អន្តរជាតិ
ក្រុម​ប្រទេស​៧ ឯកភាពគ្នា​បន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី តែ​រុស្ស៊ី​ថា​ខ្លួន​មិន​ខ្វល់​
28, May 2016 , 9:19 pm        
រូបភាព
​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស ៧ ព្រោះ​គ្មាន​វត្តមាន​រុស្ស៊ី ដែល​រៀបចំឡើង​នៅ​ជប៉ុន​នោះ  នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន បាន​អះអាងថា សមាជិក​ទាំងអស់​ឯក​ភាព​គ្នា​ថា​នឹង​បន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ចាប់ពី​ខែមិថុនា​ខាងមុខ​។ ការបន្ត​ទណ្ឌកម្ម​នេះ​គឺ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រុស្ស៊ី​អនុវត្តតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk ឆ្នាំ ២០១៥ ឲ្យ​បាន​ពេញលេញ​។​



​ថ្ងៃ​សុក្រ​ទី ២៧ ឧសភា ម្សិលមិញ ដែលជា​ថ្ងៃទី​២​នៃ​កិច្ចប្រជុំ​កំពូល​ប្រទេស ៧ នៅ​ប្រទេស​ជប៉ុន ប្រមុខ​រដ្ឋាភិបាល​អង់​គ្លេ​សលោក ដេវីដ ខេ​មេ​រ៉ូ​ន បានលើកឡើង​បណ្តា​សមាជិក​ក្រុម​ប្រទេស ៧ បាន​ឯកភាពគ្នា​រួចរាល់​ហើយ​ថា​នឹង​បន្ត​ទណ្ឌកម្ម​រុស្ស៊ី​ចាប់ពី​ខែមិថុនា​ខាងមុខ​។  ប៉ុន្តែ​រុស្ស៊ី​បាន​ឆ្លើយតប​វិញ​ថា ខ្លួន​មិន​ខ្វល់ខ្វាយ​ឡើយ ហើយក៏​គ្មាន​ចេតនា​ជជែក​ពិភាក្សា​ជាមួយ​លោកខាងលិច​ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ដែរ​។​

​ការបន្ត​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នេះ​ត្រូវបាន​បណ្តា​មេដឹកនាំ​ក្រុម​ប្រទេស ៧​នេះ​ពន្យល់ថា​ជាការ​ដាក់​គំនៀប​ឲ្យ​រុស្ស៊ី​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង Minsk ដែល​ចូល​ជា​ធរមាន​តាំងពី​ពាក់កណ្តាល​ខែកុម្ភៈ​ឆ្នាំមុន​ឲ្យ​បាន​ពេញលេញ​។

​លោក​ថា​៖« ក្រុម​ប្រទេស​៧​បាន​ឯកភាពគ្នា​និង​យល់​ពី​សារសំខាន់​នៃ​ការបន្ត​ទណ្ឌកម្ម​នៅក្នុង​ខែមិថុនា​។ អ៊ុយ​ក្រែ​ន​ជា​ជនរងគ្រោះ​នៃ​សកម្មភាព​ឈ្លានពាន​របស់​រុស្ស៊ី​។ យើង​មិនត្រូវ​បំភ្លេចចោល​ការពិត​ឡើយ​។ ហើយ​ក្រុម​ប្រទេស ៧ ក៏​ច្បាស់​ក្នុង​ចិត្ត​ហើយ​ថា​ទណ្ឌកម្ម​ត្រូវ​នៅ​រហូតដល់​កិច្ចព្រមព្រៀង Minsk ត្រូវបាន​គេ​អនុវត្ត​ពេញលេញ​។ ខ្ញុំ​គិតថា​វា​ជាការ​សម្រេចចិត្ត​ដ៏​សំខាន់បំផុត​មួយ​»​។​

​ក្រៅពីនេះ ក្រុម​ប្រទេស ៧​នេះ​នៅតែ​មានជំនឿថា ជម្លោះ​អ៊ុយ​ក្រែ​ន​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិវិធី ជាពិសេស​តាមផ្លូវ​ការទូត និង​មាន​ការគោរព​ច្បាប់​អន្តរជាតិ ជាពិសេស​គោរព​អធិបតេយ្យ បូរណភាព​ដែនដី​របស់​អ៊ុយ​ក្រែ​ន​ពេញលេញ​។ ហើយ​ក្រុម​ប្រទេស​ទាំងអស់នេះ​បន្ត​ដាក់​សម្ពាធ​លើ​រុស្ស៊ី ដើម្បី​ឲ្យ​រុស្ស៊ី​ដក​ដៃ​ចេញពី​ជម្លោះ​អ៊ុយ​ក្រែ​ន​និង​ប្រគល​ទឹកដី Crimea ត្រលប់​មកវិញ​ផងដែរ​។​

​យ៉ាងណាក៏ដោយ ភាគី​រុស្ស៊ី​បាន​អះអាងថា ខ្លួន​មិនបាន​គិតគូរ​ជជែក​ពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​លោកខាងលិច​ឡើយ​។ មួយថ្ងៃ​មុន​ការឯកភាព​គ្នា​បន្ត​ទណ្ឌ​ប្រឆាំង​រុស្ស៊ី រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ថ្លែងថា រដ្ឋាភិបាល​រុស្ស៊ី​មិនបាន​គិតថា​និង​មានបំណង​ជជែក​ជាមួយ​មិត្ត​នៅ​លោកខាងលិច​អំពី​លក្ខខណ្ឌ​នានា​ដែល​នាំ​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ឡើយ​។ នេះ​មានន័យថា រុស្ស៊ី​មិន​ខ្វល់ខ្វាយ​ពីអ្វី​ដែល​លោកខាងលិច​ទាំងនោះ​កំពុង​ធ្វើ​ឡើយ ទោះជា​ដក​ឬ​មិន​ដក​ក៏​រុស្ស៊ី​មិន​យកចិត្តទុកដាក់​ដែរ​។​

​ជារឿយៗ​ចាប់តាំងពី​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះ​ឡើយ រុស្ស៊ី​តែងតែ​ទាត់ចោល​ការចោទប្រកាន់​ថា​ខ្លួន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​និង​ដណ្តើមយក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​។ ហើយ​រុស្ស៊ី​ក៏​ព្រមាន​លោកខាងលិច​វិញ​ផងដែរ​អំពី​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ខ្លួន ដោយ​អះអាងថា ទណ្ឌកម្ម​នេះ​នឹង​មិនមាន​ប្រសិទ្ធភាព​ឡើយ ហើយ​វា​ផ្តល់​ផល​ផ្ទុយ​ពី​ការចង់បាន​ទៅវិញ​ដែរ​៕


Tag:
 ​រុស្ស៊ី​
  អង់គ្លេស​
  G7
© រក្សាសិទ្ធិដោយ thmeythmey.com