ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
កម្តៅ​នយោបាយ​រវាង CPP និង​CNRP ឡើង​ខ្លាំង តែ​នៅមាន​ច្រក​ស្រាយ​បាន​
30, May 2016 , 9:43 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បើទោះបីជា​កម្ដៅ​នយោបាយ​នៅ​កម្ពុជា​កំពុង​ឡើង​ខ្លាំង​ជា​បន្តបន្ទាប់​ស្ទើរតែ​ដល់​កំពូល​ទៅហើយ​ក៏ដោយ ក៏​នៅមាន​អ្នកវិភាគ​ខ្លះ បាន​អះអាងថា កម្ដៅ​នេះ​ពិតជា​អាចធ្វើឱ្យ​ត្រជាក់​ឡើងវិញ​ប្រសិនបើ​បក្ស​ទាំងពីរ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​រវាង​ខ្មែរ​នឹង​ខ្មែរ និង តម្កល់​សន្តិភាព សន្តិសុខ ការអភិវឌ្ឍ ផលប្រយោជន៍​ជាតិ និង សុខដុម​នីយកម្ម​ជាធំ​។



​ជា​ការណ៍​ពិតណាស់ តាំងពី​ក្រោយ​ការបោះឆ្នោត​សាកល​ឆ្នាំ​២០១៣ មក កម្ដៅ​នយោបាយ​បាន​ឡើង​ចុះៗ​ជា​បន្តបន្ទាប់ ពេលខ្លះ​ធូរស្រាល ពេលខ្លះ​តឹងតែង ដែល​ធ្វើឱ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុ​ជាមាន​សភាព​ស្មុគស្មាញ​។ ផ្ដើមចេញ​ពីនេះ ជំរុញ​ឱ្យ​CPP​និង​CNRP បាន​រិះរក​មធ្យោបាយ​នានា ដើម្បី​ដោះស្រាយ​ជា​បន្តបន្ទាប់ ដូចជា ការបង្កើត​កិច្ចព្រមព្រៀង​នយោបាយ​និង​វប្បធម៌​សន្ទនា ការបង្កើត​តំណាង​ក្រុម​សម្លេង​ភាគច្រើន​និង​តំណាង​ក្រុម​សំឡេង​ភាគតិច​ក្នុង​រដ្ឋសភា និង ការបង្កើត​គណៈកម្មកា​រ​បច្ចេកទេស​រវាង​បក្ស​ទាំងពីរ​ដើម្បី​ជជែក​លម្អិត​អំពី​បញ្ហា​នានា ដែល​បក្ស​ទាំង​ពីរបាន​ឯកភាព​ជាគោលការណ៍​ជាដើម​។

​បើ​យោងទៅតាម​យន្តការ​ដែលមាន​ស្រាប់​ទាំងនេះ និង រចនា​សម្ពន្ធ​នានា​របស់​រដ្ឋ គេ​អាច​សន្និដ្ឋានបានថា CPP​និង​CNRP​ដែលជា​គណបក្សនយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា ពិតជា​អាច​យកមកប្រើ​ប្រាស់​បាន​ក្នុងការ​បំពេញការងារ​នយោបាយ​បាយ ការងារ​ដឹកនាំ​ប្រទេស និង ដំណោះស្រាយ​ជម្លោះ​នយោបាយ​ដែល​កើតឡើង​ជាយថាហេតុ​រវាង​បក្ស​ទាំងពីរ​។ ប៉ុន្តែ ជា​អកុសល ភាព​តានតឹង​ខាង​នយោបាយ​រវាង​បក្ស​ទាំងពីរ​នៅតែ​មិនអាច​ដោះស្រាយបាន​ចប់សព្វគ្រប់ និង ផ្ទុយទៅវិញ វា​បាននិងកំពុង​បន្ត​ឡើងក​ម្ដៅ​ជានិច្ច​គួរឱ្យ​ព្រួយបារម្ភ​។​

