ពីនេះ ពីនោះ
ព្រឹត្តិការណ៍​នយោបាយ​ឡើងក​ម្ដៅ​ខ្លាំង​មុន​ដំណាក់កាល​ទី​១ នៃ​ការបោះឆ្នោត
31, May 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ស្ថានភាព​នយោបាយ មាន​កម្ដៅ​ឡើងវិញ​ជា​បន្តបន្ទាប់ ពី​ព្រឹត្តិការណ៍​មួយ​ទៅ​ព្រឹត្តិការណ៍​មួយ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ពី​បុគ្គល​ធម្មតា​ទៅ​បុគ្គល​សំខាន់​ក្នុង​នយោបាយ​។ កម្ដៅ​នយោបាយ​កើនឡើង​មិនមែនជា​រឿង​ដែល​ចម្លែក ប៉ុន្តែ​អ្វីដែល​ចម្លែក​គឺ​ព្រឹត្តិការណ៍​ទាំងនោះ​វា​តែងតែ​កើតមាន​នៅពេល​សង្គម​ត្រូវការ​កែប្រែ​អ្វីមួយ​។



​ព្រឹត្តិការណ៍​នយោបាយ​ឡើងក​ម្ដៅ​លើក​នេះ គឺជា​កម្ដៅ​នយោបាយ មួយ​ដែល​កំពុង ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង ទាក់ទង​ជាមួយ​ដំណាក់កាល​ទាំងបី​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ឆ្នាំ​២០១៧ ២០១៨ ខាងមុខ​។ បី​ដំណាក់កាល​នៃ​ការបោះឆ្នោត​នោះ​រួមមាន (១)​មុន​ថ្ងៃ​បោះឆ្នោត (២)​ថ្ងៃ​បោះឆ្នោត និង​(៣)​ក្រោយ​ថ្ងៃ​បោះឆ្នោត​។​

​យ៉ាងណាមិញ កម្ដៅ​នយោបាយ​បច្ចុប្បន្ននេះ វា​ពិតជា​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការបោះឆ្នោត​ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ ប្រសិនបើ​ព្រឹត្តិការណ៍​នយោបាយ​បច្ចុប្បន្ននេះ​វា​មិនបាន​បញ្ចប់​ក្នុងពេល​ឆាប់ៗ និង​ប្រកបដោយ​ភាពត្រឹមត្រូវ យុត្ដិធម៌ ដែល​នាំទៅរក​ការប្រកួតប្រជែង​ស្មើភាព​គ្នា ក្នុង​វិថី​នយោបាយ​សម្រាប់​ការបោះឆ្នោត ជាតិ​ខាងមុខនេះ​។​

​ហេតុដូច្នេះ ការវាយតម្លៃ​ទៅលើ​ដំណាក់កាល​ទាំងបី ជា​កិច្ច​ការដែល​ចាំបាច់​បំផុត​សម្រាប់​ការបោះឆ្នោត និង​ទទួលយក​លទ្ធផល​ឆ្នោត​។   ជាពិសេស​គឺ​ដំណាក់កាល​ទីមួយ​នៃ​ការបោះឆ្នោត​។  ក្នុងដំណាក់កាល​នេះ ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម ការចូលរួម​ដោយ​ស្មើភាព និង​សិទ្ធិសេរីភាព​ពេញលេញ​ផ្នែក​នយោបាយ យុត្តិធម៌​ពិត​គ្មាន​ល្បិច​កិច្ចកល​នោះ​គឺជា​ក្ដីសង្ឃឹម​នៃ​ភាពត្រឹមត្រូវ​។ ចំណែក ស្ថាប័ន​នានា ត្រូវ​ផ្ដល់​ជំនឿ និង ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ដើម្បី​ឈានឆ្ពោះ​ទៅរក​ការបោះឆ្នោត​មួយ ដែលមាន​លក្ខណៈ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​អាច​ទទួល​យកបាន​។​

​ប៉ុន្តែ ក្នុងករណី​ដែល​កម្ដៅ​នយោបាយ​នៅតែមាន​បែបនេះ ការ​ស្រមៃ​មើល​ពី​ភាពយុត្តិធម៌​នៃ​ការបោះឆ្នោត វា​ហាក់បីដូចជា​នៅ​ឆ្ងាយ​ពី​ក្ដីសង្ឃឹម​របស់​ប្រជាជន​គ្រប់ៗ​រូប​។ ដោយ​មូល​ហេតុនេះ ក្នុងនាម​ជា​អ្នកនយោបាយ​ខ្មែរ គួរ​សម្លឹង និង​ពិចារណា​ឲ្យ​កាន់តែខ្លាំង​ពីអ្វី​ទៅ ដែល​ហៅថា សន្តិវិធី អហិង្សា មិន​គុំកួន មិន​សងសឹក ដោយ​គ្មាន​មូលហេតុ​។  ប៉ុន្តែ​ត្រូវ ត្រូវធ្វើ​យ៉ាងណា​ឲ្យ ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដើរទៅ​យ៉ាង​វិជ្ជមាន​និង​សន្តិភាព​។

​គេ​មិនអាច​បដិសេធ​ទេ​ថា នយោបាយ វា​ត្រូវតែមាន​ល្បិច មាន​យុទ្ធសាស្ត្រ មាន​ឧបាយកល ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទទួលបាន​អំណាច​។ ប៉ុន្តែ​ស្របពេល​ជាមួយ​យុទ្ធវិធី​ទាំងនោះ គេ​ក៏ត្រូវ​ចាំ​ទ្រឹស្ដី​មួយ​ថា​«​ទីណា​មានការ​ជិះជាន់ ទីនោះ​មាន​ការរើបម្រាស់​»​។ ហេតុនេះ យុទ្ធវិធី​ខ្លះ​នឹង​នាំ​ឲ្យ​កំហឹង​រាស្ត្រ​កាន់តែខ្លាំង ពេលនោះ​ក្ដីបារម្ភ​ជាតិ​ក៏​កាន់តែខ្លាំង​ជាង​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com