឬ​ការជឿជាក់​គ្នា​ទៅវិញទៅមក​នោះ​វា​ទាមទារ​ពេលវេលា​យូរអង្វែង មិនមែន​យើង​អាចធ្វើ​ក្នុង​រយៈពេល​ខ្លី​បានទេ​។ សូម្បីតែ​សម្ព័ន្ធមិត្ត​នោះ​ក៏​ត្រូវការ​ពេលវេលា​ដើម្បី​ពង្រឹង​លើក​ផ្នែក​នោះដែរ​។ តែ​ក្នុង​កម្រិត​រដ្ឋាភិបាល​និង​រដ្ឋាភិបាល វា​មិនមែនជា​រឿង​អ្វីដែល​ពិបាក​ទេ ព្រោះ​គាត់​អាច​គិតគូរ​អ្វីដែល​នាំមក​នូវ​ផលប្រយោជន៍​ជាតិ​។ ពាក់ព័ន្ធ​ការពង្រឹង​ជំនឿ​ទុកចិត្ត​នេះ វា​ត្រូវ​គិត​ទៅដល់​ថា​តើ​ពលរដ្ឋ​ទូទៅ​មាន​តួនាទី​យ៉ាងណា​ក្នុង​រឿងនេះ​ដែរ​។ គេ​មិនអាច​ចោល​ប្រវត្តិសាស្ត្រ​ទាំងស្រុង​បានទេ​។ ដូច្នេះ​វា​នៅតែ​ជា​ស្នាម​មួយ​ដែល​មិនអាច​លុបចោល​បាន​ដោយ​ងាយ ហើយ​វា​ត្រូវការ​ពេលវេលា​ដើម្បី​ព្យាបាល​របួស​ចាស់​នេះ​។ 
 
​ខ្ញុំ​សូម​លើកឡើង​ម្តងទៀត ពាក់ព័ន្ធ​មិត្ត​របស់​យើង​ក្នុង​តំបន់​ដែល​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មហាអំណាច​។ វា​ជា​រឿង​ប្រយោជន៍​រួម កាលណា​បើ​យើង​យក​វា​មកប្រើប្រាស់​ដើម្បី​ពង្រឹង​សន្តិសុខ និង​ពង្រីក​សេដ្ឋកិច្ច​ក្នុង​តំបន់​។ ខ្ញុំ​គិតថា មកដល់​ម៉ោង​នេះ​គ្រប់​ប្រទេស​ទាំងអស់​មើលឃើញ​ពី​សារសំខាន់​នៃ​តំបន់​យើង​ខ្លាំងណាស់ ហើយ​តួនាទី​របស់​ប្រទេសមួយៗ​ក្នុងការ​ចូលរួមចំណែក​ធ្វើ​យ៉ាង​ធ្វើ​ឲ្យ​តំបន់​អាស៊ាន​យើង​ក្លាយជា​តំបន់​គំរូ ដែល​អាច​ផ្តល់​ជា​វេទិកា​សម្រាប់​មហាអំណាច​អាច​អង្គុយ ជជែក​រក​ដំណោះស្រាយ ក៏ដូចជា​ផ្លាស់ប្តូរ​យោបល់​គ្នា និង​បញ្ចៀស​បញ្ហា​ចម្រូងចម្រាស​ដែល​ពួកគាត់​កំពុងមាន​។  ហើយ​ខ្ញុំ​សង្ឃឹមថា ការ​សហប្រតិបត្តិការ​នេះ​នឹង​កាន់​តែមាន​លក្ខណៈ​ទូលំទូលាយ ដែលមាន​ការចូលរួម​ច្រើន​។ នេះ​គឺជា​រឿង​មួយ​ល្អ​សម្រាប់​តំបន់​ទាំងមូល ហើយ​ប្រទេស​សមាជិក​ភាគច្រើន​ក្នុង​តំបន់​អាច​ទាញយក​ប្រយោជន៍​ច្រើន​ពី​ការរួមចំណែក​របស់​ស​ហ​រដ្ឋ​អាមេរិក​មក​ក្នុង​តំបន់​៕
 

Tag:
 អាមេរិក​
  វៀតណាម​
 ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com