​សភាព​ប​បែបនេះ ត្រូវបាន​គេ​លើកឡើងថា អាច​បណ្ដាលមកពី​គណបក្ស​ទាំងពីរ​មិនទាន់មាន​ភាពស្មោះត្រង់​ជាមួយគ្នា​ក្នុងការ​បំពេញភារកិច្ច ការប្រកួតប្រជែង​យក​ប្រជាប្រិយភាព ក៏ដូចជា ការដោះស្រាយ​បញ្ហានយោបាយ​, ឥរិយាបថ​និង​វោហា​សាស្ត្រ​នយោបាយ​ដែល​បក្ស​ទាំងពីរ ឬ សកម្មជន​របស់ខ្លួន​បាន​ប្រើ​ក្នុង​អន្តរ​កម្ម​នយោបាយ ឬ សារ​នយោបាយ ភាគច្រើន​ឃ្លាត​ចាក​សីលធម៌ គុណធម៌ និង ច្បាប់​រដ្ឋ​។ ក្នុង​ករណីខ្លះ ដំណោះស្រាយ​នយោបាយ​, ឥរិយាបថ​និង​វោហា​សាស្ត្រ​នយោបាយ ឬ សារ​នយោបាយ មាន​លក្ខណៈ​គ្រោតគ្រាត មិន​សម​ហេតុផល ខ្វះ​សមភាព​និង​យុត្តិធម៌​, ប្រើ​សម្ដី​ញុះញង់ អំពើហិង្សា និង ប្រើ​អំណាច​រដ្ឋ​មិន​ត្រឹមត្រូវ​តាម​នី​តី​វិធី​ច្បាប់ ជាដើម​។​

​លក្ខណៈ​បែបនេះហើយ ដែល​ធ្វើឱ្យ​ការប៉ះទង្គិច​ខាង​នយោបាយ​រវាង​បក្ស​ទាំងពីរ​មិន​គ្រាន់តែ​មិនទាន់​អាច​ដោះស្រាយបាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​បាន​ឡើង​កម្ដៅ​ស្ទើរតែ​ក្លាយទៅជា​អគ្គិភ័យ​ទៅហើយ​។ ជាក់ស្ដែង ក្នុងដំណាក់កាល​ចុងក្រោយ​នេះ បក្ស​កាន់អំណាច បាន​ប្រើប្រាស់​ស្ថាន​ប័ន​របស់​រដ្ឋ វិធានការ​ច្បាប់ និង កម្លាំង​សមត្ថកិច្ច ដើម្បី​ឃាត់ខ្លួន ឬ ផ្តន្ទាទោស ថ្នាក់ដឹកនាំ​និង​សកម្មជន​សំខាន់ៗ​របស់​បក្សប្រឆាំង មន្ត្រី​សង្គម​ស៊ី​វល និង អ្នកវិភាគ​នយោបាយ ពីបទ​បរិហាកេរ្តិ៍ ញុះញង់​ធ្វើ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ពុករលួយ សញ្ចារកម្ម និង ការប្រព្រឹត្តិ​បទល្មើស​ជាក់ស្ដែង ជាដើម​។​

​ឯ​បក្សប្រឆាំង​វិញ ក៏បាន​អះអាងថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល ឬ បក្ស​កាន់អំណាច មកលើ​ថ្នាក់ដឹកនាំ​គណបក្ស តំណាងរាស្ត្រ និង សកម្មជន​របស់ខ្លួន រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល​ផង គឺធ្វើឡើង​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ វា​ជា​ទង្វើ​បំបិទមាត់​បក្សប្រឆាំង​និង​សង្គម​ស៊ីវិល និង ជាការ​ធ្វើឱ្យ​ចុះខ្សោយ ឬ បំបែក​កម្លាំង​ប្រឆាំង ដើម្បី​ស្ដារ​ប្រជាប្រិយភាព​របស់ខ្លួន​ក្នុងការ​បោះឆ្នោត​ឃុំ​/​សង្កាត់​ក្នុង​ឆ្នាំ​២០១៧ និង ការបោះឆ្នោត​សាកល​ក្នុង​ឆ្នាំ​២០១៨ ។

​ជាការ​ឆ្លើយតប បក្សប្រឆាំង​បាន​អះអាងថា បក្ស​កាន់អំណាច ឬ រដ្ឋាភិបាល​បាន​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​អភ័យឯកសិទ្ធិសភា និង ចាត់វិធានការ​មកលើ​សមាជិក​របស់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។ ចុងក្រោយ​បក្ស​នេះ បានដាក់​សំណើ​ទៅ​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សុំឱ្យ​មានការ​ប្រជុំ​បន្ទាន់​រវាង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស ក្នុង​បំណង​ពិនិត្យ​សុពលភាព​និង​ការអនុវត្ត​កិច្ច​ព្រៀង​នេះ ក្នុងដំណាក់កាល​ដែល​ខ្លួន​យល់ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន មាន​ភាព​អាប់អួរ​ស្ទើរតែ​ទាល់ច្រក​ទៅហើយ​។ លើសពីនេះ​ទៀត ក្នុងពេលដែល​អាជ្ញាធរ ព្យាម​យាម​នាំខ្លួន​លោក កឹម សុខា ទាំង​នៅមាន​អភ័យឯកសិទ្ធិសភា ទៅ​តុលាការ បក្ស​នេះ​បាន​កោះប្រជុំ​បន្ទាន់​មួយ​និង​សម្រេច​ថា ខ្លួន​នឹងធ្វើ​បាតុកម្មអហិង្សា​ប្រឆាំងនឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល ប្រសិនបើ​មានការ​ចាប់ខ្លួន​របស់​លោក កឹម សុខា មែន​។

​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​គេ​នៅ​មើលឃើញថា បក្ស​ទាំងពីរ​នៅមាន​លទ្ធភាព​ដែល​អាច​ដោះស្រាយ​បញ្ហានយោបាយ​រវាង​ខ្មែរ​នឹង​ខ្មែរ​បាន​ដោយ​មិនចាំបាច់​មាន​អន្តរាគមន៍​ពី​បរទេស ប្រសិនបើ ពួកគេ​មាន​ឆន្ទៈ​ពិតប្រាកដ​ចង់​បញ្ចប់​ជម្លោះ​។ អ្វីដែល​គេ​សង្កេតឃើញ​នោះ គឺថា បើទោះបីជា​បក្ស​ទាំងពីរ​កំពុង​ប្រឈម​មុ​ដាក់គ្នា​ក៏ដោយ ក៏​បក្ស​ទាំងពីរ បាន​ព្រលយ​ពាក្យ​ថា «​ខ្លួន​នៅ​រក្សា ឬ បើកចំហ​ទ្វារ​នៃ​វប្បធម៌​សន្ទនា​» និង បើ​យោងទៅតាម​បទពិសោធ​នៃ​ការដោះស្រាយ​ជម្លោះ​រវាង​អ្នកនយោបាយ​ខ្មែរ​ក្នុងដំណាក់កាល​មុនៗ ដូចជា សម័យ​សង្គ្រាមស៊ីវិល និង ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ ជាដើម សភា​ការ​នយោបាយ​បច្ចុប្បន្ន មិនទាន់​ខ្លាំង​ដល់​កំពូល​នៅឡើយ​ទេ​។ ហេតុនេះ ជម្លោះ​ខាង​នយោបាយ​ដែល​កំពុង​កើតឡើង​បច្ចុប្បន្ននេះ អាច​នឹង​ដោះស្រាយបាន នៅពេលដែល​អុក​នយោបាយ​របស់​បក្ស​ទាំងពីរ​អស់​ក្រឡា​ដើរ​រៀងៗ​ខ្លួន និង នៅពេល​ពេលដែល​ពួកគេ​ងាក​មករក​វប្បធម៌​សន្ទនា និង តម្កល់​សន្តិភាព សន្តិសុខ ការអភិវឌ្ឍ ផលប្រយោជន៍​ជាតិ និង សុខដុម​នីយកម្ម​ជាធំ​៕                         


Tag:
 CPP​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com